រោង​ម៉ាស៊ីន​អារឈើ​ក្នុង​ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុងដំណើរការ​យ៉ាង​រលូន​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃខ្លា ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​រោង​ម៉ាស៊ីន​អារឈើ​ប្រើ​រណារ​បញ្ឈរ​ដ៏​ធំ​មួយកន្លែង​កំពុងដំណើរការ​យ៉ាងរ​លូន​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ រោង​ម៉ាស៊ីន​អារឈើ​នោះ​ត្រូវបាន​គេ​ដឹងថា ជា​របស់​ឈ្មោះ លី មាន​តួនាទី​ជា​ជំទប់​ឃុំ និង​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អាច​ដំណើរការ​យ៉ាង​រលូន​គ្មាន​នរណា​ប៉ះពាល់​។ សូម្បីតែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​បសេដ្ឋ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ក៏​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​រោង​ម៉ាស៊ីន​អារឈើ​របស់​ឈ្មោះ លី បាន​ឲ្យ​ដឹងថា​ជា​ញឹកញាប់​ពួកគាត់​តែងតែ​ឃើញ​មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជិះ​រថយន្ត និង​ម៉ូតូ​ចេញ​ចូលទៅ​រោង​ម៉ាស៊ីន​អារឈើ​នោះ ប្រហែល​ទៅ​ទទួលផល​ប្រយោជន៍​ពី​ម្ចាស់​រោង​ម៉ាស៊ីន​។ ទន្ទឹមនឹងនេះ​ឈ្មោះ លី តែងតែ​អួតអាង​យ៉ាង​ក្រអឺតក្រទម​ថា ខ្លួន​បាន​ចាយវាយ​រត់ការ​អស់ហើយ​ទើប​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប ចំណែក​មន្ត្រី​អាជ្ញាធរ​ក៏​មិន​ហ៊ាន​ប៉ះពាល់​ដែរ​។ ប្រហែល​មកពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ពី​ឈ្មោះ លី ជាប្រចាំ​ទើប​រោង​ម៉ាស៊ីន​អារឈើ​មួយ​នេះ អាច​ដំណើរការ​យ៉ាង​រលូន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដោយ​ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ដទៃទៀត​ធ្វើការ​បង្ក្រាប​ទាល់តែសោះ​។

សូម​បញ្ជាក់ដែរថា​នៅក្នុង​ខេត្តកំពង់ស្ពឺ មាន​រោង​ម៉ាស៊ីន​អារឈើ​ជាច្រើន​កន្លែង​ដូចជា នៅក្នុង​ស្រុក​បសេដ្ឋ ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង​ជាដើម ហើយ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តកំពង់ស្ពឺ កំពុង​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ដើម្បី​ប្រមូល​លុយ​ពី​ម្ចាស់​រោង​សិប្បកម្ម​អារឈើ​កែច្នៃ​ឈើ និង​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តកំពង់ស្ពឺ នៅតែ​កើតមាន​ឥតឈប់ឈរ​ជាក់ស្ដែង​ឈ្មោះ លី ជា​ជំទប់​ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បសេដ្ឋ កំពុង​ប្រើ​ឥទ្ធិពល​តួនាទី​របស់ខ្លួន​បើក​រោង​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ​៕

16