រដ្ឋាភិបាលយោធាថៃរៀបចំមណ្ឌលសន្តិសុខសម្រាប់​ការបោះឆ្នោត​លើរដ្ឋធម្មនុញ្ញថ្មី

រដ្ឋាភិបាលយោធាថៃបានរៀបចំទីតាំងមជ្ឈមណ្ឌលសន្តិសុខនៅទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់ដំណើរការបោះឆ្នោតស្ទង់មតិលើរដ្ឋធម្មនុញ្ញថ្មីដែលព្រាងដោយពួកយោធានៅខែសីហាខាងមុខ។

មជ្ឈមណ្ឌលសន្តិសុខគឺជាគោលការណ៍ថ្មីរបស់រដ្ឋាភិបាលសម្រាប់ដាក់សម្ពាធ ខណៈថៃរៀបចំដំណើរការបោះឆ្នោតស្ទង់មតិលើរដ្ឋធម្មនុញ្ញទី២០ ដែលជំនួសរដ្ឋធម្មនុញ្ញចាស់ ក្រោយពេលក្រុមយោធាធ្វើរដ្ឋប្រហារឡើងកាន់អំណាចនៅឆ្នាំ២០១៤ ហើយសន្យាថានឹងធ្វើឲ្យប្រទេសមានសន្តិភាព ស្ថេរភាព និងមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២នៅអាស៊ីអាគ្នេយ៍។ នេះបើតាមគេហទំព័រ South China Morning Post។

រដ្ឋាភិបាលបញ្ជាក់ថាការបង្កើតមជ្ឈមណ្ឌលនេះឡើងគឺដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ដែលបង្កើតឡើងនៅក្នុង១ខេត្ត១កន្លែង ហើយមាននៅគ្រប់ខេត្តទូទាំងប្រទេសចំនួន៧៦ខេត្ត។

រដ្ឋាភិបាលថៃក៏ដាក់បញ្ជាចេញឲ្យមានវិធានការច្បាស់លាស់ក្នុងការធ្វើយ៉ាងណាកុំឲ្យមានការលួចបន្លំ ការបញ្ចុះបញ្ចូល និងការទិញទឹកចិត្តប្រជាពលរដ្ឋឲ្យបោះឆ្នោតគាំទ្រឬមិនគាំទ្រនោះទេ៕

ប្រភពៈ VOD