លោក Martino លាលែងពីតំណែងក្នុងនាមជាគ្រូបង្វឹកអាហ្សង់ទីន

លោក Gerardo Martino គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ដើម្បីនាំឲ្យមានភាពកាន់តែជ្រួលច្របល់ក្នុងក្រុមមួយនេះ ក្នុងរយៈពេលត្រឹមតែមួយខែ នៅមុនពេលព្រឹត្តិការណ៍អូឡាំពិក ក្រោយពីតារាឆ្នើមរបស់ពួកគេ Lionel Messi ក៏បានប្រកាសចូលនិវត្តន៍ ដែរនោះ។

Gerardo-Martino-ft16

ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន លោក Gerardo Martino បានឲ្យដឹងថា រូបលោក និងក្រុមបុគ្គលិករបស់លោក ចាកចេញដោយសារតែជម្លោះផ្នែកគ្រប់គ្រងក្នុងសហព័ន្ធនេះ និងការជួបការលំបាកក្នុងការប្រមូលផ្តុំកីឡាករឲ្យទាន់ពេលវេលាសម្រាប់យុទ្ធនាការអូឡាំពិក។

ការលាលែងពីតំណែងដ៏ខកចិត្តនេះ បានកើតឡើងតិចជាងរយៈពេល២សប្តាហ៍ ក្រោយពី Messi បាននិយាយថារូបគេនឹងចាកចេញពីក្រុមជម្រើសជាតិ បន្ទាប់ពីក្រុមរបស់ខ្លួនរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិស៊ីលី ក្នុងការប្រកួត Copa America Centenario ដែលនាំឲ្យមានការតវ៉ាយ៉ាងខ្លាំងពីសំណាក់ះអ្នកគាំទ្រដែលចង់ឲ្យរូបគេបន្តលេងឲ្យក្រុមជម្រើសជាតិ។

វិបត្តិក្នុងក្រុមជម្រើសជាតិបាននាំឲ្យមានភាពរង្គោះរង្គើដល់ថ្នាក់ដឹកនាំក្នុងសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន ដែលត្រូវបានគេស្តីបន្ទោសទៅលើកម្ទេចរចនាសម្ព័ន្ធរបស់សហព័ន្ធ។ ការសម្រេចចិត្តរបស់លោក Martino បានកើតឡើងដោយសារតែការមិនអាចបង្ហាញពីភាពច្បាស់លាស់ក្នុងប្រកាសឈ្មោះមេដឹកនាំថ្មីសម្រាប់សហព័ន្ធ និងការជួបបញ្ហាលំបាកដ៏ធ្ងន់ធ្ងរក្នុងការបង្កើតក្រុមដើម្បីធ្វើជាតំណាងឲ្យប្រទេសនេះក្នុងព្រឹត្តិការណ៍អូឡាំពិកខាងមុខនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia