លោក សម រង្ស៊ី បញ្ជាក់ថា​ក្រុម​អ្នកកាន់អំណាច​បច្ចុប្បន្ន​មិនអាច​បំភ្លៃ​ការពិត​បានឡើយ​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបញ្ជាក់​កាលពី​ថ្ងៃ​ម្សិលមិញ​ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មិនអាច​សម្រេច​បំណង​មិនល្អ​របស់​ពួកគេ​បានឡើយ ហើយក៏​មិនអាច​បំភ្លៃ​ការពិត​ជុំវិញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​បានដែរ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា សាធារណមតិ​ជាតិ និង​អន្តរជាតិ មានការ​ជ្រួតជ្រាប​ជុំវិញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ពិសេស​តថភាព​សង្គម​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន ច្រើន​ឆ្នាំ​មកនេះ​ដូចនេះ​គ្មាន​អ្នកណាម្នាក់​អាច​បំភ្លៃ​ការពិត​បានឡើយ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ក្នុង​វិបត្តិ​នយោបាយ​បច្ចុប្បន្ន គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន ទទួល​បរាជ័យ ក្នុងការ​ប៉ុនប៉ង​បំពេញ​គោលដៅ​ទាំង​៣​យ៉ាង​របស់​ពួកគេ​ក្នុងនោះ​រួមមាន​៖ ទី​១-​មិនអាច​បំបែក លោក​សម រង្ស៊ី ពី លោក កឹម សុខា ដែលជា​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានឡើយ ទី​២- ការបំភិតបំភ័យ​ពលរដ្ឋ​ឲ្យ​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិនអាច​ធ្វើទៅបាន​ជោគជ័យ​ឡើយ និង​ទី​៣- ការ​បំភ័ន្ត​សហគមន៍​អន្តរជាតិ​ឲ្យ​យល់ច្រឡំ​ពី​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា ហើយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ ប្រតិកម្ម​ចំពោះ​យុទ្ធសាស្ត្រ​បំភិតបំភ័យ និង​បង្ករឿង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចង់​បំផ្លាញ​ដំណើរការ​បោះឆ្នោត ពីព្រោះ​ពួកគេ​ដឹងថា​គេ​នឹង​ចាញ់ឆ្នោត​ពេលណា​មានការ​បោះឆ្នោត​ត្រឹមត្រូវ រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ដែល​កំពុង​ស្ថិតនៅ​ក្នុងដំណាក់កាល​កែទម្រង់​ឲ្យ​មាន​ភាព​ឯករាជ្យ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​បានបញ្ជាក់​ថា ចរន្ត​នៃ​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ប្រៀបបាន​នឹង​ទឹកបាក់​ទំនប់ ហើយក៏​គ្មាន​អ្នកណា​អាច​ទប់ស្កាត់​បានដែរ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​យុវជន មានការ​យល់ដឹង​ច្បាស់លាស់ និង​ទូលំទូលាយ​ពី​លទ្ធិប្រជាធិបតេយ្យ និង​ភាពចាំបាច់​នៃ​ការផ្លាស់ប្តូរ​។ លោក សម រង្ស៊ី បានបញ្ជាក់​ទៀតថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​មានការ​នឿយណាយ និង​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​ក្រុម​អ្នកកាន់អំណាច​បច្ចុប្បន្ន ព្រោះ​នៅក្នុង​សង្គម​កម្ពុ​ជាមាន​បញ្ហា​យ៉ាងច្រើន​ស្អេកស្កះ​មិនអាច​ដោះស្រាយបាន​ក្នុងនោះ​រួមមាន បញ្ហា​អំពើពុករលួយ តុលាការ​អយុត្តិធម៌ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និង​សុខាភិបាល​ជាដើម​នៅតែមាន​ភាពអន់ថយ​ជាង​ប្រទេសជិតខាង​ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែមាន​ភាពក្រីក្រ​លំបាក​តោកយ៉ាក និង​បង្ខំចិត្ត​ទៅធ្វើ​ពលករ​នៅ​បរទេស​រាប់សែន​នាក់​៕

13537502_1136453813078017_1349680669697370871_n