កម្មករ​ដឹក​ជ្រូក​ទម្លាយ​ព័ត៌មានទិញ​ជ្រូក​ងាប់ តែ​មេការ​បាន​បដិសេធ

កម្មករ​ដឹក​ជ្រូក​ទម្លាយ​ព័ត៌មានទិញ​ជ្រូក​ងាប់ តែ​មេការ​បាន​បដិសេធ



ខេត្តបាត់ដំបង ៖ សត្វ​ជ្រូក​ដែល​ឈ្មួញ​ខ្មែរ​នាំ​ចូល​ពី​ប្រទេស​ថៃ​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់រយ​ក្បាល​តាម​ច្រក​តំបន់​«​ភ្នំ​ដី​» ក្នុងស្រុក​សំពៅ​លូន ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ឈ្មួញ​ខ្មែរ​បាន​ទទួល​ទិញជ្រូក​ងាប់​ពី​ឈ្មួញ​ថៃ​ក្នុង​តម្លៃ​១​ក្បាល​១.០០០​បាត ឬ​ជាង​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដើម្បី​យក​កាប់​សាច់​លក់​ចែកចាយ​បន្ត​នៅ​តាម​ផ្សារ​នានា​ក្នុង​ខេត្តបាត់ដំបង បើ​ទោះជា​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ទិញ​ជ្រូក​ងាប់​បែប​នេះ​ពី​ថៃ​ក្ដី ។

ព័ត៌មាន​នេះ​បាន​បែកធ្លាយ​ចេញពី​ក្រុម​កម្មករ​លើក​ជ្រូក​នៅ​តាម​ស្ដង់​នានា ក្នុងស្រុក​សំពៅ​លូន កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។ ពួក​គេ​និយាយ​ថា នៅ​ក្នុងស្រុក​សំពៅ​លូន​មាន​ស្ដង់​សម្រាប់​ស្ដុក​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ថៃ​ចំនួន​៣​កន្លែង ដែល​ស្ដង់​នីមួយ​ៗ​ទទួល​ស្ដុក​ជ្រូក​រាប់រយ​ក្បាល​ក្នុង​មួយ​ថ្ងៃ​ៗ ។

ប្រភព​ដដែល​បន្ត​ថា ជ្រូក​ដែល​ដឹក​ចូល​ដល់​ដី​ខ្មែរ​ហើយ​បើ​មាន​ងាប់ ភាគី​ថៃ មិន​ដឹក​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ទេ គឺ​លក់​ឲ្យ​ឈ្មួញ​ខ្មែរ​តែ​ម្ដង​ដើម្បី​កាប់​សាច់​លក់ ព្រោះ​មាន​តម្លៃ​ថោក ត្រឹម​១.០០០​បាត​ឬ​ជាង​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​ក្បាល ។

ប៉ុន្តែ​បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ស្ដង់​ជ្រូក​មួយ​កន្លែង​នៅ​ក្បែរ​ផ្សារ «​បូ​រី​» ស្រុក​សំពៅ​លូន តែ​មិន​ប្រាប់​ឈ្មោះ បាន​បដិសេធ​ចំពោះ​ការ​ទម្លាយ​បែប​នេះ​របស់​កម្មករ​លើក​ជ្រូក ។ បុរស​នេះ​និយាយ​ថា សត្វ​ជ្រូក​ដែល​ងាប់​ពេល​ដឹក​ចូល​ពី​ប្រទេស​ថៃ ភាគី​ថៃ​ត្រូវ​តែ​ដឹក​ត្រឡប់​ទៅ​វិញ ខាង​ខ្មែរ​មិន​អាច​ទិញ​ជ្រូក​ងាប់​នោះ​ឡើយ ។ ជ្រូក​ដែល​ដឹក​ចូល​ដី​ខ្មែរ​ត្រូវ​មានការ​ត្រូ​ត​ពិនិត្យ និង​មាន​លិ​ខិ​ត្រ​បញ្ជាក់​ពី​ពេទ្យសត្វ​ថៃ​ត្រឹមត្រូវ ។ ម្យ៉ាងទៀត ពេល​ដឹក​ចូល​ដល់​ស្ដង់​ខាង​ដី​ខ្មែរ មន្ត្រី​កសិកម្ម​ស្រុក ក៏​បាន​ចុះ​ពិនិត្យ​ភ្លាម​ៗ​ដែរ មុន​នឹង​ដឹក​ចេញ​បន្ត​ទៅ​កាន់​ទី​សត្តឃាត​តាម​បណ្ដា​ខេត្ត​នានា ។

ទោះជា​យ៉ាងណា ការ​បកស្រាយ​របស់​មេការ​ស្ដង់​ជ្រូក​ខាងលើ​នេះ​នៅ​តែ​ផ្ទុយ​ស្រឡះ​ពី​ការ​ទម្លាយ​របស់​ក្រុម​កម្មករ​លើក​ជ្រូក ។ ក្រុម​កម្មករ​ដែល​ភាគច្រើន​ជា​ជន​ចំណាកស្រុក បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ​ថា តាម​ផ្លូវច្បាប់​ជ្រូក​ដែល​ងាប់​ត្រូវ​ដឹក​ត្រឡប់​ទៅ​ថៃ​វិញ ហើយ​ដុត​កម្ទេច​ចោល​តែ​ម្ដង​។

ដូច្នេះ​ហើយ​ទើប​ថៃ​លក់​ជ្រូក​ងាប់​ទាំងនោះ​ឲ្យ​ខ្មែរ យ៉ាង​ហោច​ណាស់​ក៏​បាន​១​ក្បាល​ថ្លៃ​១.០០០​បាត​ដែរ ជា​ជាង​ដុត​ចោល​ទទេ ។ ពួក​គេ​និយាយ​ថា គ្រប់​ស្ដង់​ទាំងអស់​ខាង​ភាគី​ខ្មែរ​សុទ្ធតែ​ប្រព្រឹត្ត​ល្មើសច្បាប់​បែប​នេះ រីឯ​មន្ត្រី​ជំនាញ​កម្រ​ឃើញ​ចុះ​ពិនិត្យ​តាម​ស្ដង់​ជ្រូក​ណាស់ គឺ​បង់​តែ​លុយ​ជា​ការ​ស្រេច ។ ជ្រូក​ងាប់​ទាំងនោះ ត្រូវ​គេ​កាប់​យក​តែ​សាច់ ដឹក​តាម​ម៉ូតូ​ឬ​រថយន្ត​ទៅ​លក់​ចែកចាយ​តាម​ផ្សារ​នានា ។

ប្រភព​ដដែល​នេះ​បញ្ជាក់​ថា បើ​ជ្រូក​ងាប់​ត្រឹម​១​ឬ​២​ក្បាល គឺ​មេការ​កាប់​យក​តែ​សាច់ បេះដូង និង​ថ្លើម លក់​បន្ត​ឲ្យ​អ្នក​ដឹក​តាម​ម៉ូតូ​លក់​តាម​ចម្ការ​ក្បែរ​ព្រំដែន តែបើ​មាន​ជ្រូក​ងាប់​ច្រើន​លើស​ពី​២​ក្បាល គឺ​កាប់​យក​សាច់​ដឹក​តាម​រថយន្ត​តូច​ៗ​ទៅ​ចែកចាយ​តាម​ផ្សារ​នានា​ក្នុង​ខេត្តបាត់ដំបង រីឯ​គ្រឿងក្នុង​ប្រគល់​ឲ្យ​ក្រុម​កម្មករ​ធ្វើ​ម្ហូប ។

កម្មករ​មា្ន​ក់​និយាយ​បណ្ដើរ​បើក​គម្របឆ្នាំង​បណ្ដើរ ដើម្បី​បង្ហាញ​គ្រឿងក្នុង​ជ្រូក​ដែល​សល់​ពី​ថៅកែ​ហើយ​ប្រាប់​ថា «​ពួក​ខ្ញុំ​ហូប​គ្រឿងក្នុង​ជ្រូក​ទាំងនេះ​រាល់ថ្ងៃ​ឡើង​ធុំ​ទៅ​ហើយ ។ ពេល​ខ្លះ​ធុំ​ក្លិន​មិន​អាច​ហូប​បាន​ទេ ព្រោះ​ទំនង​ជ្រូក​ទាំងនោះ​ងាប់​ស្រាប់​តាំងពី​កន្លែង​កសិដ្ឋាន​នៅ​ស្រុក​ថៃ​ម្ល៉េះ តែ​គេ​កុហក​ថា​ងាប់​តាម​ផ្លូវ​» ។ កម្មករ​រូប​នេះ​បញ្ជាក់​ថា ស្ដង់​ណា​ក៏​ដូច​ស្ដង់​ណា​ដែរ សុទ្ធតែ​ទិញ​ជ្រូក​ងាប់​ពី​ថៃ​យក​ទៅ​កាប់​សាច់​លក់​បន្ត​តាម​ផ្សារ​នានា​ដូច​គ្នា ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​បំផុត​ដល់​សុខភាព​អ្នក​បរិភោគ ។

ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នេះ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក ប៉ែន ស៊ី​ថា ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន ។ រីឯ​លោក ឈឹ​ម វិ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នោះ ។

ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​ទំនិញ​ខូចគុណភាព​នេះ បើ​តាម​មន្ត្រី​មួយ​រូប​នៅ​ច្រក​តំបន់​«​ភ្នំ​ដី​» និយាយ​ថា គ្រប់​ស្ថាប័ន​ប្រចាំ​ច្រក​«​ភ្នំ​ដី​» នេះ ហាក់​កំពុង​ប្រឹង​យករ​ស់រៀង​ៗ​ខ្លួន ។ បច្ចុប្បន្ន ការ​នាំ​ទំនិញ​ខូចគុណភាព​ពី​ថៃ​ចូល​ស្រុក​ខ្មែរ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ មិន​ថា​ច្រក​តំបន់​«​ភ្នំ​ដី​» ឬ​តាម​ច្រករបៀង​នានា​នៅ​តាម​ព្រំដែន​ខ្មែរ​-​ថៃ​នេះ​ទេ ។ មន្ត្រី​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​នេះ​និយាយ​ថា ឈ្មួញ​ធំ​ៗ​បាន​ជួល​កម្មករ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​របស់​ខ្លួន​ឆ្លង​ដែន​ក្នុង​រូបភាព​បំភាន់​ភ្នែក លុះ​ផុត​ឆ្ងាយ​ពី​កន្លែង​ត្រួតពិនិត្យ ទើប​គេ​រៀបចំ​ដាក់​ចូល​រថយន្ត ។

ប្រភព​ដដែល​បន្ត​ថា រឿង​ឈ្មួញ​ខ្មែរ​ទិញ​ជ្រូក​ងាប់​ពី​ឈ្មួញ​ថៃ យក​ទៅ​កាប់​សាច់​ចែកចាយ​តាម​ផ្សារ​នានា​នោះ ប្រាកដជា​ដូច​ការ​រ​អះអាង​របស់​កម្មករ​លើក​ជ្រូក​នោះ​មែន គ្រាន់តែ​អាច​ប៉ាន់​ស្មានថា មាន​ចំនួន​តិចតួច​ទេ ។

មន្ត្រី​ដដែល​បញ្ជាក់​ទៀត​ថា មិន​ត្រឹមតែ​សាច់​ជ្រូក​ទេ សូ​ម្បី​តែ​សាច់​មាន់ ជើងមាន់ ប្រហិត ត្រី ឬ​ចំណីអាហារ​ផ្សេង​ៗ​ដែល​ខូចគុណភាព ក៏​ត្រូវ​គេ​ដឹក​ជញ្ជូន​ចូល​ស្រុក​ខ្មែរ កាត់មុខ​ស្នាក់​ការ​មន្ត្រី​កាំកុងត្រូល​បាន​ដោយ​សេរី​ដែរ គ្មាន​មន្ត្រី​ក្នុង​ស្ថាប័ន​ណាមួយ​ប្រចាំ​ច្រក​នេះ អើពើ​ចេញ​ត្រួតពិនិត្យ​ឡើយ មាន​តែ​ការ​សមគំនិត​គ្នា​តែ​ប៉ុណ្ណោះ ។

ដូច្នេះ​ទំនិញ និង​ចំណីអាហារ​នានា​ដែល​ខូចគុណភាព កំពុង​ដឹក​ជញ្ជូន​កាត់មុខ​មន្ត្រី​ជំនាញ​ចូល​វាយលុក​ក្នុង​ទីផ្សារ​ខ្មែរ​យ៉ាង​គឃ្លើន ក្រោម​រូបភាព​ប្រព្រឹត្ត​អំពើ​រពុក​រលួយ ៕