បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់ និង​ច្រក​ព្រែក​ចាក នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក

សមត្ថ​ក​ចិ្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តកំពង់ស្ពឺ ឆ្លងកាត់​ស្រុក​ឈូក និង​ស្រុក​កំពង់ត្រាច ខេត្តកំពត ហើយ​យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក និង​ច្រក​តន់​ហន់ យ៉ាង​រលូន​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តកំពង់ស្ពឺ ក្នុងស្រុក​ឈូក ស្រុក​កំពង់ត្រាច ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ទៅនឹង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក និង​ច្រក​តន់​ហន់ ស្រុក​កំពង់ត្រាច ខេត្តកំពត​ជាបន្ទាន់​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឈូក និង​ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ ផ្លូវលំ ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​យ៉ាង​គគ្រឹកគគ្រេង​ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មន្ត្រី​អាវុធហត្ថ​ជាដើម មិន​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក កង គឹម​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រសិនបើ​លោក កង គឹម​លី មិន​ធ្វើជា​ខ្នងបង្អែក​របស់​ឈ្មួញ​ទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក និង​ច្រក​តន់​ហន់​បានឡើយ ហើយ​ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ក្នុងស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹងថា​មិនមែន​តែ​នៅ​ច្រក​ព្រែក​ចាក និង​ច្រក​តន់​ហន់​ប៉ុណ្ណោះ​ទេ ដែល​ឈ្មួញ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក គឺ​សូម្បីតែ​ច្រករបៀង​តូចៗ​មួយចំនួន​ក៏​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ផងដែរ​។ លោក កង គឹម​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​តាម​ច្រកព្រំដែន​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន ហើយ​មានការ​បែងចែក​ផលប្រយោជន៍​ជាប្រចាំ​។ បញ្ហា​នេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់ និង​ច្រក​ព្រែក​ចាក នៅតែ​កើតឡើង​យ៉ាង​រាលដាល​ដូច្នេះ​លោក វេ​ង សាខុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម មិនត្រូវ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​រឿង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក និង​ច្រក​តន់​ហន់​ដោយ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​៕

image324លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ 5754ffb6-819d-485f-ae56-3e86c3d77b5d 65b968cc-4ce2-4f71-9d48-6fa684666834 87bba8dd-30b1-49da-ac10-619c40d92ae9