អ្នក​ដឹកនាំ​រឿង “Fast&Furious” ត្រៀម​ចេញ​ស្នាដៃ​ថ្មី​ដ៏​ធំ​មួយ​ទៀត​គឺ “Star Trek Beyond”

អ្នក​ដឹកនាំ​រឿង​ហូលីវូដ​ដ៏​លេចធ្លោ​ Justin Lin ដែល​​មាន​ដើម​កំណើត​តៃវ៉ាន់​និង​ជា​អ្នក​ដឹកនាំ​ស៊េរី​ភាពយន្ត “Fast & Furious” ចំនួន​៤​វគ្គ នឹង​ត្រៀម​បញ្ចេញ​ស្នាដៃ​ធំ​មួយ​ទៀត​របស់​ខ្លួន​​គឺ​រឿង “Star Trek Beyond” ដែល​​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​ជោគជ័យ​ខ្លាំង។

 

អ្នក​ដឹកនាំ​រឿង “Fast&Furious” ត្រៀម​ចេញ​ស្នាដៃ​ថ្មី​ដ៏​ធំ​មួយ​ទៀត​គឺ “Star Trek Beyond”

តារា​សម្ដែង Sofia Boutella និង​អ្នក​ដឹកនាំ Justin Lin

 

ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ “Star Trek Beyond” ត្រូវ​បាន​អ្នក​ជំនាញ​សន្និដ្ឋាន​ថា​អាច​នឹង​រក​ចំណូល​បាន​ពី​ចន្លោះ ៤៨លាន​ដុល្លារ​ទៅ ៦០លាន​ដុល្លារ សម្រាប់​ការ​បញ្ចាំង​សប្ដាហ៍​ដំបូង​នៅ​អាមេរិក ហើយ​នឹង​វាយលុក​ទីផ្សារ​ពិភពលោក​បាន​ច្រើន​បំផុត​ក្នុង​ខែ​នេះ។

 

ដឹកនាំ​ដោយ Justin Lin “Star Trek Beyond” គឺ​ជា​ភាពយន្ត​ទី​១៣ របស់​ស៊េរី​ភាពយន្ត “Star Trek” និង​ជា​ភាពយន្ត​ទី​៣ សម្រាប់ “Star Trek” ស៊េរី​ថ្មី។ ភាពយន្ត​នេះ​និយាយ​ពី​ក្រុម USS Enterprise ដែល​បាន​បាន​រុក​រក​ភព​មួយ​ដែល​គ្មាន​អ្នក​ណា​ទៅ​ដល់ ហើយ​ក៏​បាន​ជួប​គូ​សត្រូវ​ដែល​ត្រូវ​ប្រយុទ្ធ​គ្នា​នៅ​ទី​នោះ។

 

ភាពយន្ត​​ដែល​ចំណាយ​ដើម​ទុន​ជាង ១៥០លាន​ដុល្លារ​នេះ​ចូលរួម​សម្ដែង​ដោយ Deep Roy, Fiona Vroom, John Cho, Shohreh Aghdashloo, Zachary Quinto, Simon pegg, Karl Urban, Sofia Boutella, Chris Pine, Idris Elba, Zoe Saldana, និង​ Anton Yelchin, រួម​ជាមួយ​តារា​ជា​ច្រើន​រូប​ទៀត។

 

“Star Trek Beyond” ​នឹង​ចេញ​បញ្ចាំង​នៅ​អាមេរិក​និង​ប្រទេស​ជា​ច្រើន​ទៀត​ថ្ងៃ​ទី​២២ ខែ​កក្កដា ខាង​មុខ ៕

 

អ្នក​ដឹកនាំ​រឿង “Fast&Furious” ត្រៀម​ចេញ​ស្នាដៃ​ថ្មី​ដ៏​ធំ​មួយ​ទៀត​គឺ “Star Trek Beyond”

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ breathecast