ថ្នាំញៀន​២១​កញ្ចប់ ​ត្រូវ​បាន​ចាប់​យក ​និង​​ឃាត់ខ្លួន​មនុស្ស​ម្នាក់​

ថ្នាំញៀន​២១​កញ្ចប់ ​ត្រូវ​បាន​ចាប់​យក ​និង​​ឃាត់ខ្លួន​មនុស្ស​ម្នាក់​



កណ្ដាល ៖ បុរស​ជា​ជនជាតិ​ខ្មែរ​-ឥស្លាម​ម្នាក់ ព្រមទាំង​ម្សៅ.​ស សង្ស័យ​ជា​គ្រឿងញៀន ចំនួន​២១​កញ្ចប់​តូច ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កោះធំ ធ្វើការ​ឃាត់ខ្លួន និង​រឹបអូស​ភ្លាមៗ ខណៈ​ពេល​ជនសង្ស័យ​ប្រុង​ធ្វើ​សកម្មភាព​ចែកចាយ​កាលពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​និង​០០​នាទី ចំណុច​លូ​លេខ​១០ ភូមិ​ទួល​សង្កែ ឃុំ​កំពង់​កុង ស្រុក​កោះធំ ​ខេត្ត​កណ្ដាល។

លោក​វរសេនីយ៍​ ឈឿន ប៊ុន​ឆន​ អធិការ​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​ឈ្មោះ តាំ ស្មាន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម​ មាន​ទីលំនៅ​ភូមិ​ទួល​សង្កែ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្ត​កណ្ដាល​ មុខរបរ​នេសាទ​។​ ពេល​ឃាត់​នោះ​ សមត្ថកិច្ច​បាន​ឆែកឆេរ​លើ​ខ្លួន​ប្រាណ​ជនសង្ស័យ​ឃើញ​មាន​ម្សៅ​ក្រាម​ ពណ៌​.ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​Ice) ចំនួន​២១​កញ្ចប់​តូច​ និង​ប្រអប់​ដែក​ចំនួន​០១។

លោក​អធិការ​បញ្ជាក់​ថា​ ថ្នាំញៀន​២១​កញ្ចប់ ​ត្រូវ​បាន​ចាប់​យក​ និង​មនុស្ស​ម្នាក់​ឃាត់ខ្លួន​នោះ​ ខណៈ​មាន​ការ​ផ្តល់​ព័ត៌មាន​ល្អ​ពី​ប្រជាពលរដ្ឋ​នៅ​វេលា​ថ្ងៃត្រង់ ​ថ្ងៃ​ទី​៥​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ ហើយ​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កំពង់កុង ចុះទៅ​បង្ក្រាប​មុខសញ្ញា​លក់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុច​កើតហេតុ​ខាង​លើ​ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០១​នាក់​ឈ្មោះ តាំ ស្មាន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រួម​នឹង​ថ្នាំ​ញៀន ចំនួន​២១​កញ្ចប់​តូច​នៅ​ជាប់​នឹង​ខ្លួន​ជនសង្ស័យ​។

ជន​សង្ស័យ ​និង​វត្ថុតាង​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​កណ្តាល​ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​៕​