លោក​គ្រូ អ៊ុន សារៀន៖ លុយ​មិន​សំខាន់​ដូច​ការ​លូតលាស់​របស់​សហគមន៍

ពោធិ៍សាត់: ផ្ដើមពីសន្តានចិត្ដនឹកអាណិតដល់កុមារតូចៗដែលគ្មានឱកាសបានក្រេបជញ្ជក់ចំណេះវិជ្ជា និងស្វែងរកពន្លឺជីវិតក្នុងភូមិដាច់ស្រយាលនៃខេត្ដពោធិ៍សាត់សាលារៀនគ្មានឈ្មោះគ្មានក្របខ័ណ្ឌបានចាប់បដិសន្ធិលើដីសហគមន៍ក្រោមគំនិតផ្ដួចផ្ដើមពីចាស់ព្រឹទ្ធាចារ្យ និងជាគ្រូបង្រៀនគ្មានប្រាក់បៀវត្សរ៍។

សាលាមត្ដេយ្យ និងបឋមសិក្សាតែមួយបន្ទប់គត់នៅភូមិត្រាំដុំ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ចម្ងាយជិត ៣០ គីឡូម៉ែត្រពីផ្លូវកៅស៊ូត្រង់បង្គោលគីឡូម៉ែត្រលេខ ២៣ បានកើតចេញជារូបរាងលើដីសហគមន៍ស្រោបជញ្ជាំងឈើតែពីរជ្រុង និងប្រក់ដំបូលស័ង្កសី ទំហំ ៣ x ៥ ម៉ែត្រនៅដើមឆ្នាំ ២០១៤។

មុខមាត់ប្រឡាក់ប្រឡូសក្អែលដីសម្លៀកបំពាក់ចម្រុះរខេករខាកខ្លះខ្វះឡេវបិទភ្ជិតអាវឲ្យសមរម្យ ខ្វះសម្ភារសិក្សា រួមទាំងប៊ិក សៀវភៅ ខ្មៅដៃ ឬកាបូបស្ពាយ និងគ្មានស្បែកជើង សិស្សានុសិស្សពីថ្នាក់មត្ដេយ្យដល់ថ្នាក់ទី ១ អាយុចន្លោះពី ៤ ទៅ ១៣ ឆ្នាំជាកូនចៅរបស់ប្រជាសហគមន៍ភូមិត្រាំដុំ ដែលមានចំនួនជិត ១០០ គ្រួសារ ជាប់ព្រំដែនស្រុកក្រគរ កំពុងសម្លឹងក្នុងកែវភ្នែករហង់ត្រងត្រាប់ស្ដាប់គ្រូពន្យល់មេរៀន។

ប្រភពៈ ភ្នំពេញប៉ុស្តិ៍