តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​បក្ស​​​ប្រឆាំង៖​​​ លោក ស ខេង និង​លោក​​​ កឹម ​​​សុខា​​​  ប្រហែល​​​បាន​ជជែក​គ្នា

តំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រឆាំងមួយរូបបាននិយាយកាលពីម្សិលមិញថា លោកកឹម សុខា អនុប្រធានគណបក្សប្រឆាំង ដែលលោកនាយករដ្ឋមន្ត្រីបានគំរាមកាលពីសប្តាហ៍មុនថា នឹងដាក់គុក “រហូត”នោះ បានទាក់ទងទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីស្វះស្វែងរកការចរចា។ លោក កឹម សុខា បាននិងកំពុងសម្ងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិចាប់តាំងពីថ្ងៃទី២៦ខែឧសភាមក នៅពេលដែលនគរបាលបានព្យាយាមចាប់ខ្លួនលោក ជាផ្នែកមួយនៃរឿងអាស្រូវផ្លូវភេទដែលកំពុងត្រូវអាជ្ញាធរសើុបអង្កេតប៉ុន្តែ មិនទាន់បានប៉ះពាល់ទេតាំងពីពេលនោះមក ដោយគណបក្សប្រឆាំងបានគំរាមថានឹងធ្វើការតវ៉ាដ៏ធំប្រសិនបើលោកជាប់ពន្ធនាគារ។ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ កាលពីម្សិលមិញថា សហការីម្នាក់បានប្រាប់លោកថា លោក កឹម សុខា បានទាក់ទងលោក ស ខេង ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងសភាជាតិ ដើម្បីស្នើឲ្យមានការចរចាបន្ធូរស្ថានការណ៍។ ដោយសំដៅដល់ការប្រជុំមួយនៃក្រុមមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនៅទីក្រុងម៉ានីលកាលពីសប្តាហ៍មុន លោក សុន ឆ័យ បានមានប្រសាសន៍ថា “មានសំណើឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់[ នៃគណបក្សសង្គ្រោះជាតិ] ជួបលោក ស ខេង នៅពេលពួកគេមកពីក្រៅ ប្រទេសវិញ ប៉ុន្តែ យើងមិនបានឮការឆ្លើយ តបជាវិជ្ជមានទេ”។ លោកបានមានប្រសាសន៍ថា ”ខ្ញុំជឿថា  ប្រាកដជាលោក កឹម សុខា។ ខ្ញុំជឿថា គឺតាមទូរស័ព្ទ។ គេបានប្រាប់ខ្ញុំអំពីរឿងនេះ ប៉ុន្តែ  មិនល្អិតល្អន់ទេ។ ថាតើវាជាសារ ឬជាការនិយាយទូរស័ព្ទ ខ្ញុំមិនដឹងច្បាស់ទេ”។ លោក សុន ឆ័យ បានបង្វែរសំណួរទៅលោក មុត ចន្ថា នាយខុទ្ទកាល័យរបស់លោក  កឹម សុខា ដែលមិនអាចទាក់ទងបានកាលពីម្សិលមិញ។ ក៏ប៉ុន្តែ សារមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់អនុប្រធានគណបក្សសង្គ្រោះ ជាតិបានលើកឡើងថា លោកបានទាក់ទងទៅ ”ថ្នាក់ដឹកនាំ” របស់គណបក្សប្រជាជនកម្ពុជាសុំឲ្យមានការចរចា។ សារនេះមានខ្លឹមសារថា ”យើងនៅតែទាមទារឲ្យមានការចរចារវាងគណបក្សធំទាំងពីរនេះនៅក្នុងសភា។ បញ្ហាមួយនេះយើង បានបោះដៃទំនាក់ទំនងទៅកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារួចហើយ ក៏ប៉ុន្តែ  យើងមិនទាន់ទទួលបានចម្លើយជាវិជ្ជមាននៅឡើយ”។ កូនស្រីរបស់លោក កឹម សុខា បាននិយាយ ថា គណបក្សសង្គ្រោះជាតិនឹងមិនយល់ព្រមទៅនឹងការព្រមព្រៀងណាមួយដែលមិនបញ្ចប់ការធ្វើទុក្ខបុកម្នេញរបស់គណបក្សប្រជាជនកម្ពុជាលើសកម្មជនគណបក្សសង្គ្រោះជាតិតាមរយៈប្រព័ន្ធតុលាការឡើយ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា មិនអាចមានការចរចាដែលអាចមានឥទ្ធិពលលើឯករាជ្យភាពរបស់តុលាការទេ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនបានដឹងអំពីការទាក់ទងណាមួយដែលធ្វើឡើងជាមួយលោក ស ខេង នោះទេ។ លោកបានមានប្រសាសន៍ថា “ប៉ុន្តែ ប្រសិនបើគេចង់ចរចា គេគួរទៅរដ្ឋសភា ហើយស្នើឡើងនូវអ្វីដែលពួកគេចង់បាន”។ លោកបានមានប្រសាសន៍បន្ថែមថា គណបក្សសង្គ្រោះជាតិត្រូវប្រយ័ត្នប្រយែងក្នុងការលើកបញ្ហារបស់ខ្លួន។ “ បញ្ហានយោបាយរបស់ពួកគេជាករណីបុគ្គលតែប៉ុណ្ណោះ ដូច្នេះយើងនឹងមិនព្រមព្រៀងគ្នាទេ។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាចរចាអំពីរឿងនោះ វានឹងប៉ះពាល់ដល់នីតិវិធីរបស់តុលាការ”។ លោក ហែម សុជាតិ មេធាវីមួយរូបថ្លែងថា ដោយឡែក កាលពីព្រឹកម្សិលមិញ សាលាឧទ្ធរណ៍បានច្រានចោលការអង្វរករពីក្រុមមេធាវីរបស់លោក កឹម សុខា […]

The post តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​បក្ស​​​ប្រឆាំង៖​​​ លោក ស ខេង និង​លោក​​​ កឹម ​​​សុខា​​​  ប្រហែល​​​បាន​ជជែក​គ្នា appeared first on The Cambodia Daily.