សាវិន ហ្វីលីព បញ្ជាក់​​រឿងរូប​ថត​ធ្លាយ​ចេញ​ ត្រូវ​​សមត្ថកិច្ច​ចាប់​ខ្លួន

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​មាន​ការ​យល់​ច្រឡំ​ថា តារា​សម្ដែង សាវិន ហ្វីលីព ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​បាន​នាំ​គ្នា​ចែកចាយ​បន្ត​ជា​ហូរហែ។

 

សាវិន ហ្វីលីព បញ្ជាក់​​រឿងរូប​ថត​ធ្លាយ​ចេញ​ ត្រូវ​​សមត្ថកិច្ច​ចាប់​ខ្លួនរូបថត​ពី ហ្វេសប៊ុក

 

ទោះ​បី​ជា​យ៉ាង​ណា សាមី​ខ្លួន​អះអាង​មក​កាន់ Sabayថា រូប​ថត​ធ្លាយ​ចេញ​នោះ​គ្រាន់​តែ​ជា​ការ​សម្ដែង​ក្នុង​រឿង Jailbreak ជាមួយ​តួ Stunt ហូលីវីដ Jean Paul-Ly ប៉ុណ្ណោះ។

 

“ទាំង​អ្នក​អាមេរិក ទាំង​មិត្ត​ភក្ដិ​នៅ​ស្រុក​ខ្មែរ​គេ​តេ​មក​សួរ​ខ្ញុំ​ពី​រឿង​នេះ ហឹម! ខូច​កិត្តិយស​ខ្ញុំ​អស់​ហើយ បើ​តែ​យ៉ាង​នេះ”។ សាវិន ហ្វីលីព ថ្លែង​យ៉ាង​ដូច្នេះ។ តារា​សម្ដែង​រូប​នេះ​អះអាង​ថា លោក​មិន​បាន​ដឹង​ពី​ប្រភព​រូប​ថត​នោះ​ចេញ​មក​ពី​ខាង​ណា​នោះ​ទេ ប៉ុន្តែ​ពិត​ជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ក្នុង​នាម​ជា​សិល្បករ​មួយ​រូប និង​ជា​ទូត​សុឆន្ទៈ​របស់​អង្គការ CGF Children Foundation។

 

សាវិន ហ្វីលីព បញ្ជាក់​​រឿងរូប​ថត​ធ្លាយ​ចេញ​ ត្រូវ​​សមត្ថកិច្ច​ចាប់​ខ្លួន

 

សាវិន ហ្វីលីព អះអាង​ថា មាន​អ្នក​ចែករំលែក​រូប​ភាព​របស់​លោក​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ​ជា​ច្រើន​ក្នុង​ព្រឹក​នេះ។ សូម្បី​អ្នក​រួម​អាជីព​ជា​ច្រើន​បាន​ទូរសព្ទ​មក​សួរ​នាំ​រឿង​នេះ​ជា​ច្រើន​ផង​ដែរ។ ប្រភព​ដដែល​បន្ថែម​ថា ប្រសិន​បើ​លោក​មិន​បក​ស្រាយ​នា​ពេល​នេះ​ទេ​នោះ មនុស្ស​កាន់​តែ​ច្រើន​បន្ត​មាន​ការ​យល់​ច្រឡំ ហើយ​អាច​នឹង​ប៉ះពាល់​ដល់​មូលនិធិ​សង្គ្រោះ​កុមារ និង​ជន​ក្រី​ក្រ​របស់​លោក​ទៀត​ផង ដោយ​សារ​សប្បុរសជន​ដក​សេចក្ដី​ទុក​ចិត្ត​មិន​ខាន។

 

តារា​សម្ដែង​រូប​នេះ​បាន​អះអាង​ជា​ថ្មី​ថា លោក​ទើប​ថត​រឿង” Jailbreak” ដោយ​សម្ដែង​ជា​មេ​ឧក្រិដ្ឋជន​ ឬ​ជា​តួ​បង​ធំ​ឈ្មោះ Playboy ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ប៉ុណ្ណោះ។ លោក​និយាយ​ថា៖ “ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​មិន​មែន​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​អី​ទេ សូម​ឈប់​យល់​ច្រឡំ​ទៅ នោះ​គ្រាន់​តែ​ជា​ឈុត​សម្ដែង​ក្នុង​រឿង​ថ្មី​ទេ”៕

 

អត្ថបទ៖ សំ ជំនាញ