មាន់​ថៃ​ឆ្លងដែន​នៅ​ពេល​យប់​បាន​យ៉ាង​រលូន​តាម​ច្រក​ព្រះពុទ្ធ

មាន់​ថៃ​ឆ្លងដែន​នៅ​ពេល​យប់​បាន​យ៉ាង​រលូន​តាម​ច្រក​ព្រះពុទ្ធ



បាត់ដំបង ៖ ច្រក​បឹង​ឆ្នាំង ឬ ច្រក​ព្រះពុទ្ធ គឺជា​ច្រក​របៀង​មួយ​ដែល​ស្ថិត​ក្នុង ឃុំ​បឹងរាំង​ ស្រុកកំរៀង ខេត្ត​បាត់ដំបង ហើយក៏​ជា​ច្រក​មួយ​សំបូរ​ដោយ​ការនាំចេញ​នូវ​ប្រភេទ​មាន់​ថៃ​មិន​ប្រក្រតី​ចេញពី​ទឹកដី​ថៃ​ឆ្លងដែន ចូល​មក​កម្ពុជា​ផង​ដែរ ដែល​ក្នុង​នោះ​ទំនង​ជា​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​មេ​ឈ្មួញ​ធំៗ​ដែល​មាន​កៅអី ឬក៏​ ខ្នងបង្អែក​យ៉ាង​រឹងមាំ​ជាមួយនឹង​ក្រុម​ជំនាញ​ផង​ដែរ ទើប​ពួកគេ​អាច​នាំ​សត្វ​មាន់​នេះ​ចូល​មក​ក្នុង​ទឹកដី​ស្រុក​កំរៀង​ក្នុង​ពេល​រាត្រី​បាន​យ៉ាង​រលូន​បែបនេះ។

យោង​តាម​ប្រភព​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​ បាន​លួច​ខ្សឹប​កម្ពុ​ជាថ្មី​ថា ជាទូទៅ​រថយន្ត​ដែល​ដឹក​សត្វ​មាន់​ថៃ​ឆ្លងដែន​ចូលមក​កម្ពុជា គឺ​ភាគច្រើន​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​សុទ្ធតែ​ប្រភេទ​រថយន្ត​យី​ឌុប ​ដើម្បី​ដឹកជញ្ជូន​ឲ្យបាន​ច្រើន​ក្នុង​មួយ​ជើងៗ ហើយ​ស្ទើរតែ​ មួយ​រយ​ភាគរយ​ដែល​រថយន្ត​ទាំងអស់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ល​ង​ដែន​ក្នុង​ពេលយប់ ដោយ​កម្រ​មាន​ឆ្លងដែន​នៅពេល​ថ្ងៃ​ណាស់ ដែល​ទាំងអស់​នេះ​ហើយ​ជា​ប្រភព​នៃ​ភាពមិនប្រក្រតី។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា តាមពិត​ក្រុម​ឈ្មួញ​ទាំងនេះ​សុទ្ធតែ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ចុះ​ហេតុអ្វី​បានជា​គេ​លួច​ចេញ​មាន់​នៅ​ពេលយប់​តាម​ច្រក​របៀង​ទៅវិញ ? ហេតុអ្វី​បានជា​ពួកគេ​មិន​ព្រម​ធ្វើដំណើរ​តាម​ច្រក​អន្តរជាតិ​ដូង ? ធាតុ​ពិត​វា​គឺជា​ការបន្លំ​ភ្នែក​មួយ​ពី​សំណាក់​ក្រុម​ឈ្មួញ​ទាំងនេះ​ដើម្បី​កេង​យក​ផល​ចំណេញ ព្រោះ​វា​អាច​លើសពី​ចំនួន​ដែល​បាន​កំណត់​ក្នុង​ច្បាប់​អនុញ្ញាត ទើប​បាន​ជា​គេ​ធ្វើបែបនេះ។

ប្រភព​ច្បាស់​ការណ៍​ទាំងនេះ​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​មួយ​ខែៗ​រថយន្ត​ប្រភេទ​យី​ឌុប​ដែល​បាន​ដឹកជញ្ជូន​មាន​ថៃ​ចូល​មក​កម្ពុជា គឺ​ប្រមាណ​ជិត​មួយ​រយ​គ្រឿង ដើម្បី​យក​មក​ចែកចាយ​នៅ​ក្នុង​ខេត្ត​ផង និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​នៅ​ក្បែរ​ខាង​ផង​ដែរ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ដែល​បាន​កំណត់ ហើយ​ម្យ៉ាងទៀត​មេ​ឈ្មួញ​ធំ​ៗ​គឺ​សុទ្ធសឹងតែ​ជា​មន្ត្រីរាជការ​ដែល​មាន​នាទី​ជា​អភិបាលរង​ខេត្ត​ក៏​មាន​ដែរ ដោយ​គ្រាន់តែ​មិន​ហ៊ាន​ឈរ​ឈ្មោះ​តែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត ថ្មីៗ​នេះ​គេ​សង្កេត​ឃើញ​ថា ​មាន​បុគ្គល​ម្នាក់​ដែល​មាន​ការងារ​ជា​មន្ត្រីរាជការ​ឲ្យ​នៅ​ក្នុង​ខេត្ត​បាត់ដំបង បាន​រត់​ឆ្លេឆ្លា និង​ឆ្កាង​ដៃ​ឆ្កាង​ជើង​សុំ​កុំ​ឲ្យ​អ្នកសារព័ត៌មាន​ធ្វើការ​វាយប្រហារ​ទៅលើ​ច្រក​មួយ​នេះ ដោយសារតែ​រូបគេ​ក៏​មាន​ចំណែក​ភាគហ៊ុន​នៅ​ក្នុង​ការ​ដឹកជញ្ជូន​មាន​ថៃ​ចូល​មក​កម្ពុជា មួយ​ចំណែក​ដែរ ដែល​ធ្វើ​ឲ្យ​បាត់បង់​អស់​នូវ​សេចក្តី​ថ្លៃថ្នូរ និង​កិត្តិយស​ជា​មន្ត្រីរាជការ។

ដោយឡែក​ប្រភព​មួយ​ផ្សេងទៀត​ដែល​រស់​នៅ​ក្នុង​ខេត្ត​ក៏បាន​អះអាង​ថា មាន់​ថៃ​ទាំងនេះ​គឺ​គេ​អាច​យក​មក​បន្លំ​ភ្នែក ដោយ​ធ្វើការ​ដឹកជញ្ជូន​ចូល​ទៅ​តាម កសិដ្ឋាន​ចិញ្ចឹម​មាន់​ រួច​ទើប​គេ​ចាប់​ដឹក​ចេញ​ទៅ​តាម​ស្តង់​នានា​ដើម្បី​ឲ្យ​គេ​ដឹង​ថា ​គឺជា​មាន់​ដែល​គេ​បាន​ចិញ្ចឹម​នៅក្នុង​ស្រុក។

បើ​យ៉ាង​ដូច្នេះ​មែន ថវិកាជាតិ​ប្រាកដជា​ធ្លាក់​ចុះ​មួយ​ផ្នែក ដោយសារតែ​ការ​លែង​ល្បែង​ឆ្ពិន​ភ្នែក របស់​បណ្តា​ក្រុម​ឈ្មួញ​ទាំងនេះ​ជាក់​ជាមិនខាន៕

មាន់​ថៃ​ឆ្លងដែន​នៅ​ពេល​យប់​បាន​យ៉ាង​រលូន​តាម​ច្រក​ព្រះពុទ្ធ មាន់​ថៃ​ឆ្លងដែន​នៅ​ពេល​យប់​បាន​យ៉ាង​រលូន​តាម​ច្រក​ព្រះពុទ្ធ