បក្ស​ក្រៅ​រដ្ឋាភិបាល​ពីរ​ធ្វើ​ពិធី​រំលឹក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ​កក្កដា

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ​គឺ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ប្រារព្ធ​ពិធី​នៃ​ការ​ស្លាប់​មនុស្ស ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧ នៅ​ថ្ងៃ​ទី​៦ កក្កដា។

គណបក្ស​សង្គ្រោះជាតិ​មាន​រៀបចំ​ពិធី​បង្សុកូល នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ខ្លួន ដោយ​មាន​ការ​ចូលរួម​ពី​ប្រធាន​ស្ដីទី​បក្ស​លោក កឹម សុខា និង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប រួម​និង​សកម្មជន​របស់​ខ្លួន​។

ចំណែក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉ឹក ប៊ុនឆៃ រួម​នឹង​មន្ត្រី​ចាស់​ៗរបស់​ខ្លួន ក៏​ប្រារព្ធ​ពិធី​រលឹក​ខួប​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧ ផង​ដែរ នា​វត្ត​ចំបក់មាស ខណ្ឌ​ជ្រោយចង្វារ។

គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក៏​ប្រកាស​ជ្រើសរើស​ថ្ងៃ​ទី​៦ កក្កដា នេះ និង​ថ្ងៃ​ភ្ជុំ​បិណ្ឌ សម្រាប់​រាល់​ឆ្នាំ​ទៅ​ខាង​មុខ ដើម្បី​រលឹក​ដល់​អ្នក​ស្លាប់​ក្នុង​រដ្ឋប្រហារ​នេះ និង​អ្នក​ស្លាប់​ក្នុង​បុព្វហេតុ​មាតុភូមិ នៃ​រណសិរ្ស​ផង។

ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ គិត​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧ កាល​ពី ១៩​ឆ្នាំ​មុន ត្រូវ​បាន​គេហទំព័រ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា រាយការណ៍​ថា មនុស្ស​ប្រមាណ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់។

ភាគ​ច្រើន​នៃ​ជន​រងគ្រោះ គឺ​ជា​ទាហាន មន្ត្រី​យោធា និង​ប៉ូលិស​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។ ចំនួន​នេះ​មិន​រាប់​បញ្ចូល​ជីវិត​ជន​ស៊ីវិល និង​ទាហាន​ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស្មោះ​ត្រង់​ នឹង​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ និង​កងទ័ព​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ នោះ​ទេ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។