លោក​ឌុយទែរតេ៖​ហ្វីលីពីន​ត្រៀម​ខ្លួន​​ដើម្បី​​បើក​កិច្ចសន្ទនា​ជាមួយ​ចិន​ក្នុង​ជម្លោះ​នៅ​សមុទ្រចិន​ខាងត្បូង

នៅក្នុងប្រទេសហ្វីលីពីន លោកប្រធានាធិបតីដែលទើបចូលកាន់តំណែងរ៉ូឌ្រីហ្គោ ឌុយទែរតេធ្វើសំណើសុំបើកកិច្ចសន្ទនាជាមួយចិនទាក់ទងនឹងសេចក្តីសម្រេចចិត្តនាពេលឆាប់ៗខាងមុខរបសឮតុលាការអាជ្ញាកណ្តាលអន្តរជាតិស្តីពីជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ សេចក្តីសម្រេចចិត្តដែលលោកឌុយទែរតេមានសុទិដ្ឋិនិយមថា តុលាការទីក្រុងឡាអេអាចនឹងផ្តល់ហេតុផលឲ្យខាងភាគីហ្វីលីពីន។

គេត្រូវរង់ចាំរហូតដល់ថ្ងៃទី១២ កក្កដាខាងមុខទើបដឹងថា តើតុលាការអាជ្ញាកណ្តាលអន្តរជាតិទីក្រុងឡាអេនឹងសម្រេចយ៉ាងម៉េចចំពោះបណ្តឹងរបស់ហ្វីលីពីនប្តឹងចិនស្តីពីជម្លោះនៅសមុទ្រចិនខាងត្បូង។ តែនៅថ្ងៃអង្គារ ទី៥ កក្កដា និងមួយសប្តាហ៍មុននឹងសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេធ្លាក់មក លោកប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រីហ្គោ ឌុយទែរតេបានស្នើទៅចិនជាមុនថា ហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកកិច្ចចរចាជាមួយចិនលើសេចក្តីសម្រេចចិត្តនោះ។ សេចក្តីសម្រេចចិត្តដែលលោកឌុយទែរតេមានសុទិដ្ឋិនិយមថា ហ្វីលីពីនមានប្រៀបលើចិន។

ខុសពីលោកអាតីតប្រធានាធិបតីអាគីណូដែលជ្រើសយកការប្រឈមមុខដាក់ចិន លោកឌុយទែរតេបានបញ្ជាក់ថា លោកចង់បន្តរក្សាទំនាក់ទំនងមិត្តភាពជាមួយក្រុងប៉េកាំង។ គួរជម្រាបជូនថានៅក្នុងជំនាន់លោកអាគីណូ ហ្វីលីពីនបានរត់ទៅរកអាមេរិកឲ្យជួយ ដោយបានចុះហត្ថលេខាជាមួយក្រុងវ៉ាស៊ីនតោនលើសន្ធិសញ្ញាថ្មីស្តីពីវិស័យការពារ និងបានប្តឹងចិនទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិក្រុងឡាអេក្នុងឆ្នាំ ២០១៣។ ទន្ទឹមគ្នានេះ លោកអាគីណូបានបដិសេធរាល់ការចរចាដោយផ្ទាល់ជាមួយចិនដែលលោកយល់ថា ហ្វីលីពីនចាញ់ច្រាបចិនរួចជាស្រេច។

តែចំពោះលោកឌុយទែរតេវិញ លោកបានបើកទ្វារចរចាជាមួយចិន ព្រមទាំងត្រៀមខ្លួនដើម្បីចែកផលប្រយោជន៍ធនជាតិធម្មជាតិដែលមាននៅក្នុងសមុទ្រចិនខាងត្បូងជាមួយចិនទៀតផង។ ចិនដែលនៅមិនទាន់បានឆ្លើយតបយ៉ាងណាចំពោះសំណើចរចារបស់ហ្វីលីពីននៅឡើយទេ។ តែប៉េកាំងបានបញ្ចេញប្រតិកម្មតបនឹងបទវិចារណកថាចុះផ្សាយដោយកាសែតចិនឈ្មោះ Global Times ជាភាសាចិន និងអង់គ្លេសដែលថា ចិនត្រូវតែត្រៀមកម្លាំងទ័ពធ្វើសង្រ្គាមទល់នឹងអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង។

តែលោកហុង ឡី អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា រដ្ឋាភិបាលចិនចង់បានសន្តិភាព និងថា ចិននឹងធ្វើការជាមួយគ្រប់ប្រទេសអាស៊ានដើម្បីរក្សាសន្តិភាព និងស្ថរិភាពនៅក្នុងសមុទ្រចិន។ សូមជម្រាបជូនថា ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១០ គឺមានតែវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ីទេដែលកំពុងមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង៕

ប្រភពៈ RFI