សាខា​ពន្ធដារ​ខេត្ត​ត្បូងឃ្មុំ​ផ្សព្វផ្សាយ​ សេចក្ដីណែនាំ​ការអនុវត្ត​ប្រមូល​ពន្ធ​ប្រថាប់ត្រា​

សាខា​ពន្ធដារ​ខេត្ត​ត្បូងឃ្មុំ​ផ្សព្វផ្សាយ​ សេចក្ដីណែនាំ​ការអនុវត្ត​ប្រមូល​ពន្ធ​ប្រថាប់ត្រា​



ត្បូងឃ្មុំ ៖ សាខា​ពន្ធដារ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៦​បាន​បើក​អង្គ​សិក្ខា​សិលា​ស្ដីពី ការ​ផ្សព្វផ្សាយ​ណែនាំ ការអនុវត្ត​ប្រមូល​ពន្ធ​ប្រថាប់ត្រា​ដល់​អភិបាលក្រុង​/​ស្រុក​ឃុំ​/​សង្កាត់​មន្ទីរ​ពាក់ព័ន្ធ​នានា​និង​មន្ត្រី​ពន្ធដារ​សរុប​ប្រមាណ​១២០​នាក់​ដែល​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម អ៊ុយ សុធាវី អភិបាលរង​នៃ​គណៈ​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ និង​លោក អោម ច​ន ប្រធាន​នាយកដ្ឋាន​ច្បាប់​វិវាទ​និង​ស្ថិតិ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

ឯកឧត្ដម អ៊ុយ សុធាវី អភិបាលរង នៃ​គណៈ​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងប្រាប់​ពី​គោលបំណង នៃ​អង្គ​សិក្ខាសាលា​នោះ​ថា រៀបចំឡើង​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​ផ្សព្វផ្សាយ ឲ្យ​មាន​ការ​យល់​ដឹង​អំពី​បែបបទ និង​នីតិវិធី​នៃ​ការ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​កម្ម​សិទ្ធ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ការផ្ទេរ​កម្មសិទ្ធិ​មធ្យោបាយ​ដឹកជញ្ជូន ស្របតាម​ច្បាប់ និង​បទបញ្ញត្តិ​ស្តីពី​ពន្ធ​ប្រថាប់ត្រា។

ឯកឧត្តម អ៊ុយ សុធាវី បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រភេទ​ដែល​ពាក់ព័ន្ធ​លើ​វិស័យ​អចលនទ្រព្យ​ជាពិសេស​ពន្ធ​ប្រថាប់ត្រា​លើ​អចលនទ្រព្យ​បាន​ដើរតួ​សំខាន់ ជា​ប្រភព​ចំណូល​ថវិកា​សម្រាប់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន ហើយ​ពន្ធ​ទាំងនេះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មាន​ការ​កើន​ឡើងជា​លំដាប់។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ​ពន្ធ​ប្រថាប់ត្រា​ទទួល​បាន​ចំណូល ១,១៣៦​លាន​រៀល​ក្នុង​នោះ​ការ​ប្រមូល​ពន្ធ​បានតែ​លើ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​សុរិយោដី​រួច (​មាន​ប័ណ្ណ​កម្មសិទ្ធិ​) តែប៉ុណ្ណោះ។

ដោយឡែក​សម្រាប់​អចលនទ្រព្យ​ដែក​ពុំបាន​ចុះបញ្ជី​សុរិយោដី (​គ្មាន​ប័ណ្ណ​កម្ម​សិទ្ធ ឬថា​ប្លង់​ទន់​) នៅ​ពុំ​ទាន់​អនុវត្ត​បាន​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ការអនុវត្ត​មិនបាន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ និង​អស់​សក្តានុ​ពល​នៅឡើយ ចំពោះ​ការ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរសិទ្ធិ​កាន់កាប់ រវាង​អចលនទ្រព្យ​បាន​ចុះបញ្ជី និង​អចលនទ្រព្យ​ដែល​ពុំបាន​ចុះបញ្ជី។

ជាមួយគ្នា​នឹង​ការ​ថ្លែង​បែបនេះ​ឯកឧត្ដម អ៊ុយ សុធាវី ក៏បាន​មានប្រសាសន៍​ធ្វើការ​ផ្ដាំផ្ញើ ដល់​មន្ទីរ វិស័យ​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ដែល​ជា​អាជ្ញាធរ​សាធារណៈ មាន​សមត្ថកិច្ច​ទទួល​ខុសត្រូវ​លើ​ការ​ប្រមូល​ពន្ធ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ​បន្ត​អំពី នីតិវិធី​នៃ​ការប្រមូល​ពន្ធ​ប្រថាប់ត្រា និង​សហការ​ជាមួយ​រដ្ឋបាល សារពើពន្ធ ក្នុង​ការ​អនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា ស្តីពី​ពន្ធដារ អោយ​កាន់តែ​ប្រសើរ​ប្រកបដោយ​ប្រសិទ្ធ​ខ្ពស់​ថែមទៀត ។
នា​ឱកាស​នោះ​ដែរ​លោក អោម ច​ន ប្រធាន​នាយកដ្ឋាន​ច្បាប់​វិវាទ និង​ស្ថិតិ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​បទ​បង្ហាញ អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ដែល​ពាក់ព័ន្ធ​នឹង​ការ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ការ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​កម្មសិទ្ធិ​មធ្យោបាយ​ដឹកជញ្ជូន។

លោក អោម ច​ន បាន​មានប្រសាសន៍​បញ្ជាក់​ថា នេះ​ជា​ការ​រំលែក​នៃ​ការ​ប្រមូល​ពន្ធ​ទៅ​ឲ្យ​ឃុំ​សង្កាត់ ក្នុង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ប៉ុន្តែ​លោក​ក៏បាន​លើកឡើង​ទៀត​ថា ការ​ប្រមូល​ពន្ធ​(​ដីស្រែ​របស់​ឈ្មួញ​អ្នកមាន​ដី​ធំៗ រាប់​រយ​រាប់ពាន់​ហិកតា​)​លើ​ដី​ទំនេរ មិនបាន​បង់ពន្ធ​ប្រថាប់ត្រា គឺ​មាន​ការពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​រក​ម្ចាស់​ដី​ឲ្យ​មក​បង់ពន្ធ គឺ​ពួកគេ​ទិញ​លក់ លក់​ទិញ​ត​គ្នា យក​ប្រាក់​ចំណេញ សូម្បីតែ​មេឃុំ​/​ចៅសង្កាត់ ក៏​មិន​ដឹង​ថា ​ម្ចាស់​ដី​នៅឯណា​ដែរ ពិបាក​ក្នុង​ការ​ប្រមូល​ពន្ធ​ណាស់​ធ្វើ​ឲ្យ​បាត់​ចំណូល​របស់​រដ្ឋ​។

លោក អោម ច​ន ក៏បាន​សង្កត់​ធ្ងន់ថា នីតិវិធី​គតិយុត្តិ នៃ​កា​ប្រមូល​ពន្ធ​ប្រថាប់ត្រា​លើ​អចលនទ្រព្យ គឺ​គោលដៅ​គ្រប់គ្រង​លើ​វិស័យ​អចលនទ្រព្យ​ទូទាំង​ប្រទេស ឲ្យ​មាន​ប្រសិទ្ធភាព​តម្លាភាព និង​គណ​នេយ្យភាព​។ ដូច្នេះ​ការ​លក់ ការ​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ គឺ​ធ្វើ​ឡើង​តាមរយៈ លោក​មេឃុំ​/​ចៅសង្កាត់ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​សុរិយោដី​(​មន្ត្រី​ភូមិបាល​ក្រុង​ស្រុក​) ចុះ​វាស់វែង​កំណត់​ទីតាំង​ព្រំប្រទល់​ដី រួច​បញ្ជូន​ទៅ​សាខា​ពន្ធដារ​ខេត្ត ជំរុញ​ឲ្យ​ម្ចាស់​អ្នកទទួល​សិទ្ធិ​កាន់កាប់​ដី ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នៅ​សាខា​ពន្ធដារ​ខេត្ត រួច​បញ្ជូន​ឲ្យ​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ចុះបញ្ជី៕
សាខា​ពន្ធដារ​ខេត្ត​ត្បូងឃ្មុំ​ផ្សព្វផ្សាយ​ សេចក្ដីណែនាំ​ការអនុវត្ត​ប្រមូល​ពន្ធ​ប្រថាប់ត្រា​

សាខា​ពន្ធដារ​ខេត្ត​ត្បូងឃ្មុំ​ផ្សព្វផ្សាយ​ សេចក្ដីណែនាំ​ការអនុវត្ត​ប្រមូល​ពន្ធ​ប្រថាប់ត្រា​

សាខា​ពន្ធដារ​ខេត្ត​ត្បូងឃ្មុំ​ផ្សព្វផ្សាយ​ សេចក្ដីណែនាំ​ការអនុវត្ត​ប្រមូល​ពន្ធ​ប្រថាប់ត្រា​

សាខា​ពន្ធដារ​ខេត្ត​ត្បូងឃ្មុំ​ផ្សព្វផ្សាយ​ សេចក្ដីណែនាំ​ការអនុវត្ត​ប្រមូល​ពន្ធ​ប្រថាប់ត្រា​