គោយន្ត​កន្ត្រៃ​ដឹកជញ្ជូន​ឈើ​ក្តារ​ខុសច្បាប់​ម៉ា​សេរី​ សង្ស័យ​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​

គោយន្ត​កន្ត្រៃ​ដឹកជញ្ជូន​ឈើ​ក្តារ​ខុសច្បាប់​ម៉ា​សេរី​ សង្ស័យ​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​



ព្រះវិហារ ​៖​ សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា បទល្មើស​ព្រៃឈើ​ដឹកជញ្ជូន​តាម​គោយន្ត​កន្ត្រៃ​ចេញពី​ឃុំ​ពោធិ៍ ​និង​ឃុំ​ប្រមេរ ​ស្រុក​ត្បែងមានជ័យ​ កាត់​តាម​ក្រុង​ព្រះវិហារ​យក​ទៅ​ស្តុក​ទុក​នៅ​ភូមិ​អូរទ្រលោក​ ឃុំ​ព្រះ​ឃ្លាំង ​ស្រុក​ត្បែងមានជ័យ​ អស់​រយៈពេល​ច្រើន​ខែ​មក​ហើយ​ដើម្បី​ទុក​លក់​ឲ្យ​ឈ្មួញ​កណ្ដាល​មកពី​ខេត្ត​កំពង់ធំ។

ឈើ​ខុសច្បាប់​ទាំង​អស់​នោះ ​ជា​ប្រភេទ​ឈើ​លេខ​១​គគីរ​ ដែល​ជនខិលខូច​កាប់​បំផ្លាញ​ពី​ព្រៃ​ការពារ​ព្រះ​រកា​ បើ​ទោះបី​ពេលនេះ​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​យ៉ាងណា​ក៏​ដោយ​ក៏​មិន​អាច​ទប់ស្កាត់​ និង​បង្ក្រាប​ការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​អស់​ដែរ។

ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​រាយការណ៍​ឲ្យ​ដឹង​ថា អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តាម​តំបន់​ព្រៃ​ការពារ​ព្រះ​រកា​ក្បែរ​ឃុំ​ពោធិ៍​និង​ឃុំ​ប្រមេរ​ក្នុងស្រុក​ត្បែងមានជ័យ ​មាន​រណា​យន្ត​ប្រមាណ​១០០​គ្រឿង​ដោយ​ជនខិលខូច​បាន​បង់លុយ​ទៅ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រមាណ​២០០​ដុល្លារ​អាមេរិក​ក្នុង​រណា​យន្ត​១​គ្រឿង​សម្រាប់​រយៈពេល​១​ខែៗ។

ប្រជាពលរដ្ឋ​ថ្លែង​ថា ​ជំនាញ​មេព្រៃ​មិន​អាច​ចុះ​ចាប់​រណា​យន្ត​ឲ្យ​អស់ពី​ក្នុង​ព្រៃ​ព្រះ​រកា​បាន​នោះ​ទេ​ដោយសារ​សមត្ថកិច្ច​ដែល​បាន​ទទួល​លុយ​សំណូក​បាន​បោះដៃ​រាយការណ៍​ទៅ​ឲ្យ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ដឹងខ្លួន​ជាមុន​ឲ្យ​អោយ​ផ្អាក​សកម្មភាព​មួយ​រយៈពេល​ខ្លី​សិន។

ភ្នាក់ងារ​រាយការណ៍​ឲ្យ​ដឹង​ថា ពេលនេះ​ឈ្មួញ​បាន​សម្រុក​ដឹក​សន្លឹក​ទ្វារ​កែច្នៃ​និង​ឈើ​ក្តារ​គគីរ​ពេនពន្ធ​ចេញពី​ឃុំ​ពោធិ៍​ឃុំ​ប្រមេរ​ស្រុក​ត្បែងមានជ័យ​ចូល​ក្រុង​ព្រះវិហារ​យ៉ាង​រលូន​ដោយសារ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បើក​ដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ម៉ា​សេរី​។ ឈ្មួញ​ដឹកជញ្ជូន​ឈើ​ក្តារ​និង​សន្លឹក​ទ្វារ​តាម​គោយន្ត​កន្ត្រៃ​និង​រថយន្ត​តា​កូ​ម៉ា​ពណ៌​ស​ល្បី​ជាងគេ​មាន​ទី​១.​ឈ្មោះ​វី​ជា​ទាហាន​សឹក​រង​ស្រុក​ត្បែង​មាន​ជ័យ​និងទី២.​ឈ្មោះ​រ័ត្ន​ជា​ទាហាន​សឹក​រង​ស្រុក​ត្បែងមានជ័យ​ដូចគ្នា។ ពេលនេះ​សមត្ថកិច្ច​មកពី​គ្រប់​ស្ថាប័ន​បាន​ក្លាយ​ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​និង​សមត្ថកិច្ច​ខ្លះ​ទៀត ​កាង​នៅ​ពីក្រោយ​ខ្នង​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ចេញពី​ស្រអែម​ហើយ​ដឹកជញ្ជូន​ម៉ា​សេរី​គ្មាន​ជំនាញ​មេព្រៃ​ណា​ម្នាក់​ហ៊ាន​បង្ក្រាប​នោះ​ឡើយ៕