ដើរទៅ​ហៅ​ប្តី មក​ហូបបាយ ត្រូវ​ជន​មិន​ស្គាល់មុខ បាញ់​របួស​ជើង

ភ្នំពេញ:
ខណៈ​ដើរទៅ​ហៅ​ប្តី ដែល​កុំ​ពុង​ផឹកស្រា ជាមួយ​មិត្ត​ភ​ក្កិ អោយមក​ហូបបាយ ស្ត្រី​ម្នាក់ ត្រូវបាន​ជនសង្ស័យ មិន​ស្គាល់មុខ បាញ់​១​គ្រាប់ ចំ​កែងជើង​ខាងឆ្វេង បណ្ដាល​ឲ្យ​រងរបួស ដោយ​មិនដឹង​មូលហេតុ​។​

​ហេតុការណ៍​នេះ បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង ១១ យប់ ថ្ងៃទី​៥ ខែ​កក្ដ​ដា ឆ្នាំ​២០១៦ នៅតាម​ផ្លូវ​បេតុង​លេខ​៤៣២ បន្ទប់​ផ្ទះជួល ជាប់​ជញ្ជាំង​រោងចក្រ​ដែកគោល ស្ថិតក្នុង​ភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​សម្ដី​របស់​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថាៈ ពេល​កើតហេតុ គាត់​បាន​ដើរមក​ហៅ​ប្ដី​របស់គាត់ ដែល​កំពុងតែ​ហូប​ស្រា នៅ​បន្ទប់​លេខ​១A នៅ​ជិតខាង​គ្នា អោយទៅ​ហូបបាយ ស្រាប់តែ​ឮសូរ ដូច​គេ​គប់​ដុំថ្ម មក​ត្រូវ​កែងជើង ខាងឆ្វេង​របស់ខ្លួន រួចហើយ​គាត់ បាន​ដួល​ទៅនឹង​ដី​តែម្ដង​។ ភ្លាមៗ​នោះ កូន​របស់គាត់ បាន​ដឹក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន​។​

​ជនរងគ្រោះ  ឈ្មោះ​ប្រាក់ សុខ​ឃា អាយុ​៥២​ឆ្នាំ មុខរបរ​កម្ម​ករោង​ចក្រ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៤A មាន​ប្ដី​ឈ្មោះ ធាន ធឿន អាយុ​៥៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ជាមួយគ្នា​។

​ក្រោយមក​គេ​ឃើញ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ ដើម្បី​វែកមុខ​ជនសង្ស័យ​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល សង្កាត់​បឹងទំពុន ដើម្បី​ឲ្យ​សមត្ថកិច្ច ជួយ​វែកមុខ​ជនសង្ស័យ និង​ចាប់​មក​ផ្ដន្ទាទោស តាមច្បាប់​៕N​/S