ហុង​គ្រី ធ្វើ​ប្រជាមតិ​លើ​ផែនការ​បែងចែក​ជនភៀសខ្លួន​របស់​អឺរ៉ុប​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-06-2016, 11:14 am         274

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ហុង​គ្រី ធ្វើ​ប្រជាមតិ​លើ​ផែនការ​បែងចែក​ជនភៀសខ្លួន​របស់​អឺរ៉ុប​​ប្រធានាធិបតី​ហុង​គ្រី បានប្រកាស​ធ្វើ​ប្រជាមតិ​មួយ​លើ​ផែនការ​របស់​សហភាព​អឺរ៉ុប ក្នុងការ​បែងចែក​ចំនួន​ជនភៀសខ្លួន​ទៅកាន់​បណ្ដា​ប្រទេស​ជា​សមាជិក​នីមួយៗ​។ នេះ​ជា​ជំហាន​ថ្មី​មួយទៀត របស់​រដ្ឋាភិបាល​ហុង​គ្រី បន្ថែម​លើ​គោលនយោបាយ​រឹតត្បិត​ដែលមាន​ស្រាប់​ក្នុងការ​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន រត់​មកពី​តំបន់​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ជាពិសេស​ស៊ី​រី និង​អ៊ីរ៉ាក់​។​

​ហុង​គ្រី នឹងធ្វើ​ប្រជាមតិ​មួយ​នៅ​ខែតុលា ដើម្បី​សម្រេច​លើ​គោលនយោបាយ​របស់​អឺរ៉ុប ដែល​ចង់​បញ្ជូន​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍ នៅក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​។ រដ្ឋាភិបាល​ហុង​គ្រី​របស់លោក​នាយករដ្ឋមន្ត្រី Viktor Orban តែង​ប្រឆាំងនឹង​ផែនការ​ជនភៀសខ្លួន​របស់​សហ​ភាព​អឺរ៉ុប ហើយ​ក្នុង​គោលដៅ​ទប់ស្កាត់​លំហូរ​ជន​ភៀស រដ្ឋាភិបាល​របស់លោក Orban បាន​កសាង​របង​តាម​ព្រំដែន និង​អនុម័ត​ច្បាប់​តឹងរឹង​ទៀតផង​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី​៥ ខែកក្កដា ប្រធានាធិបតី​ហុង​គ្រី លោក Janos Ader ប្រកាសថា ក្នុងនាម​ជា​ប្រធានាធិបតី​សាធារណរដ្ឋ​ហុង​គ្រី លោក​សម្រេច​ថា ប្រជាមតិ​នឹងធ្វើ​នៅ​ថ្ងៃទី​២ ខែតុលា​។ អ្នកបោះឆ្នោត​ទាំងអស់ នឹងត្រូវ​សួរថា​៖ តើ​អ្នក​ចង់​ឲ្យ​សហភាព​អឺរ៉ុប​មាន​សិទ្ធិ​ផ្ទេរ​ជនជាតិ​មិនមែន​ហុ​គ្រី មកកាន់​ហុង​គ្រី ដោយ​មិន​ចាំ​ចាច់​មានការ​អនុញ្ញាត​ពី​សភា​ហុង​គ្រី​ឬទេ​?

​បើតាម​ទូរទស្សន៍ Al Jazeera សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី​៥ ខែកក្កដា ជា​ជំហាន​ចុងក្រោយ របស់លោក​នាយករដ្ឋមន្ត្រី Orban ដែល​ពី​ដើម មក​មិនដែល គាំទ្រ សហភាព​អឺរ៉ុប លើ​ផែន ការ​ជនភៀសខ្លួន​នោះទេ​។ រដ្ឋាភិបាល​របស់លោក បាន​បោះឆ្នោត​ប្រឆាំង នឹង​ផែនការ របស់​អឺរ៉ុប ដែល​ចង់​បែងចែក​ជនភៀសខ្លួន​១៦​ម៉ឺន​នាក់ ទៅ​ឲ្យ​រដ្ឋ​ជា​សមាជិក​ទាំង​២៨ តាម រយៈ​កូតា​កំណត់​មួយ​។

​ក្រៅពី​ហុង​គ្រី រូ​ម៉ា​នី សាធារណរដ្ឋ​ឆែក និង​ស្លូ​វ៉ា​គី ក៏បាន​បដិសេធ​នឹង​ផែនការ​កូតា​កំណត់​នេះដែរ ប៉ុន្តែ​ផែនការ​នេះ ត្រូវបាន​អនុម័ត​តាម​សំឡេង​ភាគច្រើន ក្នុងការ​បោះឆ្នោត​ខែកញ្ញា ឆ្នាំ​២០១៥​។ លើសពីនេះ ហុង​គ្រី និង​ស្លូ​វ៉ា​គី ក៏បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​អឺរ៉ុប ប្រឆាំងនឹង​ផែនការ​នេះ ដែល​សំដៅ​កាត់បន្ថយ​សម្ពាធ​លើ​ក្រិ​ក និង​អ៊ីតាលី ដែលជា​ច្រកចូល​សំខាន់​នៃ​លំហូរ​ជនភៀសខ្លួន មកកាន់​ទឹកដី​អឺរ៉ុប​។​

​បន្ថែម​លើ​នេះ រដ្ឋាភិបាល​ក្រុង​ប៊ុ​យ​ដា​ប៉ែស និយាយថា ផែនការ​របស់​អឺរ៉ុប បាន​រំលោភបំពាន​អធិបតេយ្យ​ជាតិ​របស់ខ្លួន ហើយ​ក្រុម​ភេរវជន អាច​នឹង​ចូល​ប្រទេស​នានា ក្នុងនាម​ជា​ជនភៀសខ្លួន​។ នាយករដ្ឋមន្ត្រី Orban បញ្ជាក់ថា សហភាព​អឺរ៉ុប គ្មាន​សិទ្ធិ​ដើម្បី​គូសវាស​អត្តសញ្ញាណ​វប្បធម៌ និង​សាសនា​នៅក្នុង​អឺរ៉ុប​ទេ​។ ជាមួយគ្នានេះ បើតាម​ទិន្នន័យ​របស់​សហភាព​អឺរ៉ុប ជនភៀសខ្លួន​ប្រមាណ​ជិត​បី​ពាន់​នាក់ ត្រូវបាន​ផ្លាស់ប្ដូរ​ទីតាំង ប៉ុន្តែ​ហុង​គ្រី មិនបាន​ទទួល​ណា​ម្នាក់​ទេ​៕