ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចូល​ក្រុង​បាន​លុង យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តរតនគិរី ជាបន្ទាន់​។ ការអំពាវនាវ​បែបនេះ​បានកើត​ឡើង​ស្រប​ពេលដែល​មជ្ឈដ្ឋាន​នានា​មើលឃើញថា ព្រៃ​ការពារ ព្រៃ​សហគមន៍ ព្រៃ​ដែន​ជម្រក​សត្វ និង​ឧទ្យាន​ជាតិ​ក្នុង​ខេត្តរតនគិរី កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចូល​ក្រុង​បាន​លុង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ក្រុង​បាន​លុង ក៏បាន​រិះគន់​ដែរ​ថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​ក្រុម​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា​កាលពី​ព្រលប់​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ មាន​រថយន្ត​ម៉ាក​ស្តា​រិ​ក​១​គ្រឿង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-4012 បាន​ដឹកឈើ​ប្រណីត​ពេញ​ចេញពី​ភូមិ​តឺ​ន ឃុំ​តឺ​ន ស្រុក​កូន​មុំ ចូល​ក្រុង​បាន​លុង យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ប្រភពពី​សមត្ថកិច្ច​តូចតាច​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​សុ​ក្រំ​នោះ​គឺជា​របស់លោក ផែន ចាន់​វិបុល ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។ ប្រជា​សហគមន៍​នៅ​ឃុំ​តឺ​ន ស្រុក​កូន​មុំ បាន​ឲ្យ​ដឹងថា ឈើ​សុ​ក្រំ​នោះ​ត្រូវបាន​លោក ផែន ចាន់​វិបុល ដាក់​កម្លាំង​នឹង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ចូល​អារច្រៀក​នៅក្នុង​ព្រៃ​សហគមន៍​ភូមិ​តឺ​ន ហើយ​អារ​ច្នៃ​ជា​ក្ដារងឿ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កម្លាំង​របស់លោក ផែន ចាន់​វិបុល ហៅ​ឆើត បាន​ដឹកឈើ​ចេញពី​ព្រៃ​តាម​គោយន្ត​កែច្នៃ ហើយ​ទើប​លើកដាក់​រថយន្ត​ស្តា​រិ​ក​ដឹកជញ្ជូន​ចូលមក​ក្រុង​បាន​លុង ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ហេតុនេះហើយ​ទើប​សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សេចក្ដី​វិនាស​នៃ​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ នៅក្នុង​ព្រៃ​ការពារ​ព្រៃ​សហគមន៍ ព្រៃ​ដែន​ជម្រក​សត្វ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី​ជាបន្ទាន់ ព្រោះ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ ហើយ​បណ្ដាល​ឲ្យ​បទល្មើស​បន្ត​រាលដាល​ឥតឈប់ឈរ​៕

f15e93ea-f736-4e66-8474-afa3f3f1b3e3-500x270 6074f5d2-1608-4390-843f-f6ade1363601-500x304 6c35e247-6833-4549-8115-3c9406625358-500x298