ជនសង្ស័យ​២​នាក់​អស់លក្ខណ៍​នៅ​ផ្លូវ​កម្ពុជា​ក្រោម

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន​បន្ទាប់​ពី​បាន​ឆក់​ខ្សែ​ក​ប្លា​ទី​ន​ស​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច តែ​ជិះ​គេចខ្លួន​ទៅ​ចំ​គោលដៅ​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរ​ចរណ៍​នៅ​តាម​បណ្តាល​ផ្លូវ​កម្ពុជា​ក្រោម ។ ហេតុការណ៍​ឆក់​ខ្សែ​ក​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដា​យ​ផ្លូវ​លេខ​១៥០ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួ​ក​គោក ។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ១-​ឈ្មោះ យុ​ទ្ធា ថៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​ផ្សារ​ទឹកថ្លា ក្នុងភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង ២-​ឈ្មោះ ឡុ​ង សុវណ្ណ​រិ​ទ្ឋឹ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​ក្បែរ​គ្នា ។ ចំណែក​ម្ចាស់​ខ្សែ​ក​ឈ្មោះ មាស សារី ភេទ​ស្រី អាយុ​៥១​ឆ្នាំ ស្នាក់​នៅ​ក្រោយ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្ចាស់​ខ្សែ​កបាន​ជិះ​ម៉ូតូ​ជាមួយ​ប្ដី​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៥០​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក Let's ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង 1E-0308 បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​កបាន​សម្រេច​រួច​ជិះ​គេចខ្លួន តែ​ត្រូវ​ស្ត្រី​ស្ត្រី​រង​គ្រោះ​និង​ប្តី​បាន​ស្រែក​ចោរ​ៗ និង​ជិះ​ដេញ​តាម ។ នៅ​ពេល​ដែល​ជនសង្ស័យ​ជិះ​គេចខ្លួន​មក​ដល់​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​២៥៩​ក៏​បាន​ប្រទះ​នឹង​កម្លាំង​សមត្ថកិច្ច​កំពុង​ដាក់​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរណ៍​ក៏​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​តែ​ម្តង ។ ខ្សែ​ក​នោះ​ពុំ​ត្រូវ​បាន​ម្ចាស់​ដឹង​ពី​ទម្ងន់​ឡើយ គ្រាន់តែ​ប្រាប់​ថា គាត់​ទិញ​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្នុង​តម្លៃ​៥០០​ដុល្លារ ។

នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ខ្សែ​ក​ប្រគល់​ឲ្យ​ម្ចាស់​វិញ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​១​កញ្ចប់​ផង​ដែរ ។ ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌទួលគោក​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕