តោះទៅមើលផ្សារនេះបន្តិចមើល៍! វាជាផ្សារលក់របស់ធម្មជាតិ ដ៏តូចជាងគេនៅភ្នំពេញមែនទេ?

ភ្នំពេញ៖ ផ្សារគឺជាទីកន្លែង ដែលប្រមូលផ្ដុំដោយអ្នកលក់ និងអ្នកទិញ ដែលនាពេលបច្ចុប្បន្ននេះមានផ្សារធំៗជាច្រើន នៅក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារអូឡាំពិក, ផ្សារអូរឫស្សី, ផ្សារធំថ្មី និងផ្សារទំនើបៗជាដើម ខណៈដែលមានផ្សារតូចៗ ជាច្រើនរីកដូចផ្សិត តែប្រហែលជាបងប្អូនមួយចំនួនធំ មិនបានជ្រាបនោះទេ។ ក៏ដូចជាផ្សារតូច ឬកន្លែងលក់បន្លែ ត្រី សាច់ មួយកន្លែងមិនមានឈ្មោះ និងមានទីតាំងនៅម្ដុំចំការដូង ផ្លូវព្រៃស ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ បានប្រមែប្រមូលអ្នកលក់ ប្រហែលជា ៥-១០នាក់ នាំគ្នាដាក់លក់ជាហូរហែរ និងជាប្រចាំ។

យ៉ាងណាមិញ ការរកស៊ីចិញ្ចឹម គឺតែងតែមាននៅគ្រប់ទីកន្លែងទាំងអស់ មិនថានៅក្នុងទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការនោះទេ ដែលជាទូទៅមនុស្សម្នាក់ៗ សុទ្ធតែមានមុខរបរ រកស៊ីខុសប្លែកពីគ្នា អ្នកខ្លះធ្វើជំនួញ ឬអាជីវកម្ម ខ្លះធ្វើកសិកម្ម ឬធ្វើកម្មករគេ និងប្រកបមុខរបរលក់ដូរផ្សេងៗទៀត ជាច្រើនឱ្យតែអាចប្តូរយកកំរៃបានសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដូចជាអ្នកលក់ទាំងនេះជាដើម។ ជាក់ស្តែងសម្រាប់ផ្សារតូចខាងលើ បើយើងជិះទៅដល់ទីនោះ នៅវេលាប្រហែលជាម៉ោង ៣ឬ៤រសៀល យើងនឹងឃើញ មានអ្នកលក់ត្រឹមតែ ៥-១០នាក់ ប៉ុណ្ណោះ កំពុងដង្ហែរគ្នាប្របមាត់ផ្លូវ ហើយនិង មានអ្នកដំណើរមួយចំនួន បណ្តាក់គ្នាចុះមកទិញមិនដាច់សោះ។

ជាមួយគ្នានេះដែរ ក្រុមការងារខ្មែរឡូត បានចុះទៅសាកសួរអ្នកលក់ និងអ្នកទិញនៅទីនោះផ្ទាល់ ពីមូលហេតុដែលអាច កកើតក្លាយទៅជាផ្សារដ៏តូចបែបនេះ? និងពួកគាត់មានលក់របស់អ្វីខ្លះ?

នេះបើតាមការសម្ភាសន៍ជាមួយនឹង អ្នកមីងឯម ចន្ធី អាយុ ៤៤ឆ្នាំ ដែលមានទឹកមុខញញឹមស្វាគមន៍រាក់ទាក់ និងជាអ្នកលក់ត្រីនៅទីនោះជាប្រចាំ បានរៀបរាប់ឲ្យដឹងថា៖ “ខ្ញុំបានមកលក់ត្រីទីនេះយូរដែរហើយ គឺតាំងពីមុខចូលឆ្នាំខ្មែរមកម្ល៉េះ។ កាលពីដំបូងខ្ញុំមកលក់តាមគេតាមឯង ឃើញថាលក់ដាច់គួរសម មានមនុស្សមកទិញច្រើនដែរ ខ្ញុំក៏សម្រេចចិត្តដើររកទិញត្រីបន្ត ពីអ្នកអូសអួន យកមកលក់ដោយក្នុងមួយថ្ងៃត្រូវចំណាយប្រាក់ដើមអស់ពី ២០-២៥ម៉ឺនរៀលបើគិតពីប្រាក់ចំណេញវិញបានត្រឹមតែ២-៣ម៉ឺន រៀលប៉ុណ្ណោះក្មួយអើយ។ ប៉ុន្តែដោយសារមានជីវភាពក្រីក្រត្រូវតែរកស៊ីឱ្យតែ មានផ្លូវចេះតែរកទៅ ណាមួយវានៅជិតផ្ទះផង បើដើរសុំគេមាននរណាគេឱ្យយើង! ម្ល៉េះ ហើយមានតែខំប្រឹងប្រែងរកស៊ីចិញ្ចឹមកូន ដោយខ្លួនឯង ប្រសើរជាងដើរលួច ឆក់ប្លន់គេដែរ។ រាល់ថ្ងៃខ្ញុំមានលក់ត្រី អន្ទង់ មាន់ ទា ខ្យង និងបន្លែខ្លះគ្រាន់បាន គួបផ្សំគ្នាហើយរបស់អស់នេះសុទ្ធ តែយកមកពីគេទាំងអស់លក់ យកចំណេញតែបន្តិចបន្ដួចទេ។

សព្វថ្ងៃអ្នកមីងមានលំនៅនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោររាជធានីភ្នំពេញ ហើយស្រុកកំណើតគាត់ គឺនៅឯខេត្តកំពង់ស្ពឺ ឯណោះដោយត្រូវផ្លាស់ ទីកន្លែងមករស់នៅតាមប្តីទើបបានជាមកដល់ទីនេះ។

មិនខុសគ្នានេះដែរអ្នកមីង សួន ស៊ីថា អាយុ ៤៥ ឆ្នាំ រស់នៅភូមិឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោរដូចគ្នា ក៏បាននិយាយប្រាប់ក្រុមការងារយើងថា៖ “ខ្ញុំតែងមិនសូវបានលក់រាល់ថ្ងៃទេ ព្រោះមានថ្ងៃខ្លះរកទិញត្រីមិនបាន ហើយខ្ញុំមកលក់នៅទីនេះបាន៤-៥ខែហើយ ដោយសារតែវានៅក្បែរផ្ទះងាយស្រួលទៅមក ចំពោះមូលហេតុដែលខ្ញុំមកលក់ដូរនៅនេះ ព្រោះមានឃើញគេលក់ និងមានអ្នកដំណើរឈប់ ទិញច្រើនមើលទៅដាច់ខ្លាំងដែរ ខ្ញុំឆ្លៀតពេលមកលក់នឹងគេ! ដូចជាត្រីប្រឡាក់ ត្រីស្រស់ អណ្តើក អន្ទង់ ត្រកួន ព្រលឹតអីជាដើមហ្នឹង! គ្រួសារខ្ញុំមានជីវភាពក្រីក្រ លំបាកទើបខ្ញុំបានចាប់អាជីពនេះថ្មីមួយទៀត ក្រោយពីទំនេរពីការលក់ដូរឥវ៉ាន់ចាប់ហួយ តិចតួចនៅផ្ទះ ហើយនៅក្នុងមួយថ្ងៃខ្ញុំលក់ចំណេញបានប្រាក់តែ ១ឬ២ម៉ឺនរៀល តែប៉ុណ្ណោះ គ្រាន់នឹងជួយទប់ជីវភាពគ្នានៅក្នុងគ្រួសារ។” សូមបញ្ជាក់ថា សព្វថ្ងៃអ្នកមីងស៊ីថាមានកូនស្រី ៣នាក់សុទ្ធតែធ្វើការរោងចក្រនៅម្តុំទួលពង្រ ទាំងអស់ដើម្បីចិញ្ចឹមគ្រួសារ គ្មាននរណាម្នាក់ទំនេរ អត់មានកាងារធ្វើនោះទេ។

អ្នកមីងបន្ថែមថា៖ “ពីមួយថ្ងៃទៅមួយថ្ងៃអ្នកដំណើរតាមផ្លូវកាន់តែមកទិញ ច្រើនឡើងៗ រហូតដល់អ្នកភូមិ ដែលរស់នៅក្នុងស្រុកភូមិជាមួយគ្នា ក៏មកជួយទិញត្រី បន្លែខ្ញុំពីទីនេះទៅវិញផង ក៏មាននៅថ្ងៃខ្លះជាពិសេស ក៏មានអ្នកជិះឡានទំនើបៗឈប់ទិញមិនដាច់ដែរ ដោយសារតែអ្នកលក់ទាំងអស់សុទ្ធតែ លក់បន្លែធម្មជាតិគ្មានជាតិគីមី។”

បន្ថែមពីនេះ ខ្មែរឡូត ក៏បានជួយជាមួយអ្នកមីងវិន ដែលគាត់ជាអ្នកលក់បន្លែត្រកួន និងកញ្ឆែត នៅជិតគ្នានេះដែរបានប្រាប់ឱ្យដឹងថា៖“ខ្ញុំមកលក់តាំងពីម៉ោង៣ឬ៣កន្លះ ហើយមួយថ្ងៃលក់បានប្រាក់តែ ៤ទៅ៥ពាន់ប៉ុណ្ណោះនៅថ្ងៃខ្លះគឺខ្ញុំមិនបានមកលក់ទេ ព្រោះរកបន្លែអត់បាន ត្រូវចាំឱ្យត្រកួន កញ្ឆែតតាមបាតស្រះ ឬប្រឡាយនោះលាស់ ត្រួយសារជាថ្មីឡើងវិញសិន បានបេះយកមកលក់ទៀតបាន ហើយបន្លែដែលខ្ញុំបេះ យកមកលក់នៅទីនេះ គ្មានដាក់ជីគីមីអីទាំងអស់ វាបានមកពីការដើរបេះតាមស្រែ មាត់ស្រះ និងបឹងបួរនានានៅក្បែរនេះឯង។” អ្នកមីងសាវិនគាត់មានលំនៅភូមិឃុំខាងលើដូចគ្នា។

ជាចុងបញ្ចប់ខ្មែរឡូត ក៏បានជួបជាមួយបងស្រី សុខ អាយុ២៧ឆ្នាំ ជាអ្នកទិញ គាត់បានបង្ហាញចំណាប់អារម្មណ៍ថា៖“មូលហេតុដែលខ្ញុំតែងមកទិញបន្លែត្រីសាច់នៅទីនេះ ព្រោះវាជារបស់ធម្មជាតិ គ្មានសារជាតិគីមីប៉ះពាល់ដល់សុខភាព ហើយណាមួយ ផ្សារនេះវាទូលាយស្រួលទិញផងដែរ គ្មានភក់ជ្រាំ និងមិនពិបាកប្រជៀតគ្នាទិញ ដូចនៅផ្សារធំៗមានមនុស្សច្រើនអ៊ូអរនោះទេ។”

នៅកន្លែងនេះមានតម្លៃ បន្លែ ត្រី សាច់នៅដូចជា៖ ត្រកួន ១បាច់១,០០០៛, កញ្ឆែត១បាច់១,០០០៛, ខ្ញីមួយខាំ ១,០០០៛, ក្រសាំងង១ផ្លែ១០០៛, ត្រីផ្ទក់១គីឡូតម្លៃ២០,០០០៛, ត្រីអណ្តែង២០,០០០៛ជាដើម -ល-។ បន្ទាប់មកខ្មែរឡូត បានសួរសំណួរមួយចំនួនទៀត ដែលទាក់ទងទីនេះ ទៅកាន់បងស្រីសុខ និងគាត់បានរៀបរាប់បន្ថែមថា៖ “សម្រាប់ខ្ញុំគិតថានៅនេះជាផ្សារមួយដែរ (សើច )ហើយប្រហែលជាផ្សារ ដែលតូចជាងគេនៅស្រុកខ្មែរយើង ព្រោះអ្នកលក់ក៏តិច ឯអ្នកទិញហ្នឹងក៏មិនសូវជាច្រើន សន្ធឹកសន្ធាប់ណាស់ណាដែរ បើប្រៀបធៀបជាមួយនឹងផ្សារ ដែលនៅក្នុងទីប្រជុំជនផ្សេងទៀតនេះបើតាមគំនិតខ្ញុំគិតមើលទៅ។” ឯអ្នកមីងចន្ធី អ្នកមីងស៊ីថា និងអ្នកមីងវិន វិញពួកគាត់ក៏មានគំនិតស្របគ្នាដែរថា នៅទីនេះប្រហែល ជាផ្សារដែលតូចជាងគេ នៅស្រុកយើងហើយ ព្រោះវាពិតជាមានមនុស្សតិចមែន។ ចំពោះរឿងដែលទាក់ទងទៅនឹងការស្ទាប់ស្ទង់មតិពីផ្សារនេះវិញ ថាតើពួកគាត់ចង់ឱ្យទីនេះក្លាយ ទៅជាផ្សារធំដែរទេ? ចម្លើយដែលខ្មែរឡូត ទទួលបាននោះគឺ៥០% ពួកគាត់ពិតជាចង់ឱ្យវាក្លាយទៅជាផ្សារធំដែរ និងអាចងាយស្រួលលក់ដូរបានច្រើនជាងមុន ប៉ុន្តែ ៥០%ទៀតគាត់ចង់ឱ្យទីនេះនៅដូច្នេះដដែល គឺដោយសារតែទី១ បើសិនទីនេះជាផ្សារធំដុំពិតមែន ពួកគាត់អាច នឹងគ្មានលទ្ធភាពជួលតូបលក់ បានទេព្រោះភាគច្រើនអ្នកដែលមកលក់សុទ្ធតែមានជីវភាព ខ្សត់ខ្សោយដូចគ្នា អ្នកខ្លះគ្មានទាំងដើមទុនសម្រាប់ទិញរបស់របរយកមកលក់ផង គឺមានតែរកតាមវាលស្រែ វាលបឹងដែលវាដុះដោយឯកឯងតែប៉ុណ្ណោះ។

ចុះតាមយោបល់ប្រិយមិត្តទាំងអស់គ្នាវិញគិតថា តើនេះជាផ្សារដែលតូចជាងគេនៅភ្នំពេញយើង ឬក៏យ៉ាងណា?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តោះទៅមើលផ្សារនេះបន្តិចមើល៍! វាជាផ្សារលក់របស់ធម្មជាតិ ដ៏តូចជាងគេនៅភ្នំពេញមែនទេ?
រូបភាព៖ អ្នកមីង ឯម ចន្ធី មុខរបរបច្ចុប្បន្នជាអ្នកលក់ត្រី

តោះទៅមើលផ្សារនេះបន្តិចមើល៍! វាជាផ្សារលក់របស់ធម្មជាតិ ដ៏តូចជាងគេនៅភ្នំពេញមែនទេ?

តោះទៅមើលផ្សារនេះបន្តិចមើល៍! វាជាផ្សារលក់របស់ធម្មជាតិ ដ៏តូចជាងគេនៅភ្នំពេញមែនទេ?
រូបភាព៖ អ្នកមីង សួន ស៊ីថា

តោះទៅមើលផ្សារនេះបន្តិចមើល៍! វាជាផ្សារលក់របស់ធម្មជាតិ ដ៏តូចជាងគេនៅភ្នំពេញមែនទេ?

តោះទៅមើលផ្សារនេះបន្តិចមើល៍! វាជាផ្សារលក់របស់ធម្មជាតិ ដ៏តូចជាងគេនៅភ្នំពេញមែនទេ?

តោះទៅមើលផ្សារនេះបន្តិចមើល៍! វាជាផ្សារលក់របស់ធម្មជាតិ ដ៏តូចជាងគេនៅភ្នំពេញមែនទេ?
រូបភាព៖ អ្នកមីងសាវិន

តោះទៅមើលផ្សារនេះបន្តិចមើល៍! វាជាផ្សារលក់របស់ធម្មជាតិ ដ៏តូចជាងគេនៅភ្នំពេញមែនទេ?

តោះទៅមើលផ្សារនេះបន្តិចមើល៍! វាជាផ្សារលក់របស់ធម្មជាតិ ដ៏តូចជាងគេនៅភ្នំពេញមែនទេ?
រូបភាព៖ បងស្រី សុខ

តោះទៅមើលផ្សារនេះបន្តិចមើល៍! វាជាផ្សារលក់របស់ធម្មជាតិ ដ៏តូចជាងគេនៅភ្នំពេញមែនទេ?
រូបភាព៖ ទិដ្ឋភាពទីកន្លែងលក់ទាំងមូល

តោះទៅមើលផ្សារនេះបន្តិចមើល៍! វាជាផ្សារលក់របស់ធម្មជាតិ ដ៏តូចជាងគេនៅភ្នំពេញមែនទេ?
រូបភាព៖ ទិដ្ឋភាពនៅផ្សារនេះពេលព្រឹកព្រលឹម