រដ្ឋាភិបាល​ប្រកាស​ពង្រឹង​ច្បាប់​សហជីព ​ទោះបី​សហជីព​កម្មករ​មិន​គាំទ្រ​ក្តី

លោក អ៊ិត សំហេង រំពឹងថា ក្រោយពីច្បាប់សហជីពចូលជាធរមាននោះ ចំនួនសហជីពមូលដ្ឋាននឹងមានការកើនឡើង ព្រមទាំងមានការថយចុះនូវចំនួនបាតុកម្ម និងកូដកម្មខុសច្បាប់ ដែលប្រព្រឹត្តល្មើសនឹងមានការថមថយ ដោយសារមានការគោរពច្បាប់សហជីពនោះ។

ភ្នំពេញ —រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគឺលោក អ៊ិត សំហេង នៅថ្ងៃអង្គារទី៥ ខែកក្កដានេះ បានស្នើឲ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តច្បាប់សហជីព ដែលបានប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅនេះ។ ការលើកឡើងនេះធ្វើឡើងមិនបានប៉ុន្មានថ្ងៃផងទេ ក្រោយពីក្រសួងនេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការចូលជាធរមាននៃច្បាប់ដ៏ចម្រូងចម្រាស់ស្តីពីសហជីពកាលពីសប្តាហ៍មុន។

ថ្លែងនៅក្នុងសន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាលើកទី៧ នាព្រឹកថ្ងៃអង្គារនេះ លោក អ៊ិត សំហេង រំពឹងថា ក្រោយពីច្បាប់សហជីពចូលជាធរមាននោះ ចំនួនសហជីពមូលដ្ឋាននឹងមានការកើនឡើង ព្រមទាំងមានការថយចុះនូវចំនួនបាតុកម្ម និងកូដកម្មខុសច្បាប់ ដែលប្រព្រឹត្តល្មើសនឹងមានការថមថយ ដោយសារមានការគោរពច្បាប់សហជីពនោះ។

«ហើយយើងមិនលើកលែងទេសម្រាប់អ្នកណាដែលធ្វើខុសច្បាប់។ ទោះបីខ្លួនឯងជាមន្ត្រីក៏ដោយ បើមិនចុះបញ្ជីការដល់សហជីពទាន់ពេលវេលា ហើយនិយោជកដែលរើសអើងសហជីព ដែលដេញសហជីព ឬមេដឹកនាំសហជីពខុសនីតិវិធីក៏មិនអនុគ្រោះដែរ ហើយសហជីពខ្លួនឯងដែលធ្វើខុសច្បាប់ក៏មិនរួចខ្លួនដែរ គឺត្រូវតែអនុវត្តច្បាប់ដូចៗគ្នា ស្មើភាពគ្នានៅមុខច្បាប់»។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបន្ថែមទៀតថា ក្រសួងការងារសហការជាមួយអង្គការពលកម្មអន្តរជាតិ ILO កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីតុលាការការងារ ដែលគ្រោងនឹងបញ្ចប់នាឆ្នាំ២០១៧ខាងមុខនេះ។ តុលាការការងារជាតុលាការជំនាញគ្របដណ្តប់លើវិវាទការងារ ដែលអាចឈានដល់ការដាក់សម្ពាធផ្លូវច្បាប់ឲ្យទាំងភាគីនិយោជក និងកម្មករគោរពតាម។ តុលាការការងារ ដែលមិនទាន់លេចចេញជារូបរាងនេះ ត្រូវបានគេរំពឹងថា នឹងអាចមានអំណាចដោះស្រាយវិវាទការងារឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងអាចកាត់បន្ថយវិវាទការងារជាអតិបរមា។

លោកស្រី ឈីវ ភិរម្យ តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល ថ្លែងថា ការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបច្ចុប្បន្ននេះមានភាពចាស់ទុំជាងមុន។ ភាពចាស់ទុំនេះសំដៅដល់ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ការកើតឡើងនៃបេឡាសន្តិសុខសង្គម និងការទាមទាររបស់ភាគីកម្មករ ជាក់ស្តែងការទាមទារឲ្យមានសុខុមាលភាពការងារជាដើម។

នៅក្នុងសន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា លោកស្រី ឈីវ ភិរម្យ បានកត់សម្គាល់ការវិវត្តចំពោះការទាមទាររបស់ភាគីកម្មករ និយោជិតយ៉ាងដូច្នេះ៖

«ការទាមទារមានដូចជាទាមទារមិនឲ្យធ្វើការថែមម៉ោងលើសការកំណត់នៃច្បាប់ ការទាមទារឲ្យអនុវត្តប្រាក់ខែអប្បបរមា ការទាមទារឲ្យមានទារកដ្ឋាន និងកន្លែងបំបៅកូនជាដើម។ ការទាមទារមួយរយៈចុងក្រោយបានផ្លាស់ប្តូររូបរាងទៅជាការទាមទារដែលមានលក្ខណៈប្រសើរជាងច្បាប់»។

រដ្ឋាភិបាល​ប្រកាស​ពង្រឹង​ច្បាប់​សហជីព ​ទោះបី​សហជីព​កម្មករ​មិន​គាំទ្រ​ក្តី

ច្បាប់ស្តីពីសហជីព ដែលមាន១៧ជំពូក និង១០០មាត្រានេះ ត្រូវបានរដ្ឋសភាជាតិអនុម័ត ដោយគ្មានការកែប្រែ តាំងពីខែមេសាកន្លងទៅ បើទោះជាមានការតវ៉ាពីសំណាក់កម្មករ និងសហជីពធំៗមួយចំនួនក្នុងពេលពិភាក្សាច្បាប់នេះយ៉ាងណាក៏ដោយ។ ច្បាប់សហជីពនេះរងការរិះគន់ពីក្រុមសហជីព និងមន្ត្រីសង្គមស៊ីវិលថា មានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីព និងភាគីកម្មករ និយោជិត

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ឲ្យដឹងថា បើទោះជាមានចំណុចខ្លះដែលសហជីពកម្មករមិនទាន់ពេញចិត្តចំពោះច្បាប់សហជីពដ៏ចម្រូងចម្រាស់នេះក្តី ក៏ប៉ុន្តែលោកនៅតែរំពឹងថា ច្បាប់សហជីពនេះនឹងត្រូវបានអនុវត្តដោយមានតម្លាភាព និងស្មើភាពគ្នាដោយគ្មានការរើសអើងបក្សពួក។

«ចំពោះយើងផ្ទាល់ ថ្វីបើច្បាប់នេះយើងមិនពេញចិត្តចំណុចមួយចំនួន ដូចជាសិទ្ធិធ្វើកូដកម្ម ការជ្រៀតជ្រែកហិរញ្ញវត្ថុ និងការជ្រៀតជ្រែកកិច្ចការសហជីព តែយើងក៏សង្ឃឹមថា ការអនុវត្តច្បាប់នឹងមានតម្លាភាព និងភាពស្មើគ្នា បើថា ខាងនិយោជក ឬក៏ខាងផ្សេងៗទៀតអនុវត្តមិនត្រូវ ក៏ត្រូវដាក់ទោសដូចគ្នាដែរ»។

បើតាមលោក អាត់ ធន់ កម្មករនៅកម្ពុជានៅតែប្រឈមនឹងបញ្ហា៣សំខាន់ ដែលសហជីពកម្មករឯករាជ្យជារឿយៗ ទាមទារឲ្យមានភាពប្រសើរឡើង ក្នុងនោះរួមមានការបង្ខំឲ្យធ្វើការច្រើនម៉ោង ដោយទទួលបានប្រាក់ឈ្នួលទាប សេរីភាពនៃការជជែកតវ៉ាជាមួយនិយោជក និងបញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែងការងាររបស់កម្មករ។

គិតត្រឹមខែមិថុនាឆ្នាំ២០១៦នេះ កម្ពុជាមានសហជីពមូលដ្ឋានចំនួន៣.៤៦៩ សហព័ន្ធសហជីពចំនួន១០៣ សហភាពសហព័ន្ធសហជីពចំនួន១៨ និងសមាគមនិយោជកចំនួន៨។ ក៏ប៉ុន្តែមានតែសហជីពឯករាជ្យមួយចំនួនប៉ុណ្ណោះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកម្មករ ជាពិសេសគឺកម្មករដែលកំពុងធ្វើការក្នុងឧស្សាហកម្មកាត់ដេរ៕

ប្រភពៈ VOA