ចិន​ធ្វើ​សមយុទ្ធ​យោធា​មុន​ពេល​តុលាការ​ចេញ​សេចក្តីសម្រេច

ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការទាមទារអធិបតេយ្យភាពរបស់ខ្លួន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង តាមរយៈការធ្វើសមយុទ្ធយោធាដែលមានរយៈពេលមួយសប្តាហ៍ពេញនៅជុំវិញប្រជុំកោះ Paracel។ នេះគឺជាចំណាត់ការមួយដែលក្រុមអ្នកវិភាគនិយាយថា មានគោលបំណងដើម្បីធ្វើឲ្យសេចក្តីសម្រេចលក្ខណៈប្រវត្តិសាស្រ្តរបស់តុលាការអន្តរជាតិក្នុងពេលឆាប់ៗនេះក្លាយជាមោឃៈ។

ដោយមិនបានបញ្ជាក់លម្អិត រដ្ឋបាលសុវត្ថិភាពដែនទឹករបស់ប្រទេសចិនបានឲ្យដឹងថា សមយុទ្ធកងទ័ពជើងទឹកនេះនឹងបន្តរហូតដល់ថ្ងៃច័ន្ទសប្តាហ៍ក្រោយ មួយថ្ងៃមុនពេលដែលតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុង ឡាអេ នឹងត្រូវចេញសេចក្តីសម្រេចមួយ នៅក្នុងជម្លោះរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាមួយនឹងប្រទេសហ្វីលីពីន ហើយរឿងក្តីនេះក៏គ្រប់ដណ្តប់លើតំបន់មួយដែលលាតសន្ធឹងពីប៉ែកខាងកើតកោះហៃណានរបស់ប្រទេសចិន និងប្រជុំកោះ Paracelsទាំងមូលផងដែរ។

អាជ្ញាធរក្នុងទីក្រុងប៉េកាំងបានចោទជាសំណួរម្តងហើយម្តងទៀតទៅលើភាពស្របច្បាប់នៃសេចក្តីសម្រេចរបស់សាលាក្តីនេះ ដែលត្រូវបានគេជឿយ៉ាងទូលំទូលាយថា នឹងសម្រេចគាំទ្រដល់ភាគីហ្វីលីពីន នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ហើយអាចនឹងដកហូតនូវភាពស្របច្បាប់របស់ចិនចំពោះការទាមទារយកសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ឬដែលត្រូវបានគេហៅថា បន្ទាត់ប៉ះទង្គិច ៩ (Nine Dash Line)។

លោក Hong Lei អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទ ដោយបញ្ជាក់ម្តងហើយម្តងទៀតអំពីជំហររបស់ចិនយ៉ាងដូច្នេះថា «តុលាការអាជ្ញាកណ្តាលនេះមិនមានយុត្តាធិការទៅលើជម្លោះនៅសមុទ្រចិនខាងត្បូងនោះទេ ហើយសេចក្តីសម្រេចរបស់តុលាការនេះនឹងមិនស្របច្បាប់ហើយមិនអាចយកជាការបាននោះទេ»៕

ប្រភពៈ VOA