ក្រុមU16កម្ពុជា និងក្រុមមីយ៉ាន់ម៉ា សាកជើងគ្នាថ្ងៃនេះ ដើម្បីត្រៀមការប្រកួតធំ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ(U16) នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមU16ជម្រើសជាតិមីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៧ ថ្ងៃពុធនេះ ដើម្បីដកស្រងបច្ចេកទេសគ្នា មុនពេលក្រុមទាំង២ ត្រូវចូលរួមការប្រកួតផ្លូវការ AFF U16 Championship 2016 ចុងសប្តាហ៍នេះ។

mm1

ក្នុងសន្និសីទកាសែត ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញ ទាំងលោក INOUE KAZUNORI គ្រូបង្វឹកក្រុមU16កម្ពុជា និងលោក Nyi Nyi Latt គ្រូបង្វឹកក្រុមU16មីយ៉ាន់ម៉ា សុទ្ធតែចាត់ទុកជំនួបមិត្តភាពនេះ ជាការប្រកួតដកស្រងបច្ចេកទេសយ៉ាងសំខាន់ ដើម្បីបន្ថែមនូវបច្ចេកទេសថ្មីៗដល់កូនក្រុមរបស់ខ្លួន មួយកម្រិតទៀត។

mm2

លោក Nyi Nyi Latt បានថ្លែងថា៖«នេះជាការប្រកួតដកស្រងបច្ចេកទេសដ៏សំខាន់បំផុត ដើម្បីយើងបានបទពិសោធថ្មីៗបន្ថែមទៀត ព្រោះការត្រៀមខ្លួនរបស់យើងមានពេលខ្លីគឺត្រឹមតែ១ខែកន្លះប៉ុណ្ណោះ ហេតុនេះខ្ញុំសង្ឃឹមថា កូនក្រុមរបស់ខ្ញុំ និងយកចិត្តទុកដាក់ និងបង្ហាញទម្រង់លេងឲ្យបានល្អ តាមអ្វីដែលយើងអាចធ្វើទៅបាន»។

mm4

ប៉ុន្តែ សម្រាប់ការជួបគ្នា ក្នុងវគ្គជម្រុះតាមពូលB នៃការប្រកួត AFF U16 Championship 2015 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែរនោះ ក្រុមU16កម្ពុជា បានចាញ់ក្រុមU16មីយ៉ាន់ម៉ា ៣-០ ដែលធ្វើឲ្យកម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះតាមពូល ខណៈក្រុមមីយ៉ាន់ម៉ា បានទទួលចំណាត់ថ្នាក់លេខ២ ក្រោយចាញ់ក្រុមU16ថៃ ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ។

យ៉ាងណាក៏ដោយ លោក INOUE KAZUNORI បានថ្លែងថា៖«ក្រុមកម្ពុជា នៅពេលនេះមានការរីកចម្រើនជាងមុន ព្រោះពួកគេបានប្រឹងហ្វឹកហាត់ខ្លាំងជាមួយខ្ញុំ បន្ទាប់ពីក្រុមយើងបានទៅប្រកួត និងហាត់នៅវៀតណាម និងថៃនោះ គឺអាចនិយាយបានថា ខ្ញុំបានបង្កើតក្រុមថ្មីមួយដែលមានសមត្ថភាពខ្លាំង»។

ប៉ុន្តែនៅពេលសួរបញ្ជាក់ថា តើក្រុមកម្ពុជា អាចយកឈ្នះលើក្រុមមីយ៉ាន់ម៉ា បានឬក៏អត់នោះ គ្រូបង្វឹកមកពីជប៉ុន លោក INOUE KAZUNORI៖«មុនការប្រកួតចាប់ផ្តើម យើងមិនអាចនិយាយពីលទ្ធផលនោះទេ ប៉ុន្តែយើងនឹងព្យាយាមលេងមិនឲ្យចាញ់នោះទេ ព្រោះនេះជាការប្រកួតមិត្តភាពដកស្រងបច្ចេកទេសដ៏សំខាន់បំផុត ដើម្បីឈានទៅប្រកួតធំក្នុងព្រឹត្តិការណ៍ AFF U16 Championship»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតមិត្តភាពរវាងក្រុមU16កម្ពុជា និងU16មីយ៉ាន់ម៉ា ដែលមានការលក់សំបុត្រ ១សន្លឹកតម្លៃ១ម៉ឺនរៀល សម្រាប់កន្លែងមានដំបូល និង៥ពាន់រៀល សម្រាប់កន្លែងអត់មានដំបូល មួយនេះ គឺជាការប្រកួតដកស្រងបច្ចេកទេស សម្រាប់ត្រៀមការប្រកួត AFF U16 Championship 2016 ដែលនឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី២៣ ខែកក្កដានោះ នៅពហុកីឡដ្ឋានជាតិនេះដែរ ដោយក្នុងនោះ កម្ពុជា បានឈរនៅពូលB ជាមួយថៃ ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ ខណៈក្រុមមីយ៉ាន់ម៉ា ឈរនៅពូលAជាមួយអូស្រ្តាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី៕