អនាគត​អាជីវកម្ម​ខុន​ដូ​ពឹងផ្អែក​ទៅ​លើ​ជនបរទេស និង​មនុស្ស​ជំនាន់​ថ្មី

នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សំណង់​ខុន​ដូ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​។ នេះ​ជា​អ្វីមួយ​ដែល​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា ដែល​មិន​ទាន់​មាន​ទម្លាប់​រស់នៅ​តាម​សំណង់ខុន​ដូ​នៅឡើយ​ទេ​។ សំនួរ​ក៏​កើតឡើង​ថា តើ​អាច​នឹង​មាន​វិបត្តិ​ខុន​ដូ​ដែរ​ឬទេ?

នៅ​ប្រទេស​ជឿនលឿន​ជាង​កម្ពុជា និង​នៅ​ក្បែរ​កម្ពុជា ដូច​ជា​ប្រទេស​ថៃ​ជាដើម ប្រជាជន​ជា​ច្រើន​បាន​រស់នៅ​តាម​ខុន​ដូ​។ ហេតុផល​ជា​ច្រើន​ដែល​នាំ​ដល់​ការ​រស់នៅ​តាម​ខុន​ដូ​ ដូច​ជា​តម្លៃ​ដី​នៅ​ទីក្រុង​ថ្លៃ​ខ្លាំង ហើយ​ខុន​ដូ​នីមួយ​ៗ​ផ្តល់​នូវ​សេវាកម្ម​ជា​ច្រើន​ដែល​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដូច​ជា​កន្លែង​ហាត់ប្រាណ ការ​យាមកាម​សន្តិសុខ និង​សេវាកម្ម​ចាំបាច់​ផ្សេង​ៗ​ទៀត​ជាដើម​។

នៅ​ក្នុង​ប្រទេស​ដែល​ជឿនលឿន​ជាង​កម្ពុជា ប្រជាជន​មាន​លទ្ធភាព​នឹង​ទិញ ឬ​ជួល​ខុន​ដូ​ហើយ​បង់លុយ​សេវាកម្ម​ប្រចាំខែ​នៅ​តាមខុន​ដូ​​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ នៅ​ប្រទេស​កម្ពុជា​វា​ប្រហែលជា​ត្រូវការ​ពេលវេលា​វែង​ឆ្ងាយ​ជាង​នេះ មុន​ពេល​ដែល​ខុន​ដូ​​បាន​ក្លាយជា​ជម្រើស​សម្រាប់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។ កត្តា​ជា​ច្រើន​នៅ​ពីក្រោយ​បញ្ហា​នេះ​។ កត្តា​ទាំងនោះ​រួម​មាន ប្រជាជន​មិន​ទាន់​មាន​ទម្លាប់​រស់​តាម​ខុន​ដូ​តម្លៃ​សេវា​ប្រចាំខែ​ថ្លៃ ប្រាក់​ចំណូល​ទាប និង​ទម្លាប់​រស់នៅ​ជា​គ្រួសារ ជាមួយ​ឪពុក​ម្តាយ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ អនាគតកាល​នឹង​ធ្វើ​អោយ​មានការ​ប្រែប្រួល​។ មនុស្ស​ជំនាន់​ថ្មី​កាន់តែ​ចាប់​យក​ជីវិត​រស់នៅ​យ៉ាង​ស៊ី​វី​ល័យ​។ ពួក​គេ​អាច​នឹង​រក​ចំណូល​បាន​កាន់តែ​ច្រើន​ជាង​មុន​។ តម្លៃ​ផ្ទះ និង​ដីធ្លី​នៅ​ទីក្រុង​នឹង​កាន់តែ​ឡើងថ្លៃ​ហួស​ពី​សមត្ថភាព​របស់​មនុស្ស​ភាគច្រើន​។ ចំណែក​ទម្លាប់​រស់នៅ​ជាមួយនឹង​ឪពុក​ម្តាយ​ប្រហែលជា​នឹង​កែប្រែ​ទៅ​តាម​ពេលវេលា​។

ដូច្នេះ នៅ​ពេល​ដែល​សង្គម​មានការ​ប្រែប្រួល​តាម​ផ្លូវ​នេះ ខុន​ដូ​នឹង​កាន់តែ​ពេញ​និយម​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ​នៅ​ពេល​បច្ចុប្បន្ន​នេះ សំណង់​ខុន​ដូ​មិនមែន​ជា​ជម្រើស​របស់​ប្រជាជន​ខ្មែរ​ភាគច្រើន​ឡើយ​។ វា​ជា​ជម្រើស​សម្រាប់​ជនបរទេស​ដែល​ធ្វើការ ឬ​រស់នៅ​កម្ពុជា​ច្រើន​ជាង​៕