ដាក់​បារ៉ាស់​ចាប់​ចោរឆក់​កាបូប បណ្ដាលឲ្យចោរស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ​

ដាក់​បារ៉ាស់​ចាប់​ចោរឆក់​កាបូប បណ្ដាលឲ្យចោរស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ​



ភ្នំពេញ ​៖ ​យុវជន​ម្នាក់​បាន​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​និង​ម្នាក់ទៀត​បាន​រង​របួស​ធ្ងន់ ​ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ជួយ​សង្គ្រោះ​ ដោយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ ខណៈ​​ដែល​ពួកគេ​ទាំង​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ប្ដី​ប្រពន្ធ​មួយ​គូ​បានសម្រេច តែ​នៅ​ពេល​ជិះ​ម៉ូតូ​គេចខ្លួន ជា​មួយ​នឹង​ការ​ដេញ​តាម​ពីក្រោយ​របស់​ម្ចាស់​កាបូប ទើប​យុវជន​ទាំង​២​នាក់​ជិះ​ម៉ូតូ​ទៅ​បុក​បារ៉ាស់​របស់​សន្តិសុខ​ឯកជន ​ដែល​ដាក់​ស្ទាក់ផ្លូវ​ដើម្បី​ចាប់​ចោរឆក់​ទាំង​២​នាក់​នេះ បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់ ​និង​របួស​បែបនេះ​តែម្ដង។

ក្នុង​ករណី​ឆក់​នេះ​ ឃាត់ខ្លួន​បាន​ម្នាក់ និង​ម្នាក់ទៀត​បោក​ក្បាល​នឹង​បារ៉ាស់​សន្តិសុខ​ស្លាប់ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្ទះ​៦៥៣ ​ផ្លូវ​លេខ​១២៨ កែង​២៥៣ ក្បែរ​វិទ្យាល័យ​សន្ធរ​មុខ ក្រុម​ទី​៤០ ភូមិ​១១ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក។

ជនសង្ស័យ​ទាំងពីរ​មាន​ឈ្មោះ ​តុ​ប លិ អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក (ជា​អ្នក​ឌុប) និង​ម្នាក់​ទៀត​ឈ្មោះ​ លក្ខណា​ អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជា​ជនដៃដល់ (​ជិះ​ពីក្រោយ) ដោយ​ជិះ​ម៉ូតូ​ម៉ា​កនិក​ ពណ៌​ស គ្មាន​ស្លាក​លេខ។ ចំណែក​ជនរងគ្រោះ​ជា​ប្ដី​មានឈ្មោះ វ៉ាន់ ណេង អាយុ​៣០​ឆ្នាំ មុខរបរ ជាង​ទូរស័ព្ទ ស្នាក់នៅ​ផ្ទះ​ជួល​នៅ​ម្ដុំ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ប្រពន្ធ​ឈ្មោះ រឿន វ៉ាន់​នី អាយុ​២២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ជិះ​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BP-8404។

មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាង​លើ​បាន​ជិះ​ម៉ូតូ​ចេញពី​ញុំា​អី​នៅ​ម្ដុំ​កោះ​ពេជ្រ បំណង​ត្រឡប់​មក​ផ្ទះ​វិញ លុះ​មកដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មកពី​ក្រោយ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច​តែម្ដង។

ភ្លាមៗ​នោះ​ដែរ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ម៉ូតូ​ជនសង្ស័យ​ពីក្រោយ ហើយ​ស្រែក​ចោរ​ៗ រហូត​ចូល​ដល់​ក្នុង​ផ្លូវ​បុរី​កាំ​កូ​ស៊ី​ធី ដោយសារតែ​ឃើញ​ជនរងគ្រោះ​ដេញ​ជនសង្ស័យ​ពីក្រោយ ហើយ​ស្រែក​ចោរៗ​ទៀត​នោះ ទើប​សន្តិសុខ​បុរី​កាំ​កូ​ស៊ី​ធី​បាន​ដាក់​បារ៉ាស់​កាក់​ពីមុខ​ ធ្វើ​ឲ្យ​ជន​សង្ស័យ​ជិះ​ម៉ូតូ​បក​ក្រោយ​បម្រុង​ចេញទៅ​ផ្លូវ​ខាងក្រៅ​វិញ។ ពេលនោះ​សន្តិសុខ​ដែល​យាមកាម​នៅ​ចំណុច​ផ្លូវ​ខាងក្រៅ​បាន​ទម្លាក់​បារ៉ាស់​ម្ដងទៀត​ បំណង​ឃាត់​ជនសង្ស័យ តែ​ដោយ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ពីក្រោយ​ឱន​មិន​ផុត ​ក៏​ត្រូវ​បោក​ក្បាល​នឹង​បារ៉ាស់​ដួល​ខ្ទាត​ចេញពី​​ក្នុង​បុរី​កាំ​កូ​ស៊ី​ធី​ប្រមាណ​៣០​ម៉ែត្រ​ បែក​ខួរ​ស្លាប់​នៅ​នឹង​កន្លែង​តែម្ដង។ ចំណែក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​បំណង​ឡើង​ទៅ​ផ្លូវ​ម្ដុំ​អង់តែន​ទួលគោក តែ​ពេល​ដល់​ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​មាន​ការដ្ឋាន​ដាក់​លូ​នៅ​ទី​នោះ ​ក៏​ទាល់ច្រក​ ជន​សង្ស័យ​ម្នាក់​នោះ​បាន​ផ្ដួល​ម៉ូតូ​ចោល រួច​រត់​ចូល​ក្នុង​ផ្សារ​ជ័យជំនះ​បំណង​គេចខ្លួន តែ​ត្រូវបាន​ពលរដ្ឋ និង​កម្មករ​ការដ្ឋាន​ខាងលើ​ដេញ​តាម​ទាន់ ហើយ​ឃាត់ខ្លួន​បាន ​ក៏​ស្វាគមន៍​ម្នាក់​មួយ​ដៃ​សន្លប់​ឈឹង​នៅ​នឹង​កន្លែង​កើតហេតុ។

ក្រោយពេល​កើតហេតុ ជនសង្ស័យ​ម្នាក់​ដែល​មាន​ជីវិត​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​ព្យាបាល។ ដោយឡែក​ម្នាក់ទៀត​ ដែល​ជា​បក្សពួក​ស្លាប់​នោះ ត្រូវ​បាន​ដឹក​សព​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​សំបួរមាស។

បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​ខណ្ឌ​ទួលគោក។ ចំណែក​កាបូបស្ពាយ​ចំហៀង​របស់​ជនរងគ្រោះ​ដែល​មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​លុយ​មួយ​ចំនួន​នោះ ត្រូវ​បាន​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ៕
ដាក់​បារ៉ាស់​ចាប់​ចោរឆក់​កាបូប បណ្ដាលឲ្យចោរស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ​

ដាក់​បារ៉ាស់​ចាប់​ចោរឆក់​កាបូប បណ្ដាលឲ្យចោរស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ​

ដាក់​បារ៉ាស់​ចាប់​ចោរឆក់​កាបូប បណ្ដាលឲ្យចោរស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ​

ដាក់​បារ៉ាស់​ចាប់​ចោរឆក់​កាបូប បណ្ដាលឲ្យចោរស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ​

ដាក់​បារ៉ាស់​ចាប់​ចោរឆក់​កាបូប បណ្ដាលឲ្យចោរស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ​