ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ស្រី/​ប្រុស​៧​នាក់ ដែល​ស្នាក់នៅ​ខុសច្បាប់ ​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ស្រី/​ប្រុស​៧​នាក់ ដែល​ស្នាក់នៅ​ខុសច្បាប់ ​



សៀមរាប ​៖ ​កម្លាំង​ការិយាល័យ នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន ស៊ើបអង្កេត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ការ​ចុះ​ត្រួតពិនិត្យ​​​ជនបរទេស​នៅ​តាម​ការដ្ឋាន​សំណង់ ក្លិប​វាយ​កូនគោល ប៊ូ​យ៉ុង​ខោ​ន​ទ្រី​ក្លិប ខណៈ​ពួកគេ​កំពុង​ធ្វើការ​នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ​​​ដោយ​ឃាត់​ខ្លួន​បាន​ជនបរទេស​ប្រុស/​ស្រី​ចំនួន​៧​នាក់ រួច​នាំ​យក​មក​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ។

ហេតុការណ៍​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ខាង​លើ​នេះ ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​រុន សង្កាត់​អំពិល ក្រុង​-​ខេត្ត​សៀមរាប ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ទោ​ ជា គឹម​សាន ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួត​ពិនិត្យ​ជនបរទេស​នេះ​ កម្លាំង​នគរបាល​ចម្រុះ​បាន​រក​ឃើញ ​ជនបរទេស​ប្រុស/​ស្រី​ចំនួន​០៧​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​០២​នាក់​(ស្រី​០១​នាក់) គ្មាន​ឯកសារ​ជាប់​ខ្លួន ជនជាតិ​កូរ៉េ​០៣​នាក់ ​(ប្រុស) គ្មាន​ឯកសារ​ជាប់​ខ្លួន​០១​នាក់ និង​០២​នាក់​ទៀត​មាន​ឯកសារ​ត្រឹមត្រូវ។ ប៉ុន្តែ​ប្រើប្រាស់​ទិដ្ឋាការ​ដោយ​ពុំ​មាន​ប័ណ្ណ​ការងារ។ ចំណែក​ជនជាតិ​វៀតណាម (ប្រុស​០២​នាក់) គ្មាន​ឯកសារ​ជាប់​ខ្លួន។

បច្ចុប្បន្ន​ ជនបរទេស​ប្រុស​/ស្រី​ទាំង​០៧​នាក់​ខាង​លើ​នេះ ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀប​សំណុំ​រឿង​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់៕