ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគទី១៨)

ភាគទី១៨
អ្នក​ឃ្វាល​ខ្លា​ឮ​ដូច្នោះ មិន​ហ៊ាន​រឹង​ទទឹក​ទៀត គេ​ដឹក​ខ្លារខិន​ចេញ​ទៅ​តាម​បញ្ជា​របស់​ទូស៊ី​។ ប៉ុន្តែ​មាន​អ្នក​គង្វាល​ម្នាក់​ ដោយ​ខ្លាច​ក្រែង​មាន​រឿង​រ៉ាវ​ធំ​ដល់​ខ្លួន​ក៏​រត់​ចេញ​ពី​ទី​នោះ​ភ្លាម​ ហើយ​បាន​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ថា​៖
«ខ្ញុំ​យក​ដំណឹង​នេះ​ទៅ​ទូល​ព្រះ​ចៅ​ធាមូចិន​ហើយ​!»
ទូស៊ី​ហៀប​នឹង​ស្រែក​ឃាត់​វា​ ប៉ុន្តែ​អ្នក​គង្វាល​បាន​រត់​ឆ្ងាយ​ណាស់​ទៅ​ហើយ​។
ទូស៊ី​រអ៊ូ​តែ​ម្នាក់​ឯង​ថា៖
«អា​ទៅ​ចុះ​ ទម្រាំ​ព្រះ​ចៅ​ធាមូចិន​មក​ដល់​ ថួលី​ក៏​ក្លាយ​ជា​ចំណី​ខ្លា​អស់​ទៅ​ហើយ​ដែរ! តើ​ពូ​ធាមូចិន​អាច​ធ្វើ​អ្វី​អញ​កើត​ហ៍?»

 

កួកឆេង​ពិត​តែ​ខ្លាច​ខ្លារខិន​នោះ​ណាស់​ ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​ចំពោះ​ជីវិត​បង​ធម៌​គេ មាន​ទំហំ​ធំ​ជា​ការ​ភ័យ​ខ្លាច​ខ្លារខិន​ទៅ​ទៀត​។
គេ​ពោល​ទៅ​កាន់​នាង​ហានសាវយុង​ថា៖
«អ្នក​គ្រូ! ពួក​នេះ​នាំ​ខ្លារខិន​ទៅ​ឱ្យ​ខាំ​សម្លាប់​បង​ធម៌​ខ្ញុំ​ ខ្ញុំ​ត្រូវ​តែ​ទៅ​ទូល​ព្រះ​រាជ​កុមារ​ជា​ប្រញាប់​សិន​!»
នាង​ហានសាវយុង​សួរ​ថា៖
«ឯង​ខ្លាច​ខ្លារខិន​នោះ​ទេ​? បើ​ឯង​ទៅ​ប្រាប់​ថួលី​ ឯង​មិន​ខ្លាច​ក្រែង​​ទូស៊ី​ឱ្យ​ខ្លារខិន​ខាំ​ស្លាប់​ទាំង​ឯង​ផង​ទេ​ឬ?»
កួកឆេង​ឆ្លើយ​ថា៖
«ខ្ញុំ​បាទ​ខ្លាច តែ​អ្នក​គ្រូ…»

 

នាង​ហានសាវយុង​សួរ​ទៅ​ទៀត​ថា៖
«បើ​អ៊ីចឹង​ឯង​ហ៊ាន​ទៅ​ទេ​?»
កួកឆេង​សញ្ជឹង​គិត​មួយ​សន្ទុះ​ ទើប​ឆ្លើយ​ដាច់​ណាត់​ថា៖
«ខ្ញុំ​បាទ​ត្រូវ​តែ​ទៅ​ប្រាប់​​ថួលី​ អ្នក​គ្រូ!»
ឆ្លើយ​ដូច្នោះ​ហើយ​ គេក៏​ដាក់​មេផាយ​យ៉ាង​លឿន​សំដៅ​ទៅ​មុខ​។
ជូធុង​ដោយ​មាន​របួស​ជា​ទម្ងន់​ គេ​ដេក​ទ្រាល​លើ​ខ្នង​អូដ្ឋ កាល​បើ​ឮ​សម្ដី​កួកឆេង ​ហើយ​ឃើញ​ក្មេង​នេះ​រត់​វឹង​យ៉ាង​លឿន​ដូច្នោះ​ក៏​ពោល​ប្រាប់​ប្អូន​ៗ​ថា​៖
«កួកឆេង​មាន​ចរិត​ល្អ​ណាស់​! ពិត​មែន​តែ​វា​ល្ងង់​បន្តិច​ តែ​វា​មាន​ឧត្ដម​គតិ​ដូច​ពួក​យើង​ដែរ​ណា៎!»
ហានសាវយុង​ឆ្លើយ​ថា៖
«បង​ណាំស៊ិរិន​និយាយ​មិន​ខុស​ទេ ក្មេង​នេះ​គ្រាន់​បើ​មែន​ទែន​! យើង​ប្រញាប់​នាំ​គ្នា​ទៅ​ជួយ​ផង!»
ឈុនជិនហួត​ពោល​ថា៖
«អា​ក្មេង​នេះ​ ផ្ទះ​វា​មាន​ចិញ្ចឹម​ខ្លារខិន មើល​ទៅ​គ្រួសារ​វា​មិន​មែន​អ្នក​តូច​តាច​ទេ​ណា៎! យើង​ប្រយ័ត្ន​បន្តិច​ទៅ​ កុំ​ឱ្យ​កើត​រឿង​រ៉ាវ​ធំ​ ព្រោះ​យើង​ត្រូវ​ដឹង​ថា​បង​ប្អូន​យើង​មាន​របួស​ដល់​បី​នាក់​!»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគទី១៨)

 

ike Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ