ចោរ​គាស់​ផ្ទះ ​ប្រមូល​គ្រឿងអលង្ការ​ ដែល​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ

ចោរ​គាស់​ផ្ទះ ​ប្រមូល​គ្រឿងអលង្ការ​ ដែល​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ



បាត់ដំបង ​៖ ​គ្រឿងអលង្ការ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ​ដែល​មាន​តម្លៃ​រាប់ពាន់​ដុល្លារ ត្រូវ​បាន​ក្រុម​ជន​មិន​ស្គាល់​មុខ​ ធ្វើ​សកម្មភាព​គាស់​ទ្វារ គាស់​បង្អួច ទាំង​ព្រឹក ចូល​ទៅ​ប្រមូល​គ្មាន​សល់​ ខណៈ​ដែល​ម្ចាស់​ផ្ទះ​នាំគ្នា​បិទទ្វារ​ចាក់សោ ​ហើយ​ចេញ​ទៅ​រកស៊ី​ និង​ទៅ​ធ្វើ​ការ​នៅ​ខាងក្រៅ​ស្ងាត់​អស់។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ករណី​អំពើ​លួច​នេះ​បាន​កើត​ឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៦​និង​៣០​នាទី ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែ​កក្កដា​ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ក្រុម​ទី​១៥​ ភូមិ​អន្លង់​វិល ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ដែល​ម្ចាស់ផ្ទះ​នោះ​មាន​ឈ្មោះ ស៊ុយ សុ​វណ្ណា​ ភេទ​ប្រុស ​អាយុ​៦៥​ឆ្នាំ​ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ។

តាម​សម្ដី​របស់​ម្ចាស់ផ្ទះ​បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​គឺ​ខ្លួន​និង​ក្មេងៗ បានចេញ​ទៅ​លក់ដូរ​នៅឯ​ផ្សារ​សង្កែ ចំណែក​កូនស្រី​ទាំងពីរ​នាក់​ក៏បាន​ចេញទៅ​ធ្វើការ​អស់ហើយ​ដែរ​ ដោយ​ទ្វារផ្ទះ​ជា​ទម្លាប់​គឺ​ត្រូវ​ចាក់សោ​ចោល។ លុះ​នៅ​ពេល​ត្រឡប់​មកពី​លក់ដូរ​វិញ​ទើប​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​ឃើញ​ទ្វារផ្ទះ ​ និង​ចម្រឹង​ដែក​បង្អួច​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គាស់​ឡើង​របើក​ខ្ទេចខ្ទី​អស់​ ព្រមទាំង​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ ប្រមូល​យក​គ្រឿងអលង្ការ​អស់​គ្មាន​សល់​ទាំង​របស់​ខ្លួន ក៏ដូចជា​របស់​កូនស្រី​ទាំងពីរ​នាក់​ផង​ដែរ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ម្ចាស់ផ្ទះ​បាន​រៀបរាប់​នូវ​ប្រភេទ​គ្រឿងអលង្ការ​ ដែល​បាន​បាត់បង់​ និង​ដែល​ជា​របស់​ផ្ទាល់ខ្លួន​រួមមាន​ ចិញ្ចៀន​ប្លាទីន​ដាំ​ពេជ្រ​ចំនួន​២​វង់ ស្មើនឹង​១៥០០​ដុល្លារ ចិញ្ចៀន​ប្លាទីន​១​វង់ ស្មើ​១៥០​ដុល្លារ ខ្សែ ​.ក​ ប្លាទីន​ដាំ​ត្បូង​១​ខ្សែ ស្មើ​៣០០​ដុល្លារ ក្រវិល​ប្លាទីន​១​គូ ស្មើ​៥០​ដុល្លារ។ ដោយឡែក​របស់​កូនស្រី​ប្អូន​ឈ្មោះ ស៊ុយ ណា​រ៉ូ​ន អាយុ​៣១​ឆ្នាំ​ គឺ​បាន​បាត់បង់ ចិញ្ចៀន​ប្លាទីន​ដាំ​ពេជ្រ​ចំនួន​២​វង់ ស្មើ​២០០០​ដុល្លារ ខ្សែ ក​ប្លាទីន​១​ខ្សែ​មិន​ចាំ​តម្លៃ ខ្សែ ក មាស​១​ខ្សែ ស្មើ​៤៥០​ដុល្លារ ចិញ្ចៀនមាស​១​វង់ ស្មើ​២២៥​ដុល្លារ​ ចិញ្ចៀន​ប្លាទីន​៤​វង់ ស្មើ​​នឹង​៨០​ដុល្លារ ខ្សែ​ដៃ​ប្លាទីន​១​ខ្សែ ស្មើ​២៥០​ដុល្លារ កង​ដៃ​ប្លាទីន​១​កង​មិន​ចាំ​តម្លៃ។ ចំណែក​របស់​កូនស្រី​បង​ឈ្មោះ ស៊ុយ ផានិត អាយុ​៣៨​ឆ្នាំ ដែល​កូនស្រី​ទាំងពីរ​នាក់​រស់នៅ​ជុំគ្នា​ជាមួយ​នឹង​ឪពុក គឺ​បាន​បាត់បង់​ដូចជា ខ្សែដៃ​ប្លាទីណ​ដាំ​ពេជ្រ​១​ខ្សែ ស្មើ​២០០០​ដុល្លារ និង​ក្រវិល​ប្លាទីន​១​គូ ស្មើ​៣០​ដុល្លារ បើ​សរុប​នៃ​ការបាត់បង់​គ្រឿងអលង្ការ​នៅក្នុង​អំពើ​លួច​នេះ​អស់​ប្រមាណ​ជិត​៨​ពាន់​ដុល្លារ ដោយ​ក្រុម​ចោរ​ប្រមូល​ ហើយ​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព។

លោក​អធិការរង មួរ ឡាន បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដោយ​បាន​សហការ​ជាមួយ​នឹង​កម្លាំង​ប៉ុស្តិ៍ បាន​និង​កំពុង​ធ្វើការ ​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​តាម​រក​មុខសញ្ញា​ ដែល​បាន​ប្រើប្រាស់​ចបកាប់​ធ្វើជា​ឧបករណ៍​សម្រាប់​គាស់​ទ្វារ បង្អួច​ចូល​ទៅ​ប្រមូល​យក​ទ្រព្យសម្បត្តិ​ទាំង​អស់​នេះ៕

ចោរ​គាស់​ផ្ទះ ​ប្រមូល​គ្រឿងអលង្ការ​ ដែល​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ