តាម​ពិត​ទឹកត្រី​​វៀតណាម ភាគ​ច្រើន​មិន​មែន​ផលិត​ពី​ត្រី​ឡើយ

យើង​គ្រប់គ្នា​បាន​ដឹង​ហើយ​ថា ត្រី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​បំផុត នៅ​ក្នុង​ការ​ផលិត​ទឹកត្រី ដែល​ជា​អាហារ​ដ៏​ពេញ​និយម​បំផុត​របស់​ប្រទេស​វៀតណាម។ ផ្ទុយទៅវិញ ផលិតផល​ទឹកត្រី​ភាគច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម មិនមែន​សុទ្ធតែ​យក​ត្រី​ពិត​ប្រាកដ​មក​ធ្វើ​ជា​គ្រឿងផ្សំ​ទាំងអស់​ឡើយ។

 

តាម​ពិត​ទឹកត្រី​​វៀតណាម ភាគ​ច្រើន​មិន​មែន​ផលិត​ពី​ត្រី​ឡើយ

 

យោង​តាម​ប្រភព​ព័ត៌មាន​​វៀតណាម tuoitrenews បាន​ឲ្យ​ដឹង​ថា ទឹកត្រី​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ម្ហូប​អាហារ​ល្បីៗ គឺ​គេ​បាន​ប្រើប្រាស់​គ្រឿងផ្សំ​ជាច្រើន​ដូចជា ធាតុ​ផ្សេងៗ​ពី​ត្រី រសជាតិ ពណ៌ ជាតិ​ផ្អែម និង​ធ្វើ​ឲ្យ​ទុក​បាន​យូរ។ ពួកគេ​បាន​ផ្សព្វផ្សាយ​ផលិតផល​តាមរយៈ​យុទ្ធនាការ​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​ពី​គុណភាព និង​អត្ថប្រយោជន៍​ផ្សេងៗ នៃ​ផលិតផល​របស់​ពួកគេ។ ពួកគេ​បាន​គិត​ថា ផលិតផល​របស់​ពួកគេ​បាន​បំពេញ​តាម​តម្រូវការ​សុវត្ថិភាព​ចំណី​អាហារ ដែល​អាច​ដាក់​លក់​នៅ​លើ​ទីផ្សារ​បាន ប៉ុន្តែ​ការ​ពិត​វា​មិន​អាច​ហៅ​ថា​ទឹកត្រី​បាន​ឡើយ ដោយសារតែ​វិធីសាស្ត្រ​ក្នុង​ការ​ផលិត​របស់​ពួកគេ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​ពិតប្រាកដ។

 

បើ​តាម​ស្តង់ដារ​វៀតណាម​ឆ្នាំ២០១២ ដែល​បាន​កំណត់​ស្តង់ដារ​ចំណី​អាហារ បាន​ទទួល​ស្គាល់​ថា ទឹកត្រី​ត្រូវ​តែ​ជា​វត្ថុរាវ​ដែល​បាន​ចម្រាញ់​ចេញ​ពី​ត្រី ដោយ​ប្រើប្រាស់​អំបិល​សមុទ្រ និង​ផ្អាប់​ទុក​ក្នុង​ធុង​ឈើ យ៉ាងហោចណាស់​១០ខែ។ អ្នក​ជំនាញ​ផ្នែក​សុខភាព បាន​ឲ្យ​ដឹង​ថា ការ​ផលិត​ទឹកត្រី​បែប​ប្រពៃណី ធ្វើ​ឲ្យ​អ្នក​ទទួលទាន​មាន​សុខភាព​ល្អ ជាង​ការ​ផលិត​របស់​ឧស្សាហកម្ម ដោយសារតែ​វា​ផ្ទុក​ទៅ​ដោយ​កម្រិត​អាហ្សូត (Nitrogen) ខ្ពស់។ ជាទូទៅ​ទឹកត្រី​តាម​បែប​ប្រពៃណី ត្រូវ​បាន​ផលិត​ចេញ​ពី​ត្រី​ទឹកប្រៃ​មួយ​ប្រភេទ មាន​ឈ្មោះ​ថា «Anchovy» ខុស​ពី​ផលិតផល​ទឹកត្រី​ផ្សេងៗ​ដែល​មាន​រសជាតិ និង​ផលិត​ចេញ​ពី​ត្រី​ខុសៗ​គ្នា ដូចជា ត្រី​សាម៉ុង និង​ត្រី​ស្បៃកា ជាដើម។

 

តាម​ការ​ស្ទង់មតិ​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា វៀតណាម​ប្រើប្រាស់​ទឹកត្រី​អស់​ប្រមាណ​ជា ២០០លាន​លីត្រ​ក្នុង​មួយឆ្នាំៗ ដោយ ៧៥%​គឺ​ជា​ទឹក​ត្រី​បែប​ទំនើប​ដែល​មាន​តម្លៃ​​ទៅ ៤០ ០០០ដុង (១.៧៩ដុល្លារ) ខណៈ​ទឹកត្រី​ដែល​ផលិត​តាម​បែប​ប្រពៃណី អាច​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​ទៅ ៧០ ០០០ដុង (៣.១៣ដុល្លារ) ក្នុង​មួយ​ដប។

 

យ៉ាងណាមិញ លោកស្រី Nguyen Thi Tinh ប្រធាន​សមាគម «Ho Chi Minh City Fish Sauce Association» បាន​និយាយ​ថា ផលិតផល​ដែល​មិន​បាន​បំពេញ​តាម​ស្តង់ដារ​ទឹកត្រី​បែប​ប្រពៃណី មិន​គួរ​ណា​ដាក់​ស្លាក​ថា​ជា​ទឹកត្រី​ឡើយ៕

 

តាម​ពិត​ទឹកត្រី​​វៀតណាម ភាគ​ច្រើន​មិន​មែន​ផលិត​ពី​ត្រី​ឡើយ

 

តាម​ពិត​ទឹកត្រី​​វៀតណាម ភាគ​ច្រើន​មិន​មែន​ផលិត​ពី​ត្រី​ឡើយ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ tuoitrenews

http://tuoitrenews.vn/business/35720/in-vietnam-not-all-fish-sauces-are-made-from-fish