ពលរដ្ឋ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រួយបារម្ភ​ពីរ​ណ្ដៅ​ដី​យ៉ាង​ធំ​និង​ជ្រៅ​ក្បែរ​វត្ត​ជន្លង់ម្លូរ

ដោយសារតែ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ ទើប​ឈ្មួញ​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​មួយចំនួន​តែងតែ​ប្រព្រឹត្ត​ខុស​លក្ខណៈ​បច្ចេកទេស​បង្ក​ផង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​រណ្ដៅ​ដី​របស់ខ្លួន​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​វត្ត​ជន្លង់ម្លូរ បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ឈ្មួញ​ជីករណ្ដៅ​ដី​ដ៏​ធំ​និង​មាន​ជម្រៅ​ប្រមាណ​៣០​ទៅ​៣៥​ម៉ែត្រ ហើយ​ដឹកជញ្ជូន​អាចម៍ដី​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាង​ពេញ​ប​ន្ទូ​ក​។ ពលរដ្ឋ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ​បាន​អំពាវនាវ​ឲ្យ​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​ជីករណ្ដៅ​ដី​កាន់តែ​ជ្រៅ​ថែមទៀត ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​របស់​ពួកគាត់​នៅក្បែរៗ​នោះ​។

តាម​សេចក្ដីណែនាំ​របស់​ក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ជីករណ្ដៅ​មិន​ឲ្យ​ជ្រៅ​លើសពី​៦​ម៉ែត្រ​នោះទេ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ឈ្មួញ​ម្ចាស់​រណ្ដៅ​ដី​នៅក្បែរ​វត្ត​ជន្លង់ម្លូរ អាច​ជីករណ្ដៅ​ដី​ជម្រៅ​ប្រមាណ​៣០​ទៅ​៣៥​ម៉ែត្រ​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ចុះទៅ​ត្រួតពិនិត្យ​ម្តងណា​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​ម្ចាស់​រណ្ដៅ​ដី​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត មិន​គិតពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​វត្ត​ជន្លង់ម្លូរ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ម្ចាស់​រណ្ដៅ​ដី​ដ៏​ធំ​និង​ជ្រៅ​ក្បែរ​វត្ត​ជន្លង់ម្លូរ​បាន​ប្រើ​រថយន្ត​ដឹក​ដី​ធំៗ​ក្នុង​មួយថ្ងៃៗ​ដឹកជញ្ជូន​ពី​៥០​ទៅ​៦០​គ្រឿង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាងខ្លាំង​។ រថយន្ត​ដឹក​ដី​ធំៗ​រាប់សិប​គ្រឿង​នោះ បានធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុងភូមិ​ជា​បន្តបន្ទាប់​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់ ហើយ​រហូតមក​ដល់ពេលនេះ​អាជ្ញាធរ​សង្កាត់​និង​អាជ្ញាធរ​ខណ្ឌ ទំនងជា​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​បាន​អំពាវនាវ​ឲ្យ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​រណ្ដៅ​ដី​ជម្រៅ​ពី​៣០​ទៅ​៣៥​ម៉ែត្រ កំពុង​នាំ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ្នកភូមិ​ដែល​រស់​នៅក្បែរនោះ​៕

0722_Mr Pa Sochetvong_Sovannaraលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ 13621528_1735629830008913_205201003_oរណ្ដៅដីក្បែរវត្តជន្លង់ម្លូរ