សៅ សុខនី បង្ហើប​​ពី​ជោគជ័យ និង​មិន​ជោគជ័យ​នៃ​កុន​​ខ្មែរ​​នៅ Major Cineplex by Cellcard

លោក​ សៅ សុខនី ដែល​ជា​នាយក​ប្រតិបត្តិ​រោង​ភាពយន្ត​ Major Cineplex by Cellcard បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​​សន្និសីទ​កាសែត​រឿង “៥​​អង្គ” ថា ​រយៈពេល​២​ឆ្នាំ នៃ​ដំណើរ​ការ​រោងភាពយន្ត​ Major Cineplex by Cellcard ​មកនេះ​ កុន​ខ្មែរ​យើង​​ខ្លះ ​មាន​ប្រវត្តិ​ជោគជ័យ ​ខ្លះ​ទៀត​មិនទាន់​​ជោគ​ជ័យ​នៅ​ឡើយ​ទេជាមួយ​រោង​ភាពយន្ត​លោក។

 

រយៈពេល​២​ឆ្នាំ​ដែល​ Major Cineplex ដំណើរ​ការ​បាន​បញ្ចាំង​កុន​ខ្មែរ​ប្រមាណ​ជា​ង​ ៥០ រឿង​ហើយ​ដោយ​ក្នុង​ឆ្នាំ ២០១៤ បញ្ចាំង​ប្រមាណ​ជា​១០​រឿង ក្នុង​ឆ្នាំ ២០១៥ ប្រហែល​ជា​៣០​រឿង​និង​សម្រាប់​​ដើម​ឆ្នាំ​២០១៦ នេះ​មាន​ប្រមាណ​ជា​២០​រឿង។ ក្នុង​ចំនួន​នេះ គិត​ជា​ភាគរយ គឺ​មាន​តែ​ខ្ទង់ ១៥-២០% ប៉ុណ្ណោះ ជោគជ័យ។

 

សៅ សុខនី បង្ហើប​​ពី​ជោគជ័យ និង​មិន​ជោគជ័យ​នៃ​កុន​​ខ្មែរ​​នៅ Major Cineplex by Cellcard

 

“តាម​ពិត​ទៅ​យើង​ជា​កន្លែង​បញ្ចាំង​កុន ដូច្នេះ​រឿង​ណា​ខាត​រឿង​ណា​ចំណេញ​យើង​ដឹង​ កុន​ខ្មែរ​ខ្លះ​គឺ​ចំណេញ​ខ្លាំង​ ហើយ​មាន​កុន​ខ្លះ​ខាត​ដើម​ក៏​មាន​” លោក សៅ សុខនី ថ្លែង។ រឿង​​ដែល​បាន​បញ្ចាំង​នៅ Major Cineplexទាំង​អស់​មាន​ប្រមាណ​ជា​ ១៥-២០% តែ​ប៉ុណ្ណាះ​ដែល​ជោគជ័យ​​ ហើយ​រឿង​ដែល​មាន​ការ​គាំ​ទ្រ​​ខ្លាំង​គឺ​​អាច​ចាក់​បញ្ចាំង​ប្រមាណ​ជា​៣​-៨​ សប្ដាហ៍​។ ដោយ​ឡែក​រឿង​ដែល​អន់​បំផុត​នោះ​​បញ្ចាំង​មិន​ដល់​មួយ​សប្ដាហ៍​ទេ នឹង​​ត្រូវ​ទម្លាក់​ចេញ ហើយ​រឿង​ខ្លះ​ក្នុង​ចំណោម​រឿង​ដែល​អន់​នោះ​​ទៀត អត់​មាន​អ្នក​មើល​ តាំង​ពី​ថ្ងៃ​​ចាក់​បញ្ចាំង​ទី​១​តែ​ម្ដង”។

 

លោក​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ Major Cineplex នៅ​តែ​​ចូលរួម​លើក​ទឹក​ចិត្ត​ដល់​ផលិតករ​​​ឲ្យ​ផលិត​ភាពយន្ត​ខ្មែរ​បន្ថែម​ និង​លើក​ស្ទួយ​វិស័យ​ភាពយន្ត​កម្ពុជា​ឲ្យ​មាន​និរន្តរភាព​។ ប៉ុន្តែ​គប្បី យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​ពី​គុណភាព​ផង ព្រោះ​បើ​មិន​ដូច្នេះ ផលិតករ​ខ្លួន​ឯង​នឹង​ជួប​ហានិភ័យ​ខ្ពស់។ “នេះ​​ជា​អ្វី​ដែល​ផលិតករ​យើង​គួរ​យក​ចិត្ត​ទុក ឧទាហរណ៍​ថា បើ​គាត់​ធ្វើ​រឿង​មួយ​អស់​២​-៣ម៉ឺន​ដុល្លារ ដល់​យក​មក​បញ្ចាំង​បាន​២​-៣​ថ្ងៃ មាន​មនុស្ស​ចូល​មើល១០០០នាក់ អីចឹង​សំបុត្រ​មួយ ៣ដុល្លារ​ សរុប​ទៅ​បាន ៣០០០ដុល្លារ​ហ្នឹង អីចឹង​ទេ គឺ​ Risk(ហានិភ័យ​) ច្រើន​មែន​ទែន!”។

 

ជាមួយ​គ្នា​នេះ​ដែរ​ផលិតករ​ភាពយន្ត​ល្បី​ឈ្មោះ​មួយ​រូប​បាន​លើក​ឡើង​ថា “បង​ធ្វើ​កុន​​បាន​២​រឿង​ហើយ​គេ​ទទួល​ស្គាល់​ថា​ល្អ​ ទាំង​បច្ចេកទេស​ដឹកនាំ​ និង​សាច់​រឿង​ តែ​កុន​បង​នៅ​តែ​​ខាត តែ​​បង​មិន​អស់​សង្ឃឹម​ទេ​ ខាង​យើង​កំពុង​ព្យាយាម​ស្វែង​រក​ទីផ្សារ​នៅ​ឯ​បរទេស​បន្ថែម​ទៀត”៕

 

​​​​​
អត្ថបទ៖ SAMEDY