គួរ​ជួយ​ប្រដៅ​ថៅកែ​ឡាន​ចង្កូត​ស្តាំ​នៅ​ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​ពិនិត្យ​តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​ភ្នាក់ងារ​ព័ត៌មាន​ទ​ទូល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោ ង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​មែក​សឺ​ដេ​ស​របស់​ថៅកែ​ជួញដូរ​រថយន្ត​ចង្កូត​ស្តាំ​នាំ​មក​ពី​ប្រទេស​ថៃ​បុក​ជាមួយនឹង​រថយន្ត​តូ​យ៉ូ​តា តា​កូ​ម៉ា​របស់​ភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍ ក្នុង​ស្ថានភាព​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ខូចខាត​មួយ​ចំហៀង​ខ្លួន​ដូច​គ្នា ហើយ​រថយន្ត​ដែល​គេ​ចោទ​ថា​បង្ក​មិន​ទ​ទូល​ខុស​ត្រួ​វ​ក្នុង​ការ​ផ្តល់​សំណង​នោះ​ទេ ។

សូម​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​អ្នក​ព័ត៌មាន​ជាមួយ​ថៅកែ​ឡាន កើតឡើង​នៅ​ចំណុច​ផ្លួ​វ​បំបែក​ចំការ​កាហ្វេ ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​រថយន្ត​បង្កហេតុ​ឈ្មោះ សុ​ន សុភ​ក្ត្រា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ថៅកែ​លក់​រថយន្ត​ចង្កូត​ស្តាំ​នាំ​ចូល​ពី​ប្រទេស​ថៃ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​ឪពុកក្មេក​ឈ្មោះ យឹ​ម សេត ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ទឹកដី​ខេត្ត​ប៉ៃលិន ជិះ​រថយន្ត​ម៉ាក មែក​សឺ​ដេ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7671 ។ ចំណែក​ម្ចាស់​រថយន្ត​ភាគី​ម្ខាង​ទៀត​ឈ្មោះ អ៊ុ​ក ទូច ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ភ្នាក់ងារ​កាសែត​កម្ពុជា​អភិវឌ្ឍន៍​ប្រចាំ​ខេត្ត​ប៉ៃលិន ជិះ​រថយន្ត​ម៉ាក តូ​យ៉ូ​តា តា​កូ​ម៉ា ពណ៌​ស្ករ ពាក់​ស្លាក​លេខ បាត់ដំបង 2A-6331 ក្នុង​ស្ថានភាព​បញ្ច្រាសទិស​គ្នា រង​ការ​ខូចខាត​ផ្នែក​ខាងឆ្វេង ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក តូ​យ៉ូ​តា តា​កូ​ម៉ា ពណ៌​ស្ករ បើកបរ​ដោយ​អ្នក​យក​ព័ត៌មាន​កាសែត​កម្ពុជា​អភិវឌ្ឍន៍ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​មធ្យម លុះ​បន្ទាប់​មក​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​មែក​សឺ​ដេ​ស ពណ៌​ខ្មៅ ដែល​មាន​គ្នា​ជិះ​ក្នុង​រថយន្ត​ចំនួន​៦​នាក់ ក្នុង​ល្បឿន​លឿន ក៏​រេច​ង្កូ​ច​ពេញ​ផ្លួ​វ ដោយ​ប្រហែលជា​អ្នកបើកបរ​ស្រវឹងស្រា ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ហើយ​ក៏​បុក​រថយន្ត​តូ​យ៉ូ​តា​តា​កូ​ម៉ា​របស់​អ្នកកាសែត​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បែក​កង់​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​ម្ចាស់​រថយន្ត​មែក​សឺ​ដេ​ស​ចុះ​ពី​រថយន្ត​ដើរ​សំដៅ​ទៅ​រក​ម្ចាស់​រថយន្ត​តា​កូ​ម៉ា ព្រមទាំង​ដក​កូនសោ​ម្ចាស់​រថយន្ត​រង​គ្រោះ​ទុក ស្រប​ពេល​នោះ​ស្រាប់តែ​មាន​សមត្ថកិច្ច​ចរាចរណ៍​ដែល​ស្លៀកពាក់​ស៊ី​វិល​បាន​ចូល​មក​មើល ក៏​ត្រួ​វ​បាន​ម្ចាស់​រថយន្ត​មែក​សឺ​ដេ​ស​និយាយ​ដៀមដាម​មើលងាយ​ថា បើ​សមត្ថកិច្ច​ម្តេច​មិន​ស្លៀកពាក់​ឯកសណ្ឋាន​មក​ពិនិត្យ ហើយ​គ្មាន​ស័ក្តិ​ពាក់​នឹង​គេ​ទៀត ។

ប្រភព​ព័ត៌មាន​បង្ហើប​បន្ត​ថា ក្រុម​បក្សពួក​ម្ចាស់​រថយន្ត​មែក​សឺ​ដេ​ស​ចង់វាយ​ទៅ​លើ​សមត្ថកិច្ច​រូប​នោះ​ផង​ដែរ ។ បន្ទាប់​ពី​ប្រកែក​គ្នា​មួយសន្ទុះ ស្រាប់តែ​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​ចុះ​ទៅ​វាស់វែង ដោយ​ឲ្យ​រថយន្ត​មែក​សឺ​ដេ​ស និង​រថយន្ត​តា​កូ​ម៉ា យក​ទៅ​ធ្វើ​រៀងខ្លួន ។ លុះ​ព្រឹក​ថ្ងៃ​បន្ទាប់ ភាគី​រថយន្ត​តា​កូ​ម៉ា​មិន​សុខចិត្ត​ក៏​ទូរស័ព្ទ​ហៅ​ម្ចាស់​រថយន្ត​មែក​សឺ​ដេ​ស​ឲ្យ​មក​ដោះស្រាយ តែ​ត្រួ​វ​ម្ចាស់​រថយន្ត​មែក​សឺ​ដេ​ស​និយាយ​ថា «​បើ​ចង់​ឲ្យ​គេ​សង លុះត្រាតែ​សង​រថយន្ត​គេ​វិញ​ផង ទើប​គេ​សុខចិត្ត​» ហើយ​ក៏​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ចរាចរណ៍​មក​មើល​ម្តងទៀត ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា នេះ ខាង​ម្ចាស់​រថយន្ត​តា​កូ​ម៉ា​បាន​ទាមទារ​ឱ្យ​សង​ប្រាក់​ចំនួន​៤០០​ដុល្លារ ទើប​សុខចិត្ត ហើយ​មិន​ទាន់​ដឹង​ថា ម្ចាស់​រថយន្ត​មែក​សឺ​ដេ​ស​សង​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​អាងខ្នង​ធំ​ប៉ុន​ដំរី ៕