ពេល​លួច​បាន​វា​គ្រាន់ ដល់​គេ​តាម​ទាន់ របូត​តំណែង

ខេត្តកោះកុង ៖ បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ ដោយ​យោង​ទៅ​តាម​ពាក្យបណ្តឹង​របស់​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ ចោទ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​ថា បាន​លួច​យក​ដី​រដ្ឋ​លក់​ស្ងាត់​ៗ​ប្រមូល​លុយ​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ​ឱប​ទុក​ម្នាក់ឯង ហើយ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ចាត់តាំង​ក្រុម​អគ្គ​ធិ​ការ និង​ក្រុម​ការិយាល័យ​ទ្រព្យ​រដ្ឋ​នៃ​ក្រសួងកសិកម្ម​ចុះ​ស្រាវជ្រាវ​កាលពីដើម​ខែមិថុនា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​រក​ឃើញ​ការ​ពិត​ជាក់ស្តែង គឺ​លោក​ មាស សុភាព ប្រធាន​មន្ទីរ​ បាន​លួច​កាត់​ដី​ដែល​ស្ថិត​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​មន្ទីរ​ទំហំ​ប្រមាណ​ទទឹង​ជាង​៤០​ម៉ែត្រ និង​បណ្តោយ​៦០​ម៉ែត្រ នៃ​ផ្ទៃដី​រួម​ប្រមាណ​ទទឹង​២០០​ម៉ែត្រ និង​ជម្រៅ​៦០ម៉ែត្រ​ ​ស្មើនឹង​ជាង​៣ពាន់​ម៉ែត្រការ៉េ លក់​ទៅ​ឱ្យ​លោក ជា លាង​ហេង និង​ប្រពន្ធ​ឈ្មោះ​ ថា​ត ម៉ា​រី ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​កោះកុង និង​ជា​ថៅកែ​បន​ល្បែង​ប្រជល់​មាន់ និង​យូគី​ដ៏​ល្បីឈ្មោះ​ប្រចាំ​អាណាចក្រ​កោះកុង ។

ប្រភព​ផ្ទៃក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង​ បាន​ទម្លាយ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ក្រុម​មន្ត្រី​អគ្គា​ធិ​ការ និង​ក្រុម​មន្ត្រី​ការិយាល័យ​ទ្រព្យ​រដ្ឋ ​នៃ​ក្រសួងកសិកម្ម​ បាន​រក​ឃើញ​បទល្មើស​ជាក់​ស្តែង​ភ្លាម លោក​ប្រធាន​មន្ទីរ​រូប​នេះ​បាន​លុតជង្គង់​សំពះ​អង្វរ​សុំ​រួចខ្លួន​ពី​ទោសទណ្ឌ ហើយ​ព្រមយក​ដី​មក​ប្រគល់​ជូន​មន្ទីរ​វិញ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រសួងកសិកម្ម​មិន​បាន​ប្រើ​អំណាច​ឆន្ទា​នុ​សិ​ត្យ​ក្នុង​ការ​សម្រេច​ទៅ​លើ​បុគ្គល​ជា​មន្ត្រី​ដែល​មានទោស​កំ​ហុ​នោះ​ឡើយ គឺ​ក្រុម​អធិការកិច្ច​ក្រសួង​បាន​សួរ​យោបល់​មក​មន្ត្រី​ដែល​ជាដើម​បណ្តឹង​ថា មាន​សំណូមពរ​យ៉ាងណា​ចំពោះ​កំហុស​លោក​ប្រធាន​របស់​ខ្លួន ។ ប៉ុន្តែ​មន្ត្រី​ទាំងអស់​បាន​ឯកភាព​គ្នា​ថា សុំ​ឱ្យ​ក្រសួង​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ចុះ ប៉ុន្តែ​មិនបាច់​ដាក់ទោស​ទណ្ឌ​អី​ទេ ព្រោះ​អាណិតកូន​តូច​ៗ២​នាក់​របស់​លោក​ប្រធាន​គ្មាន​អ្នក​ចិញ្ចឹម​បីបាច់ ។ ដោយ​មានការ​សន្តោស​ប្រណី​ពី​កូនចៅ​ក្រោម​ឱវាទ ទើប​នៅ​ថ្ងៃ​ទី​៣០ មិថុនា ២០១៦ ក្រសួង​កសិកម្ម​​បាន​ចេញ​ប្រកាស​របស់​ខ្លួន​លេខ​៣៩៩ ប្រក​.​ក​សក សម្រេច​ឱ្យ​លោក អ៊ី ម៉េ​ង​លាង ធ្វើ​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ជំនួស​លោក មាស សុភាព ដែល​ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី​នៅ​ក្រសួង​វិញ ៕