សាលាឧទ្ធរណ៍​ កាត់ទោស​ក្រុម​លោក មា​ជ សុវណ្ណារ៉ា​ នា​ព្រឹក​ថ្ងៃ​ទី​០៦​កក្កដា

សាលាឧទ្ធរណ៍​ កាត់ទោស​ក្រុម​លោក មា​ជ សុវណ្ណារ៉ា​ នា​ព្រឹក​ថ្ងៃ​ទី​០៦​កក្កដា



ភ្នំពេញ​ ៖ ​សាលាឧទ្ធរណ៍​ នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ​ ​បាន​បើកសវនាការ​លើ​សំណុំរឿង​បណ្ដឹង​ឧទ្ធរណ៍​របស់​ក្រុម​លោក ​មាជ សុវណ្ណារ៉ា​ ចំនួន​១១​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ.ស។

ចំណែក​ជនជាប់ចោទ​ទាំង​១១​នាក់​នោះ ​កំពុង​ត្រូវ​បាន​បញ្ជូន​មក​កាន់​សាលាឧទ្ធរណ៍​ហើយ។ សូម​បញ្ជាក់​ថា ​ក្រុម​លោក​មា​ជ សុវណ្ណារ៉ា បាន​ជាប់ឃុំ​នៅ​ពន្ធនាគារ​មួយ​ឆ្នាំ​មក​ហើយ ក្រោយពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចាប់ខ្លួន​ជាថ្មី។

គួរ​រំលឹក​ថា ​កាលពី​ម៉ោង​១៦និង០០​នាទី ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចាប់​បញ្ជូន​ក្រុម​សកម្មជន​ទាំង​១១​នាក់ រួមទាំង​លោក មា​ជ សុវណ្ណារ៉ា​ ម្នាក់​ផង​ដែរ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជាថ្មី និង​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​.ស បន្ទាប់ពី​បាន​សាកសួរ​អស់​ពេញ​មួយថ្ងៃ នៅ​តុលាការ​ក្រុងភ្នំពេញ​នា​ថ្ងៃនេះ។

សូម​ជម្រាប​ថា សំណុំ​រឿងក្ដី​ព្រហ្មទណ្ឌ​របស់​សកម្មជន​ជាប់ចោទ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១​នាក់ ក្នុង​នោះ​រួមមាន​ លោក មា​ជ សុវណ្ណារ៉ា ជា​គណៈកម្មការ​នាយក​ទទួលបន្ទុក​ព័ត៌មានវិទ្យា​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សារព័ត៌មាន និង​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ នៅ​សហរដ្ឋអាមេរិក​ផង​ដែរ ដែល​ជាប់ចោទ​ពី​បទ «​ដឹកនាំ​កុបកម្ម និង​ចូលរួម​ក្នុង​អំពើ​កុបកម្ម​» ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

លោក​កែវ សុជាតិ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ ៣​នាក់​រួមមាន​ លោក មា​ជ សុវណ្ណារ៉ា​, អឿ ណារិន និង ឃិន រឿន ត្រូវ​បាន​ផ្ដន្ទាទោស ជាប់​ពន្ធនាគារ​២០​ឆ្នាំ រីឯ​ជនជាប់ចោទ​៨​នាក់​ទៀត ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​៧​ឆ្នាំ។

សូម​ជម្រាប​ថា នៅ​ក្នុង​សំណុំ​រឿងក្ដី​នេះ ជនជាប់ចោទ​មាន​ចំនួន​១១​នាក់ ដែល​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ជនជាប់ចោទ​ទាំង​១១​នាក់​នេះ​រួមមាន ទី​១-​ឈ្មោះ មា​ជ សុវណ្ណារ៉ា​, ទី​២-​ឈ្មោះ អឿ ណារិន​, ទី​៣-​ឈ្មោះ ឃិន រឿន ហៅ​ឃិន ចំរើន​, ទី​៤-​ឈ្មោះ នាង សុ​ឃុន​, ទី​៥-​ឈ្មោះ សាន គឹម​ហេង​, ទី​៦-​ឈ្មោះ ស៊ុ ពុ​ទ្ធី​, ទី​៧-​ឈ្មោះ កែ ឃីម ហៅ វិ​ន ឌី​, ទី​៨-ឈ្មោះ ទេព ណារិន​, ទី​៩-​ឈ្មោះ អាន បឋម ហៅ សុខុម, ទី​៩-​ឈ្មោះ សាន សីហៈ និង​ទី​១១-​ឈ្មោះ អ៊ុក ពេជ្រ​សំណាង៕