ឥរិយាបថ​ទាំង​12​យ៉ាង​ដែល​ឈាន​ទៅ​រក​ភាព​ជោគជ័យ

ឥរិយាបថ និង​ទម្លាប់​ខ្លះ​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ បើ​ទោះបីជា​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ក្តី តែ​ធ្លាប់​សង្កេត​ទេ​ថា បុគ្គល​ដែល​ទទួល​បាន​ជោគជ័យ គឺ​មាន​ឥរិយាបថ ឬ​ទម្លាប់​ស្រ​ដៀង​គ្នា ។ នៅ​ពេល​សាកល្បង​សិក្សា​ឱ្យ​លម្អិត យើង​នឹង​ឃើញ​ថា ការ​ដែល​បុគ្គល​ទាំងនេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង មិនមែន​គ្រាន់តែ​ជា​គំនិត និង​ការ​ប្រព្រឹត្ត​ប៉ុណ្ណោះ​ទេ តែ​នៅ​រួម​ទាំង​ឥរិយាបថ ឬ​ទម្លាប់ ដែល​ឆ្លងកាត់​ការ​អនុវត្ត​ជា​ប្រចាំ​ផង​ដែរ ។

ថ្ងៃនេះ យើង​បាន​ប្រមូល​នូវ​ឥរិយាបថ​ទាំង​១២​ចំណុច ដែល​អាច​ជួយ​នាំ​លោក​អ្នក​ទៅ​សម្រេច​ភាព​ជោគជ័យ ប្រៀប​ដូច​ជា​ច្បាប់​មូលដ្ឋាន​ដែល​បុគ្គល​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ភាគច្រើន​ប្រកាន់​ភ្ជាប់ និង​អនុវត្ត ។

អ្នក​អាច​សាកល្បង​សង្កេត​មើល​ដោយ​ខ្លួនឯង ពេល​ខ្លះ​អ្នក​ក៏​មាន​លក្ខណៈ​ទាំងនេះ​ផង​ដែរ ៖

១-​បែងចែក​ទម្លាប់​ល្អ និង​មិនល្អ ៖ ទម្លាប់​ល្អ ជា​គ្រឹះ​នៃ​ការ​បង្កើត​ភាព​រឹងប៉ឹង ។ ភាព​ខុស​គ្នា​រវាង​អ្នក​ដែល​ទទួល​បាន​ជោគជ័យ និង​មិន​ទទួល​ជោគជ័យ គឺ​ស្ថិត​នៅ​លើ​ឥរិយាបថ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។ អ្នក​អាច​សរសេរ​ជា​បញ្ជី​លើ​ក្រដាស​នូវ​ឥរិយាបថ​អ្វីខ្លះ​ដែល​អូស​ទាញ និង​រារាំង​មិន​ឱ្យ​អ្នក​បោះ​ជំហាន​ទៅ​រក​ភាព​ជោគជ័យ បាន ហើយ​ត្រូវ​មាន​វិធី​កែប្រែ​។ ឧ​ទា​ហារ​ណ៍​ដូច​ជា ៖

-​លោក​អ្នក​មើល​ទូរទស្សន៍​ច្រើន ត្រូវ​កំណត់​ការ​មើល​ទូរទស្សន៍​តែ​១​ម៉ោង​ក្នុង​១​ថ្ងៃ​វិញ ។
-​លោក​អ្នក​មិន​ចូល​ចិត្ត​អាន​សៀវភៅ ត្រូវ​កំណត់​អាន​សៀវភៅ​១​ក្បាល​ក្នុង​១​ខែ ហើយ​អាន​វា​ឱ្យ​ចប់ ជាដើម ។

២-​កំណត់​គោលដៅ ៖ អ្នក​ដែល​ទទួល​បាន​ជោគជ័យ​មាន​គោលដៅ​ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ជា​និច្ច ។ ពួក​គេ​បង្កើត​គោលដៅ​គ្រប់ពេលវេលា ទាំង​គោលដៅ​ប្រចាំ​ថ្ងៃ ប្រចាំ​ស​ប្តា​ហ៍ ប្រចាំខែ និង​ប្រចាំឆ្នាំ ដោយ​ដាក់​ផែនការ​នៃ​ថ្ងៃ​បន្ទាប់​ជា​រៀង​រាល់​ខែ ។ អ្នក​ដែល​ទទួល​បាន​ជោគជ័យ​ទាំងនេះ តែង​សម្លឹង​មើល​រយៈពេល​វែង​ជា​និច្ច ក្រៅពី​នេះ ការ​កំណត់​គោលដៅ​របស់​ពួក​គេ ក៏​មាន​វិធី​ដើម្បី​សម្រេច​គោលដៅ​ផង​ដែរ ។

៣-​ផ្តោត​លើ​គោលដៅ​តែ​ម្យ៉ាង ៖ នៅ​ពេល​កំណត់​គោលដៅ​ហើយ ត្រូវ​ផ្តោត​ទៅ​លើ​គោលដៅ​តែ​ម្យ៉ាង និង​ធ្វើ​រហូត​ដល់​សម្រេច​ចំណុច​នីមួយ​ៗ ។ មនុស្ស​ទទួល​បាន​ជោគ​ជ័យ​ទាំងនេះ​ព្យាយាម និង​មាន​សមត្ថភាព​យ៉ាង​ពេញលេញ​ដើម្បី​សម្រេច​តាម​គោលដៅ ដោយ​មិន​បែងចែក​អារម្មណ៍ ឬ​ផ្តោត​លើ​រឿង​ផ្សេង​ច្រើន​ពេក ។

៤-​រៀនសូត្រ និង​អភិវឌ្ឍន៍​ខ្លួន​ជា​និច្ច ៖ អ្នក​សម្រេច​ជោគជ័យ​រមែង​រក​ឱកាស​រៀនសូត្រ និង​អភិវឌ្ឍន៍​ខ្លួនឯង​គ្រប់ពេលវេលា ។ ពួក​គេ​ប្រើ​ពេលវេលា​ឱ្យ​កើតជា​ប្រយោជន៍ ដោយ​ការ​អាន និង​ហ្វឹកហាត់​ជំនាញ​ថ្មី​ៗ​ជា​និច្ច ហើយ​មិន​បណ្តោយ​ឱ្យ​ពេលវេលា​កន្លង​ទៅ​ដោយ​គ្មាន​ប្រយោជន៍​ឡើយ ។

ទម្លាប់​ទៅ​រក​ប្រសិទ្ធភាព​ក្នុង​ទសវត្សរ៍​នេះ យើង​បានដឹង​ពី​ភាព​ល្បីល្បាញ​នៃ​អ្នក​ទទួល​បាន​ជោគជ័យ មិន​ថា​ជា Steve Jobs, Hillary Clinton ប្រធានាធិបតី Obama និង Mark Zuckerberg ពួក​គេ​ធ្វើ​រឿង​ផ្សេង​ៗ​ជា​ច្រើន ដែល​ក្នុង​១​ថ្ងៃ​ៗ​របស់​ពួក​គេ​ហាក់​មាន​៣០​ម៉ោង តែ​មិនមែន​ទេ គឺ​ពួក​គេ​មាន​ពេលវេលា​តែ​២៤​ម៉ោង​ក្នុង​១​ថ្ងៃ​ដូច​យើង​ដែរ ។ ពួក​គេ​ម្នាក់​ៗ​ប្រើ​ពេល​គ្រប់​នាទី​ជាមួយ​រឿង​ដែល​មាន​ប្រយោជន៍​បំផុត ដើម្បី​បង្កើត​ប្រសិទ្ធភាព​ឡើងជា​មួយ​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ ។

៥-​មិន​នៅ​ជាមួយ​ភាព​បរាជ័យ ៖ អ្នក​ទាំងនេះ​មើលឃើញ « ភាព​បរាជ័យ » ជា​ចំណែក​មួយ​របស់​ការ​រីក​លូតលាស់ និង​ជា​ឱកាស​មួយ​ដែល​អាច​រៀនសូត្រ​ពី​ភាព​បរាជ័យ​នោះ ដើម្បី​បោះ​ជំហាន​ទៅ​មុខ ហើយ​ពួក​គេ​ជឿ​ថា មិន​ថា​បរាជ័យ​ប៉ុន្មាន​ដង គ្រប់ពេល​ត្រូវ​ក្រោកឈរ​ឡើងជា​ថ្មី អ្នក​នឹង​កាន់តែ​រឹង​មាំ​លើស​ដើម ។

៦-​ថែទាំ​សុខភាព ៖ មិន​គ្រាន់តែ​អភិវឌ្ឍន៍​ខ្លួនឯង​តែ​ម្យ៉ាង​នោះ​ទេ បុគ្គល​ជោគជ័យ​បាន​បញ្ជាក់​ពី​ការ​ថែរក្សា​សុខភាព ដោយ​បរិភោគ​អាហារ​ជា​ប្រយោជន៍ និង​ហាត់ប្រាណ​រហូត​ក្លាយ ជា​ទម្លាប់​ប្រចាំ​ថ្ងៃ ព្រោះ​អ្វី​គ្រប់យ៉ាង​នឹង​គ្មាន​ប្រយោជន៍ ប្រសិនបើ​អ្នក​ទទួល​ជោគជ័យ ឬ​មានទ្រព្យ​សម្បត្តិ​មហាសាល​ហើយ ប៉ុន្តែ​មាន​រាង​កាយ​ដែល​ទន់ខ្សោយ​នោះ​ទេ ។

៧-​ធ្វើ​អ្វី​ចេះ​ប្រមាណ ៖ ការ​ធ្វើ​អ្វី​ច្រើន​ពេក ឬ​តិច​ពេក​ក៏​មិនល្អ​ដែរ គ្រប់យ៉ាង​ត្រូវ​ស្ថិត​ក្នុង​លក្ខណៈ​សមតុល្យ ។ គួរ​ធ្វើ​សកម្មភាព​នីមួយ​ៗ​ក្នុង​កម្រិត​ដែល​សម​ស្រប​ដូច​ជា ធ្វើការ ហាត់ប្រាណ ទទួលទាន​អាហារ មើល​ទូរទស្សន៍ និង​អាន​សៀវភៅ ជាដើម ។ អ្នក​ត្រូវ​ចេះ​បែងចែក​ពេលវេលា​ឱ្យ​សមាមាត្រ​គ្នា​យ៉ាង​សម​ស្រប​។

៨-​មិន​បង្អង់​ចាំ​ថ្ងៃស្អែក ៖ កុំ​ពន្យារពេល​ក្នុង​ការ​ធ្វើ​អ្វីមួយ អ្នក​ទទួល​បាន​ជោគជ័យ​មិន​ធ្លាប់​រង់ចាំ​ពេលវេលា និង​ឱកាស​ឡើយ ។ ពួក​គេ​ធ្វើ​សកម្មភាព​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ពេលវេលា​របស់​ពួក​គេ​មាន​តម្លៃ​ជាង​ការ​រង់ចាំ ។ គ្រប់ពេល​ដែល​មានគំនិត​ល្អ​ៗ ពួក​គេ​តែងតែ​និយាយ​ថា « ធ្វើ​វា​ពេល​នេះ​» តែ​ម្តង ។

៩-​គិត​វិជ្ជមាន ៖ ចូរ​សាកល្បង​ពិចារណា​ទៅ​លើ​អ្នក​ទទួល​បាន​ជោគជ័យ​នៅ​ក្បែរ​ខ្លួន​ថា ពួក​គេ​គិត​បែប​វិជ្ជមាន ឬ​អវិជ្ជមាន ? ភាគច្រើន​នៃ​បុគ្គល​ទាំងនេះ គឺ​ចូល​ចិត្ត​គិត​បែប​វិជ្ជមាន​ស្វាហាប់ និង​មាន​ក្តី​សុខ ។ ពួក​គេ​មើលទៅ​កាន់​ពិភពលោក​ក្នុង​ផ្លូវ​ល្អ ក៏​ដូច​ជាមួយ​ខ្លួនឯង និង​អ្នក​ដទៃ​ដែរ ។ ទោះបីជា​មាន​បញ្ហា​ចូល​មក​ច្រើន​ក្តី គំនិត​វិជ្ជមាន​នឹង​ធ្វើ​ឱ្យ​យើង​អាច​ដោះស្រាយ​វា​បាន ។

១០-​អាន​សៀវភៅ​ជា​ប្រចាំ ៖ ការ​អាន​នឹង​អាច​ជំរុញ​ឱ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​។ ការ​បង្កើត​ទម្លាប់​ដែល​ល្អ​ដោយ​ការ​សៀវភៅ​យ៉ាងតិច​៣០​នាទី​ក្នុង​១​ថ្ងៃ និង​កើន​ឡើងជា​រៀងរាល់ថ្ងៃ​ដើម្បី​ក្លាយជា​ទម្លាប់ ។ គ្រប់ពេល​ដែល​អ្នក​អាន​សៀវភៅ គឺជា​ការ​បំពេញ​ចំណេះដឹង និង​អភិវឌ្ឍន៍​ខ្លួនឯង​ជា​រឿយ​ៗ ។

១១-​និយាយ​តិច ស្តាប់​ឱ្យ​ច្រើន ៖ នៅ​ពេល​ដែល​អ្នក​ធ្វើ​ជា​អ្នក​ស្តាប់ ស្មើនឹង​អ្នក​កំពុង​តែ​រៀនសូត្រ ។ អ្នក​អាច​ស្តាប់​ឱ្យ​ច្រើន​ជាង​ការ​និយាយ ក្រៅពី​នេះ ការ​ស្តាប់​នៅ​អាច​ជួយ​ឱ្យ​អ្នក​យល់​ពី​សារសំខាន់រ​បស់ដៃ​គូសន្ទនា ដើម្បី​ឱ្យ​អ្នក​បាន​គិត​មុន​នឹង​និយាយ ហើយ​ត្រូវ​នឹង​ប្រធានបទ​ក្នុង​ការ​សន្ទនា ។

១២-​សន្សំ​លុយ​ឱ្យ​ក្លាយជា​ទម្លាប់ ៖ ទោះបីជា​មនុស្ស​ខ្លះ​មានទ្រព្យ​សម្បត្តិ​រហូត​ដល់​ចាយ​មិន​អស់​ក្តី តែ​មិន​មាន​ន័យ​ថា គេ​នឹង​ចាយ​ខ្ជីខ្ជា​យ​ជាមួយនឹង​របស់​ដែល​គ្មាន​ប្រយោជន៍​នោះ​ទេ ។ ជា​ធម្មតា ពួក​គេ​មាន​ប្រាក់​ចំនួន​ប្រមាណ​១០%-២០% សម្រាប់​សន្សំ​ជា​និច្ច ។ លោក Warren Buffett ធ្លាប់​បាន​និយាយ​ថា ៖ « កុំ​សន្សំ​លុយ​ដែល​សល់​ពី​ការ​ចំណាយ តែ​ត្រូវ​ចំណាយ​លុយ​ដែល​សល់​ពី​ប្រាក់​សន្សំ » ៕