វៀតណាម​ចង់ឃើញ​ភាពយុត្តិធម៌រវាងហ្វីលីពីន​និងចិនករណីជម្លោះដែនសមុទ្រ

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមបង្ហាញក្តីសង្ឃឹមថាសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនិងសម្រេចឲ្យមានយុត្តិធម៌ចំពោះហ្វីលីពីននិងចិនក្នុងករណីជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក ឡេ ហៃបិញ ថ្លែងកាលពីម្សិលមិញថាការផ្តល់យុត្តិធម៌ករណីបណ្តឹងរបស់ហ្វីលីពីនលើជម្លោះក្នុងដែនសមុទ្រចិនខាងត្បូងគឺជាផ្នែកសំខាន់ក្នុងការកសាងសន្តិភាពនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Vietnam News។

ការលើកឡើងរបស់វៀតណាមបែបនេះ ខណៈតុលាការអាជ្ញាកណ្តាលអន្តរជាតិមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់នឹងប្រកាសសេចក្តីសម្រេចលើបណ្តឹងហ្វីលីពីនប្តឹងចិនរឿងជម្លោះដែនសមុទ្រនៅថ្ងៃទី១២ខែកក្កដាខាងមុខនេះ។

ទោះយ៉ាងណាចិនបានប្រកាសថាខ្លួនមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនោះទេ។ ចិនចាប់ផ្តើមធ្វើសមយុទ្ធយោធាលើដែនកោះមានជម្លោះនៅកោះប៉ារ៉ាសែលពីថ្ងៃទី៥ដល់ថ្ងៃទី១១ ដោយបញ្ជាក់ថាដើម្បីរក្សាសន្តិសុខនៅក្នុងដែនសមុទ្ររបស់ខ្លួន៕

ប្រភពៈ VOD