ឲ្យ​ឪពុក​អង្គុយ​ទប់​ពូក​ពីក្រោយ​ឡាន ​ធ្លាក់​ទាំង​ពូក​ និង​ឪពុក​បាក់​ជើង

ឲ្យ​ឪពុក​អង្គុយ​ទប់​ពូក​ពីក្រោយ​ឡាន ​ធ្លាក់​ទាំង​ពូក​ និង​ឪពុក​បាក់​ជើង



ភ្នំពេញ​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​​​ បាន​​អង្គុយ​លើ​ឡាន​ផ្នែក​ខាងក្រោយ​ខំ​ទប់​ពូក​កុំ​ឲ្យ​ខ្យល់​ប៉ើង​ធ្លាក់​ដី ​តែ​ខ្យល់​បាន​បក់​ប៉ើង​ទាំង​មនុស្ស​ និង​ពូក​ធ្លាក់​មកដល់​ដី​ ធ្វើឲ្យ​បុរស​រងគ្រោះ​រង​របួស​ធ្ងន់​បាក់ជើង​ម្ខាង​ ​សូម្បីតែ​កូន​ជា​អ្នក​បើក​បរ​ក៏​មិន​ដឹង​ថា​ឪពុក​ខ្លួន​ធ្លាក់​ពីលើ​ឡាន​ដែរ​ គឺ​បើក​រហូតដល់​ផ្ទះ​ទើប​ដឹង​ថា​បាត់​ឪពុក ខំ​បើក​ត្រឡប់​ក្រោយ​ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បាត់​ទៀត។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​៥​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ មុខ​ភូមិ​អង្គ​កែវ​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ ហេង វិ​ន​ ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ដូង​ចែង ឃុំ​សោក ​ស្រុក​ព្រៃ​ប្រសូត ​ខេត្ត​ក្រចេះ ​ជិះ​រថយន្ត​ម៉ាក តា​កូ​ម៉ា ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH4419​បើកបរ​ពី​កើត​ទៅ​លិច។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​ខាងលើ​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​មក​ពី​ស្រុកកំណើត​ជាមួយ​កូន​របស់​គាត់​ពីរ​នាក់​ទៀត ​ដែល​រស់​នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ​​​ស្ថិតនៅ​ភូមិ​កន្ទោក​ខាងជើង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ពេល​ធ្វើ​ដំណើរ​ជិត​មកដល់​ផ្ទះ​ហើយ​ ​​កូន​របស់​គាត់​ក៏​ចូល​ទៅ​ទិញ​ពូក​ដឹក​យក​ទៅផ្ទះ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​ដោយសារ​តែ​កន្លែង​លក់​ពូក​នោះ​មិន​ឆ្ងាយ​ពី​ផ្ទះ​ប៉ុន្មាន​ ទើប​មិន​បាច់​ចង​ទេ ​ឲ្យ​ឪពុក​អង្គុយ​ទប់​ពូក​ពីក្រោយ​បន្តិច​ទៅ​ដល់​ផ្ទះ​ហើយ។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ខ្យល់​បោកបក់​ខ្លាំង​បណ្ដាល​ឲ្យ​ធ្លាក់​ទាំង​ពូក​ ទាំង​រូប​គាត់​មកដល់​ដី​បណ្ដាល​ឲ្យ​រង​របួស​បាក់ជើង​ម្ខាង។ ពេលនោះ​ហាក់​សំណាង​ដែរ ​ដោយសារ​ពុំ​មាន​ឡាន​ផ្សេងទៀត​បើក​មក​តាម​ក្រោយ​ បើ​សិន​ជា​មាន​ប្រហែល​អាច​កិន​គាត់​ទៀត​ក៏​ថា​បាន។

ប្រភព​បន្ត​ថា ​ពេល​ធ្លាក់​នោះ ​កូន​របស់​គាត់​ជា​អ្នកបើកបរ​រថយន្ត​មិនបាន​ដឹង​ថា​ ឪពុក​របស់​ខ្លួន​ធ្លាក់​ពី​រថយន្ត​នោះ​ទេ​ ដោយ​បាន​បើកឡាន​រហូតដល់​ផ្ទះ​ទើប​ដឹង​ថា​បាត់​ឪពុក​ ដោយមាន​ការ​សង្ស័យ​បាន​បើកឡាន​ត្រឡប់​ក្រោយ​វិញ​មក​រក​ឪពុក ​តែ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ​ដើម្បី​ជួយសង្គ្រោះ៕

ឲ្យ​ឪពុក​អង្គុយ​ទប់​ពូក​ពីក្រោយ​ឡាន ​ធ្លាក់​ទាំង​ពូក​ និង​ឪពុក​បាក់​ជើង