សាលាឧទ្ធរណ៍​ លើក​ពេល​សវនាការ​លើ​សំណុំរឿង​បាតុកម្ម​នៅ​រោងចក្រ “យ៉ាក ជី​ង”

សាលាឧទ្ធរណ៍​ លើក​ពេល​សវនាការ​លើ​សំណុំរឿង​បាតុកម្ម​នៅ​រោងចក្រ “យ៉ាក ជី​ង”



ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៦ ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ សាលាឧទ្ធរណ៍ ​ត្រូវ​បើកសវនាការ​លើ​សំណុំរឿង​បាតុកម្ម​នៅ​រោងចក្រ “យ៉ាក ជី​ង” ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស ផ្លូវជាតិ​លេខ​៤ ទាមទារ​ដំឡើង​ប្រាក់ខែ ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល ដោយ​អវត្តមាន​ជនជាប់ចោទ និង​សុំ​ពន្យារ​ពេល។​ នៅ​ក្នុង​សំណុំរឿង​នេះ គឺ​មាន​មនុស្ស​ចំនួន​១០​នាក់​ដែល​ពាក់ព័ន្ធ គឺ​មាន​ក្រុម​សកម្មជន​ដីធ្លី​បឹង​កក់ ក្រុម​សកម្មជន​អង្គការ​សមាគម និង​ក្រុម​កម្មករ។

ជនជាប់ចោទ​១០​នាក់​រួម​មាន ១-ឈ្មោះ​ វន់ ពៅ ជា​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​, ២-​ឈ្មោះ​ សុគន្ធ សម្បត្ដិ​ពិសិដ្ឋ​, ៣-​ឈ្មោះ​ យ៉ុង សំអន​, ៤-​ឈ្មោះ​ រ៉េត​ រដ្ឋា​, ៥-​ឈ្មោះ​ ណាគ្រី វណ្ណា​ដា​, ៦-​ឈ្មោះ​ លន សាន​, ៧-​ឈ្មោះ​ តេង ​ចាន់​ធី​, ៨-​ឈ្មោះ ​ថេ​ង សាវឿន ​អ្នក​សម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​, ៩-​ឈ្មោះ​ ឈឹម ធឿន​, និង​១០​-ឈ្មោះ ចាន់ ពុទ្ធិ​ស័ក្ដិ ប្រជា​សហគមន៍​បឹង​កក់ ត្រូវ​បញ្ជូន​មក​តុលាការ​ចូលរួម​សវនាការ​ជំនុំ ជម្រះ។

អង្គ​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការចោទប្រកាន់​លើ​ជនជាប់ចោទ​ទាំងអស់នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤ ក្នុងពេលដែល​លោក វន់ ពៅ​ បាន​ដឹកនាំ​មនុស្ស​ប្រមាណ​ជាង​៤០​នាក់​ដើរ​ញុះញង់​ឲ្យធ្វើ​សកម្មភាព​តាម​រោងចក្រ​ បង្ខំ​ឲ្យ​កម្មករ​ដែល​បាន​ចូល​ធ្វើការ​ចេញ​មក​ធ្វើបាតុកម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល ​ដែល​មាន​ម៉ូតូ​ប្រមាណ​៥-១០​គ្រឿង​ ដោយបាន​ជិះ​មក​ស៊ីផ្លេ​ខ្លាំងៗ​ និង​បើកភ្លើង​ស្រែក​ឡូឡា៕