ជនល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ​សហគមន៍​ធ្វើជា​កម្មសិទ្ធិ​ក្នុងស្រុក​បរិបូរណ៍ នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​

​រឿងរ៉ាវ​បុគ្គល​ម្នាក់​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​សហគមន៍​ក្នុង​ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ហើយ​ត្រូវ​ប្រជាពលរដ្ឋ​៣​ភូមិ​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​តាំងពី​ឆ្នាំ​២០១៤​នោះ គឺ​រហូតមក​ដល់ពេលនេះ​តុលាការ​មិនទាន់​ចាត់វិធានការ​តាមច្បាប់​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​នៅ​ភូមិ​សន្លង់ ភូមិ​ក្បាលដំរី និង​ភូមិ​កណ្ដាល ឃុំ​ត្រពាំង​ចាន់ ជាង​៥០០​នាក់​បាន​ផ្ដិតមេដៃ​ធ្វើ​ញត្តិ​ទាមទារ​ឲ្យ​តុលាការ​ព​ន្លឿ​ន​នីតិវិធី ហើយ​មន្ត្រី​ប្ដូរ​បទ​ចោទ​លើ​ជនសង្ស័យ​នោះទេ​។ ប្រធាន​និង​សមាជិក​សហគមន៍​១៨៥​កា​នៃ​ឃុំ​ត្រពាំង​ចាន់​៧​នាក់ នឹងដាក់​ញត្តិ​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង​៥០០​នាក់​ជូន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដើម្បី​ជួយ​អន្តរាគមន៍​ឲ្យ​តុលាការ​ព​ន្លឿ​ន​នីតិវិធី​ប្រឆាំង​អ្នក​បំផ្លាញ​ព្រៃឈើ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រធាន​គណៈកម្មការ​សហគម​ន៍​បាន​ឲ្យ​ដឹងថា ចៅក្រម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ធ្លាប់​កោះហៅ​តំណាង​សហគមន៍​និង​អាជ្ញាធរ​មូលដ្ឋាន​ទៅ​សាកសួរ​ជុំវិញ​ជនល្មើស​ម្នាក់​រំលោភ​កាន់កាប់​ដី​សហគមន៍​ទំហំ​៧៧​អា​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង មិនទាន់​ចាត់វិធានការ​ទៅលើ​ជនសង្ស័យ​ដែល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​នោះទេ ហើយ​ជនសង្ស័យ​បាន​សង់​ខ្ទម​និង​ដាំ​ដំណាំ​លើដី​នោះ​ដោយ​មិន​ស្ដាប់​តាម​ការហាមឃាត់​របស់​តំណាង​សហគមន៍ និង​មន្ត្រី​អាជ្ញាធរ​ឃុំ​ត្រពាំង​ចាន់​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​៣​ភូមិ​សម្រេច​ផ្ដិតមេដៃ​ធ្វើ​ញត្តិ​ដាក់ជូន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ឲ្យ​ចាត់វិធានការ​ដោះស្រាយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សាលាដំបូង​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​មិន​យកចិត្តទុកដាក់​ចាត់វិធានកា​រ​ទៅលើ​ជនសង្ស័យ​ដែល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​១៨៥​កា នៅក្នុង​ឃុំ​ត្រពាំង​ចាន់​នោះទេ​។ បច្ចុប្បន្ន​ដីព្រៃ​សហគមន៍​១៨៥​កា ទំហំ​៦៣១​ហិកតា​ត្រូវបាន​ក្រុម​ជនសង្ស័យ​ទន្ទ្រាន​កាន់កាប់​ជា​បន្តបន្ទាប់ ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​ប្រជា​សហគមន៍ មិនអាច​ទប់ស្កាត់បាន​ទេ ដោយសារ​តុលា​ការមិន​ចាត់ការ​លើ​ជនសង្ស័យ​តាម​ពាក្យបណ្ដឹង​របស់​ប្រជា​សហគមន៍​។ ហេតុនេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ទៅលើ​ក្រុម​ជនសង្ស័យ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

១1លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង