សមត្ថកិច្ច​ ចាប់​ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​០២​នាក់​បញ្ជូន​ទៅ​តុលាការ​

សមត្ថកិច្ច​ ចាប់​ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​០២​នាក់​បញ្ជូន​ទៅ​តុលាការ​



សៀមរាប ​៖ កាលពីវេលា​ម៉ោង​១៥​និង​១៥​នាទី ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សៀមរាប​បាន​ចាប់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់​ នៅ​ក្រុង​សៀមរាប​ ក្នុង​នោះ​ដែរ សមត្ថកិច្ច​រក​ឃើញ​វត្ថុតាង​ឧបករណ៍​វេច​ខ្ចប់​ និង​ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​០១​គ្រឿង រួច​នាំ​ខ្លួន​បញ្ជូន​មក​កាន់​ការិយាល័យ ដើម្បី​សាកសួរ​បន្ត។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ទោ ​អ៊ុំ​ សា​អាត ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ថា យោង​តាម​ការស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​ពី​កម្លាំង​របស់​លោក ​ទើប​ឈាន​ដល់​ធ្វើការ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​២​នាក់ ហើយ​កម្លាំង​របស់​លោក​បាន​រក​ឃើញ​វត្ថុតាង និង​ទូរស័ព្ទ​១​គ្រឿង ព្រមទាំង​ឧបករណ៍​វេច​ខ្ចប់​ និង​ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន​ធំ​ទៀតផង​។​

លោក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​​ករណី​ជួញដូរ​គ្រឿងញៀន​រួមមាន ​ទី​១-​ឈ្មោះ សៅ សុខា ភេទ​ប្រុស កើត​​ឆ្នាំ​១៩៧៩​ មុខ​របរ​គ្មាន មាន​ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង/ខេត្ត​សៀមរាប។ ទី​២-ឈ្មោះ ​លន់​ ណាត​ ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៧ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង/ខេត្ត​សៀមរាប​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់ ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ ​គ្រឿងញៀន​កំពុង​ និង​បាន​វាយលុក​នៅ​ក្នុង​ក្រុង​ទេសចរ​យ៉ាង​ពេញទំហឹង មិន​ថា​តែ​នៅ​ទី​ស្រុកស្រែ នៅ​ក្នុង​ទីក្រុង​នោះ​ឡើយ ដូច្នេះ​សូម​អាណាព្យា​បាល​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនៗ ធ្វើយ៉ាងណា​ឲ្យ​កូនៗ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន៕​