ប្ដី​ពូកែ​ផឹក​ និង​វាយ​ធ្វើបាប​ពេក ​​ប្រពន្ធ​ទ្រាំ​មិន​បាន ​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន

ប្ដី​ពូកែ​ផឹក​ និង​វាយ​ធ្វើបាប​ពេក ​​ប្រពន្ធ​ទ្រាំ​មិន​បាន ​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន



កណ្ដាល ៖​ បុរស​ម្នាក់​ ត្រូវ​ប្រពន្ធ​របស់​ខ្លួន​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​យក​ទៅ​ដាក់គុក​ ដោយសារ​តែ​ពូកែ​រករឿង​ឈ្លោះប្រកែក​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ញឹកញាប់​ពេក ​រហូត​ដល់​ប្រពន្ធ​ស៊ូ​ទ្រាំ​លែង​បាន។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០៥​ ខែ​កក្កដា ឆ្នាំ ២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។

នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ​លឹ​ង លី ភេទ​ស្រី អាយុ​៤៩ ឆ្នាំ​(​ប្រពន្ធ​) ជនជាតិ​ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ ឃុំ​កើតហេតុ មាន​របួស ស្នាម មុត​នៅ​បាតដៃ​ឆ្វេង ០១ កន្លែង និង ហើម​ជាំ​ភ្លៅ​ឆ្វេង។ ចំណែក​ជនល្មើស ឈ្មោះ គង់ គា ហៅ ឡាក់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ​(​ប្តី​) ជនជាតិខ្មែរ មុខ កសិករ​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​(​ឃាត់ខ្លួន​)។ វត្ថុ​តាង​ចាប់​យក​មាន ​១.​ដំបង​ឫស្សី​មួយ​កំណាត់​ប្រវែង​១,២៥ ម៉ែត្រ​ ២.​ដំបង​ឈើ​មួយ​កំណាត់​ប្រវែង​០,៥៥ ម៉ែត្រ។

នគរបាល​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ កន្លងមក​ជនល្មើស​ឧស្សាហ៍​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដោយ​វាយដំ​លើ​ជនរងគ្រោះ​ជា​ញឹកញាប់ ហើយ​សមត្ថកិច្ច​បាន​ធ្វើ​ការអប់រំ​ណែនាំ ឲ្យ​ជនល្មើស​ធ្វើ​កិច្ចសន្យា​ ម្តង​រួច​មក​ហើយ​ តែ​នៅតែ​មិន​កែខ្លួន។ ជាក់ស្ដែង នៅ​ថ្ងៃ​ទី​០៥ ​ខែ​កក្កដា ​ឆ្នាំ​.​២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី ​ជនល្មើស ឈ្មោះ គង់ គា ផឹកស្រា​ស្រវឹង​ ហើយ​បាន​មក​សុំ​លុយ​ពី​ប្រពន្ធ​ឈ្មោះ លឹ​ង លី យកទៅ​ផឹកស្រា​បន្តទៀត តែ​ប្រពន្ធ​មិន​ឲ្យ។ ភ្លាមនោះ​ឈ្មោះ គង់ គា​ស្ទុះ​ទៅយក​ដំបង​ឈើ​មួយ​កំណាត់ វាយ​លើ​ឈ្មោះ លឹ​ង លី ឃើញ​ដូច្នេះ​ឈ្មោះ​លឹ​ង លី បាន​ចាប់​ដំបង​នេះ បណ្ដាល​ឲ្យ​មុត​រយះ​បាតដៃ​ឆ្វេង មួយកន្លែង របួស​ចេញឈាម។ បន្ទាប់មក​ឈ្មោះ គង់គា​ បាន​ទៅ​យក​ដំបង​ឫស្សី​មួយ​កំណាត់​ទៀត វាយ​លើ​ឈ្មោះ លឹ​ង លី ត្រូវ​ចំ​ភ្លៅ​ឆ្វេង​បណ្តាល​ឲ្យ​របួស​ហើម​ជាំ។ ក្រោយមក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សន្លុង ហើយ​​សមត្ថកិច្ច​ក៏​ ឃាត់ខ្លួន ឈ្មោះ​គង់ គា​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​អនុវត្ត តាម​នីតិវិធី៕