រន្ធត់ ! សិស្ស​ស្រី​វ័យក្មេង​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តកំពង់ចាម ៖ សិស្ស​ស្រី​វ័យក្មេង​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ផ្លូវជាតិ​លេខ​៧១ ស្ថិត​ក្នុងភូមិ​ស្វាយ​ទាប ឃុំ​ស្វាយ​ទាប ស្រុក​ចម្ការលើ កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​តាក់ស៊ី ។

នគរបាល​ស្រុក​ចំការលើ​បាន​ឲ្យ​ដឹង​ថា យុវ​សិស្ស​រង​គ្រោះ​ឈ្មោះ គង់ ស្រី​លី​ន អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ មាន​ទីលំនៅ​ភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ចំណែក​រថយន្ត​តាក់ស៊ី​បង្ក​ម៉ាក​សាំង​យ៉ុ​ង​ចំណុះ​១២​កៅអី ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-4463 អ្នកបើកបរ​បាន​ស្គាល់ឈ្មោះ​ឡើយ ដោយ​គ្រាន់តែ​ដឹង​ថា​ជា​អ្នកស៊ីឈ្នួល​បើក​តាក់ស៊ី បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ។

នគរបាល​ស្រុក​ចំការលើ​បញ្ជាក់​ថា ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់ ចំណែក​យុវ​សិស្ស​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់​ទៀត ទើប​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​ទាន់​អាច​ដឹង​មូលហេតុ​ច្បាស់​នៅឡើយ គ្រាន់តែ​ដឹង​ថា រថយន្ត​និង​ម៉ូតូ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​រថយន្ត​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​នៅ​លើ​ចំណែក​ផ្លូវ​របស់​ម៉ូតូ​ប៉ុណ្ណោះ ៕