ព័ត៌មាន​លម្អិត​ជុំវិញ​ ករណី​ចូល​បាញ់​សម្លាប់​​ជនរងគ្រោះ​យ៉ាង​សាហាវ ​ខណៈ​​​​​កំពុង​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ

ព័ត៌មាន​លម្អិត​ជុំវិញ​ ករណី​ចូល​បាញ់​សម្លាប់​​ជនរងគ្រោះ​យ៉ាង​សាហាវ ​ខណៈ​​​​​កំពុង​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ



ពោធិ៍សាត់ ​៖ ​​ឃាតក​កាន់​កាំភ្លើង​ចូល​បាញ់​​​បុរស​ម្នាក់​ ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ​ក្បែរ​ប្រពន្ធ ​យ៉ាង​សាហាវ​​ បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម ​រួច​​​គេចខ្លួន​បាត់ស្រមោល​ ហើយ​​ករណី​នេះ​សង្ស័យ​​ ​រឿង​គំនុំ​​ ចោទ​បុរស​រងគ្រោះ​ថា​ ចេះ​មន្តអាគម​អំពើ​អាបធ្មប់។

អំពើ​ឃាតកម្ម​ចូល​បាញ់​សម្លាប់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​០៤ ខែ​កក្កដា​ ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​គង់​ ឃុំ​អន្លង់​វិល ​ស្រុក​កណ្ដៀង​ ខេត្ត​ពោធិ៍សាត់។

លោក​ហង្ស កៅ​លី មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​កណ្ដៀង​បាន​ចុះ​ដល់​ទីតាំង​កន្លែង​កើតហេតុ​ភ្លាមៗ​និយាយ​ថា​​ សមត្ថកិច្ច​យើង​គ្រានតែ​ធ្វើ​ការ​យក​ខ្សែ​ហ៊ុមព័ទ្ធ​រក្សាទុក​ការពារ​ទីតាំង​កើតហេតុ​សិន​ ព្រោះ​អី​យប់​ហើយ ពិបាក​ពិនិត្យ​ និង​ចាប់​យក​វត្ថុ​តាង​មក​ស្រាវជ្រាវ ដោយ​គ្រាន់តែ​ដឹង​ថា​ បុរស​នេះ​ត្រូវ​បាន​ឃាតក​បាញ់​បី​គ្រាប់​ស្លាប់​​ ​ខណៈ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​ក្នុង​ផ្ទះ​បាយ​ជាមួយ​ប្រពន្ធ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៦ ​លោក ហង កៅ​លី​​ ​ក៏​បាន​បន្ត​ថា ​៖​ ជនរងគ្រោះ​ ដែល​ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​បាញ់សម្លាប់​នោះ​ ឈ្មោះ ឈឹម​យិន អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​កើតហេតុ​ខាង​លើ ​ដោយ​បុរស​រូប​នេះ​ ​​ពិការ​ភ្នែក​ខាងស្ដាំ។

ប្រពន្ធ​​ជនរងគ្រោះ​ឈ្មោះ​ប៊ុត សារុន អាយុ​៣៦​ឆ្នាំ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​​ថា ​នៅ​មុន​ពេល​កើតហេតុ​​ ស្រប​ពេល​ដែល​គ្រួសារ​នាង​ហូបបាយ​ជុំ​គ្នា​​​រួច ​ម្ដាយក្មេក​និង​ចៅ​ៗ​គាត់​ ដែល​ជា​កូន​នាង​បាន​នាំ​គ្នា​ឡើង​ទៅ​លើ​ផ្ទះ​​​អស់​ទៅ។ ដោយឡែក​រូប​នាង ​និង​ប្ដី​នៅ​ក្នុង​ផ្ទះបាយ ​អង្គុយ​មើល​ទូរទស្សន៍​ក្បែរ​គ្នា​បែរ​មុខ​ទៅ​ទិសខាងកើត​ ដោយ​នាង​អង្គុយ​ផ្នែក​ខាងឆ្វេង​ដៃ​ប្ដី​នាង។ លុះ​នៅ​​ម៉ោង​​ប្រមាណ​ជា​៨​និង​៣០​នាទី​យប់​​​កើតហេតុ​ នាង​បាន​ឮ​សំឡេង​​​ផេះ​ៗ​បី​ដង ​ហើយ​​ថ្លង់​នឹង​សំឡេង​ទូរទស្សន៍​ផង ស្មានថា​ទូរស័ព្ទ​ប្ដី​ផ្ទះ ក៏​ឃើញ​ប្ដី​នាង​ដួល​ស្លាប់​ក្នុង​ថ្លុក​ឈាម​ទៅ​នឹង​គ្រែ​ដេក។ ភ្លាម​នោះ ​នាង​ក៏​ស្រែកហៅ​គេ​ឲ្យ​មក​ជួយ ​ទើប​ដឹង​ថា​ប្ដី​នាង​ស្លាប់​ដោយ​គេ​លួច​បាញ់សម្លាប់ ដោយ​ជន​មិន​ស្គាល់​មុខ​នោះ​បាន​គេ​ខ្លួន​បាត់​ទើប​មានការ​ភ្ញាក់ផ្អើល។

លោក​ហង្ស កៅ​លី​​ បាន​បញ្ជាក់​ទៀត​​​ថា ​​៖ ក្រុម​នគរបាល​បច្ចេកទេស​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ខេត្ត​ និង​វេជ្ជបណ្ឌិត​គ្រូពេទ្យ​ជាមួយ​មន្ត្រី​មូលដ្ឋាន​ និង​អាជ្ញាធរ បាន​ធ្វើការ​ពិនិត្យ​លើ​សាកសព ​និង​ចាប់​យក​វត្ថុ​តាង​ឃើញ​ថា ជនរងគ្រោះ​ត្រូវ​បាន​ឃាតក​បាញ់​​ដោយ​កាំភ្លើង​​អាកា​​ ​ចំ​បី​គ្រាប់ ​ដោយ​ត្រូវរបួស​ចំ​ភ្លៅ​ខាងស្ដាំ​​​មួយ​គ្រាប់ ​ក្រោម​ដោះ​ខាងស្ដាំ​មួយ​គ្រាប់​ និង​នៅ​លើ​ដោះ​ខាងស្ដាំ​មួយ​គ្រាប់​ ​​ធ្លាយ​ទៅ​ស្លាប​ប្រជៀវ​ឆ្វេង​​មួយ​គ្រាប់​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ។

ការ​បាញ់​ប្រហារ​នេះ​ សមត្ថកិច្ច​យើង​សន្និដ្ឋាន​ថា ​ឃាតក​បាន​កាន់​កាំភ្លើង​ដើរ​មកពី​ថ្នល់​ (ព្រោះ​ជាប់​នឹង​ថ្នល់) សសៀរ​តាម​ជញ្ជាំង​ផ្ទះបាយ​ ដែល​ជនរងគ្រោះ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ ពេល​ឃាតក​ឃើញ​ជនរងគ្រោះ​ច្បាស់​ហើយ ក៏បាន​យក​កាណុង​កាំ​​ភ្លើង​ផ្ទប់​ពីក្រោយ​ នឹង​ជញ្ជាំង​ស្លឹក​ត្នោត​ផ្ទះ​បាយ​​​ឆៀង​ខាងឆ្វេង​ រួច​​បាញ់​បេះ​យក​តែ​ជនរងគ្រោះ​នោះ​ បណ្ដាល​ឲ្យ​ស្លាប់។ ក្រោយ​មក​ឃាតក​នេះ​បាន​រត់ឡើង​មក​លើ​ថ្នល់​វិញ រួច​រត់​ទៅ​​ទិស​ខាងត្បូង​ចម្ងាយ​ប្រហែល​៥០​​ម៉ែត្រ​ពី​ផ្ទះ​ដែល​អ្នកភូមិ​ទីនោះ​ប្រាប់​ថា មាន​ម៉ូតូ​បញ្ឆេះ​ចាំ​ជាស្រេច​ ក៏​បើក​ទៅ​ទិស​ខាងត្បូង​នោះ​ប្រប​តាម​មាត់​ស្ទឹង​ពោធិ៍សាត់​ត្រើយ​ខាងកើត​ឡើង​ទៅ​ខាងលើ​បាត់​តែម្ដង។

ជាមួយគ្នា​នោះដែរ មន្ត្រី​ជំនាញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​៖ តាម​ការ​ស្រាវជ្រាវ​ពី​ជនរងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ គឺជា​រឿង​គំនុំ ដោយ​ចោទប្រកាន់​ទៅលើ​បុរស​នេះ​ ចេះ​មន្ត​អាគម​អំពើ​អាបធ្មប់ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ក្នុង​ភូមិ​ជា​បន្តបន្ទាប់។

សហការី​កម្ពុ​ជា​ថ្មី​ប្រចាំ​ខេត្ត​ពោធិ៍សាត់​បាន​សួរ​នាំ​ពី​ករណី​នេះ​ទៅ​លោក ស្រី ជំនិត នាយ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ផ្ទាល់​ ដោយ​លោក​បាន​ឲ្យ​ដឹង​ថា​ ៖ កន្លង​មក​នេះ​លោក​ក៏​​បាន​ទទួល​ព័ត៌មាន​ពី​ការចោទប្រកាន់​អំពើ​អាបធ្មប់​ដល់​ជនរងគ្រោះ​នេះ​ដែរ​ពី​អ្នកភូមិ​ ហើយ​លោក​និង​អាជ្ញាធរ​ជាមួយ​ក្រុមការងារ ក៏​បាន​​បើក​វេទិកា​សាធារណៈ ពី​មតិ​ប្រជាពលរដ្ឋ​លើកឡើង​ផង​ដែរ ក្នុង​នោះ​ក៏បាន​ហៅ​ឈ្មោះ ឈឹម យិន ជា​ជនរងគ្រោះ​ ដែល​គេ​ចោទប្រកាន់​នោះ​មក​ចូលរួម​វេទិកា​នេះ​ថែមទៀត។ ពេល​នោះ​​​ ​ជនរងគ្រោះ​​​បាន​ប្រកែក​ និង​ឡើង​ស្បថ​ចំពោះ​អ្នកភូមិ​ថា​ខ្លួន​មិន​ចេះ​ និង​ពាក់ព័ន្ធ ប៉ះពាល់​ដល់​អ្នក​ស្លាប់​ក្នុង​ភូមិ​កន្លងមក​ឡើយ។ លុះ​ដល់​​​​​ថ្ងៃ​កើតហេតុ​ខាង​លើ​ ​ក៏​មាន​ករណី​នេះ​កើត​ឡើង​តែម្ដង។ ទោះ​​យ៉ាង​ណា​សមត្ថកិច្ច​យើង​កំពុង​បន្ត​សកម្មភាព​ស្រាវជ្រាវ​វែកមុខ​ជន​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​នេះ​យក​មក​កាត់ទោស​តាម​ច្បាប់៕

ព័ត៌មាន​លម្អិត​ជុំវិញ​ ករណី​ចូល​បាញ់​សម្លាប់​​ជនរងគ្រោះ​យ៉ាង​សាហាវ ​ខណៈ​​​​​កំពុង​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ

ព័ត៌មាន​លម្អិត​ជុំវិញ​ ករណី​ចូល​បាញ់​សម្លាប់​​ជនរងគ្រោះ​យ៉ាង​សាហាវ ​ខណៈ​​​​​កំពុង​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ

ព័ត៌មាន​លម្អិត​ជុំវិញ​ ករណី​ចូល​បាញ់​សម្លាប់​​ជនរងគ្រោះ​យ៉ាង​សាហាវ ​ខណៈ​​​​​កំពុង​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ

ព័ត៌មាន​លម្អិត​ជុំវិញ​ ករណី​ចូល​បាញ់​សម្លាប់​​ជនរងគ្រោះ​យ៉ាង​សាហាវ ​ខណៈ​​​​​កំពុង​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ