ក្លិប Valencia ចុះហត្ថលេខាជាមួយ ខ្សែបម្រើស្លាបអន្តរជាតិព័រទុយហ្គាល់ Nani

ខ្សែបម្រើស្លាបអន្តរជាតិព័រទុយហ្គាល់ Nani បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយដើម្បីចូលរួមជាមួយនឹងក្លិប Valencia របស់ក្របខ័ណ្ឌ La Liga ពីក្លិប Fenerbahce ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបអេស្ប៉ាញមួយនេះ កាលពីថ្ងៃអង្គារ។

ft-img-template

កីឡាករវ័យ២៩ឆ្នាំរូបនេះ បានចាកចេញពីក្លិប Manchester United កាលពីឆ្នាំ២០១៥ ដើម្បីផ្ទេរទៅកាន់ក្លិបរបស់តួកគី ក្រោយពីបានចំណាយពេលខ្ចីជើងនៅឯអតីតក្លិបរបស់គេ Sporting Lisbon។ អំឡុងពេលការចំណាយពេលដ៏ជោគជ័យរយៈពេល៧ឆ្នាំនៅឯកីឡដ្ឋាន Old Trafford កីឡាករ Nani បានឈ្នះពានក្របខ័ណ្ឌ Premier League ចំនួន៤លើកពាន ពាន League Cup មួយលើក ពាន Champions League មួយលើក និងពាន FIFA Club World Cup មួយលើក។

សេចក្តីថ្លែងការណ៍មួយពីក្លិប Valencia បានសរសេរថា៖ «Valencia Club de Futbol បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិព័រទុយហ្គាល់ Luis Carlos Almeida ឬ Nani ដើម្បីអនុញ្ញាតឲ្យកីឡាកររូបនេះចូលរួមជាមួយនឹងក្លិបសម្រាប់បីរដូវកាលខាងមុខ»។ Valencia បានឲ្យដឹងបន្ថែមទៀតថា៖ «រូបគេបច្ចុប្បន្នកំពុងតែស្ថិតក្នុងប្រទេសបារាំង ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលនឹងលេងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិវេលស៍ ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃពុធនេះ។

រូបគេបានបង្ហាញខ្លួនឲ្យប្រទេសរបស់គេចំនួន១០១លើក ដោយបានរកគ្រាប់បាល់បញ្ចូលទី២០គ្រាប់ ក្នុងនោះពីរគ្រាប់កើតឡើងក្នុងយុទ្ធនាការនៅពេលនេះ»។ ការផ្ទេរនេះ ត្រូវបានគេរាយការណ៍ថា មានតម្លៃខ្លួនប្រមាណជា៨,៥លានអឺរ៉ូ (ស្មើនឹង៩,៤លានដុល្លារអាមេរិក)៕

ប្រភពព័ត៌មាន៖ Channel News Asia