សណ្ដែកបាយ ​កំពុង​មាន​ហាងឆេង​ល្អ​ហក់​ឡើង​ថ្លៃ​ដល់​៣.៥០០​រៀល ​ក្នុង​១​គីឡូក្រាម​

សណ្ដែកបាយ ​កំពុង​មាន​ហាងឆេង​ល្អ​ហក់​ឡើង​ថ្លៃ​ដល់​៣.៥០០​រៀល ​ក្នុង​១​គីឡូក្រាម​



ព្រះវិហារ ៖ ដើមខែ​កក្កដា ឆ្នាំ​២០១៦​នេះ កសិករ​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​ចាប់ផ្ដើម​ប្រមូល​ផល​សណ្ដែកបាយ​ដើម្បី​ទុក​លក់​ឲ្យ​ឈ្មួញកណ្ដាល ​ដែល​តម្លៃ​សណ្ដែកបាយ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​ឆ្នាំនេះ​មាន​ហាងឆេង​ល្អ​ជាង​ឆ្នាំ​២០១៥​បន្ថែម​ទៀត​។​ សណ្ដែកបាយ​ជា​មុខទំនិញ​កសិផល​មួយ​ប្រភេទ​រក្សា​តម្លៃ​បាន​ល្អ​ ទាំង​លើ​ទីផ្សារ​ក្នុងស្រុក​ និង​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​កម្ពុជា​ដូចជា​ប្រទេស​វៀតណាម​ និង​ថៃ​ជាដើម​ ដើម្បី​ចូល​រោងចក្រ​ផលិត​ចំណីអាហារ​ផ្សេងៗ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ​តម្លៃ​ហាងឆេង​សណ្ដែកបាយ​កាលពី​ឆ្នាំ​២០១៥​ ថ្លៃ​៣.០០០​រៀល​ ក្នុង​១​គីឡូក្រាម​ ដែល​កាលណោះ​កសិករ​ក៏បាន​ប្រមូល​ផល​បាន​ច្រើន​តោន​ផង​ដែរ ​ហើយ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាកសិករ​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​បាន​ធូរស្រាល​មួយ​កម្រិត​ថែមទៀត​។ ​មកដល់​ឆ្នាំ​២០១៦​នេះ​ តម្លៃ​សណ្ដែកបាយ​ក្នុងស្រុក​បាន​ហក់​ឡើង​ថ្លៃ ដល់​៣.៥០០​រៀល ​ក្នុង​១​គីឡូក្រាម ​គឺ​អាច​ជួយ​លើកស្ទួយ​ជីវភាព​កសិករ​ឲ្យ​កាន់តែ​ធូរធារ​ថែមទៀត។

លោក​ ពឹង ​ទ្រី​ដា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​បានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​០៦​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ថា ​ឆ្នាំនេះ​កសិករ​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​ដាំដុះ​សណ្ដែកបាយ​បាន​ចំនួន​៨​ពាន់​ហិកតា ​ដែល​បាន​ដាំ​តាំងពី​ខែ​មេសា​ ចុង​រដូវ​ប្រាំង​២០១៦។ មកដល់​ខែ​កក្កដា​នេះ ​កសិករ​ចាប់ផ្ដើម​ប្រមូល​ផល​បណ្តើរៗ​ដែល​ទទួល​បាន​ទិន្នផល​ចាប់ពី​១,២០​តោន ​ដល់​១,៥០​តោន​ ក្នុង​១​ហិកតា។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា តម្លៃ​សណ្ដែកបាយ​ឆ្នាំនេះ​ មាន​ហាង​ល្អ​ គឺ​ថ្លៃ​៣.៤០០​រៀល​ ដល់​៣.៥០០​រៀល ​ក្នុង​១​គីឡូក្រាម​។ ​ដំណាំ​សណ្ដែកបាយ​សម្បូរ​ដាំ​ដុះ​ជាងគេ​នៅ​តាម​ស្រុក​ចំនួន​៣​រួមមាន​ ស្រុក​ត្បែងមានជ័យ ​ស្រុក​សង្គម​ថ្មី​ និង​ស្រុក​គូលែន​។

​លោក​ថ្លែង​បញ្ជាក់​ថា បន្ទាប់ពី​ប្រជាកសិករ​ប្រមូល​ផល​សណ្ដែកបាយ​ចប់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ គឺ​ដល់​រដូវ​ដាំ​ដុះ​ដំណាំ​សណ្ដែកសៀង​បន្ត​ទៀត៕
​ ​