ទទួលទាន​មី​​ស្រុះ​ច្រើន​ពេក អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ពី​ការ​ព្រមាន​ផ្សេងៗ​រួច​មក​ហើយ ចំពោះ​ការ​ទទួលទាន​មី​កញ្ចប់ ឬ​មី​កំប៉ុង​ច្រើន ខណៈ​អ្នក​ខ្លះ​ចូលចិត្ត​ទទួល​ទាន​វា ដោយសារតែ​វា​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ខ្លះ​ទៀត​ចូលចិត្ត​វា ដោយសារតែ​វា​ងាយស្រួល​ក្នុង​ការ​ចម្អិន ជាដើម ប៉ុន្តែ​អ្នក​ប្រាកដ​ជា​មិន​ចូលចិត្ត នូវ​អ្វី​ដែល​វា​បង្ក​ចំពោះ​សុខភាព​អ្នក​ឡើយ។

 

ទទួលទាន​មី​​ស្រុះ​ច្រើន​ពេក អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន

 

ការ​សិក្សា​ផ្លូវការ​ថ្មី​មួយ​បាន​ចេញ​ផ្សាយ​ថា ការ​ទទួល​ទាន​មី​កញ្ចប់​ច្រើន​ពេក មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន រហូត​អាច​នាំ​ឲ្យ​អ្នក​ស្លាប់​មុន​អាយុ​ទៀត​ផង។ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ Baylor University និង Harvard University ​បាន​ធ្វើ​ការ​ព្រមាន​យ៉ាង​ខ្លាំង ទៅ​ដល់​អ្នក​និយម​ទទួល​ទាន​មី​កញ្ចប់ រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។

 

ការ​សិក្សា​ថ្មី​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី «Journal of Nutrition» ដែល​ជា​លទ្ធផល​នៃ​ការ​សិក្សា ដោយ​វិភាគ​លើ​របប​អាហារ និង​សុខភាព របស់​ប្រជាជន​កូរ៉េ​ខាងត្បូង​ចំនួន ១១,០០០នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៩ ដល់ ៦៤ឆ្នាំ។ មូលហេតុ​ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង គឺ​ជា​ប្រធានបទ​នៃ​ការ​សិក្សា​នេះ​គឺ​សាមញ្ញ​បំផុត ដោយសារតែ​នៅ​ក្នុង​ឆ្នាំ២០១៥ ពួក​គេ​បាន​ទទួលទាន​មី​កញ្ចប់​ជា​មធ្យម ៧៦កញ្ចប់​ក្នុង​មួយ​ឆ្នាំ ឬ​ស្មើនឹង មួយ​កញ្ចប់​ក្នុងរយៈពេល៥​ថ្ងៃ ដែល​វា​គឺ​ជា​ចំនួន​ច្រើន​បំផុត​នៅ​លើ​ពិភពលោក។

 

ជាអកុសល ផល​ប៉ះពាល់​នៃ​ការ​ទទួលទាន​មី​កញ្ចប់​នេះ បាន​បង្ហាញ​យ៉ាង​ជាក់ស្ដែង​ឲ្យ​ឃើញ​តែ​ម្ដង។ ស្ត្រី​ជា​ច្រើន​នាក់​នៅ​ក្នុង​ការ​សិក្សា​នេះ គឺ​ជួប​ហានិភ័យ​នៃ​ជំងឺ​មេតាបូលីស (Metabolic Syndrome) ដែល​ជា​បណ្ដុំ​នៃ​អាការៈ​ដូចជា សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ លើស​ជាតិ​ខ្លាញ់​ត្រង់​ចង្កេះ និង​កម្រិត​កូឡេស្តេរ៉ុល​ខុស​ធម្មតា។ ជា​ការ​ពិត​ណាស់ អាការៈ​ទាំង​អស់​នេះ គឺ​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ជា​ច្រើន ដូចជា ទឹកនោមផ្អែម គាំងបេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជាដើម។

 

ចំណែក​ឯ​បុរសៗ​នៅ​ក្នុង​ការ​សិក្សា​នេះ​វិញ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​រក​មិន​ឃើញ ការ​កើត​មាន​ជំងឺ​មេតាបូលីស​ខ្លាំង​ជាង​នេះ​ឡើយ ហើយ​ពួកគេ​បាន​សន្មត​ថា វា​បណ្ដាល​មក​ពី​ភាព​ខុស​គ្នា​នៃ​ជីវសាស្ត្រ​រវាង​បុរស និង​ស្ត្រី។

 

ងាក​ទៅ​មើល​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុងឆ្នាំ២០១២ សារធាតុ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក មាន​ឈ្មោះ​ថា «Benzopyrene» ត្រូវ​បាន​គេ​រក​ឃើញ​ នៅ​ក្នុង​ផលិតផល​មី​កញ្ចប់ ចំនួន៦ម៉ាក​ខុសៗ​គ្នា ដែល​ផលិត​ដោយ​ក្រុមហ៊ុន​មី​កញ្ចប់ និង​ចំណី​អាហារ​ធំ​បំផុត ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង មាន​ឈ្មោះ​ថា «Nongshim»។ ដោយសារ​តែ​មូលហេតុ​នេះ​ហើយ ទើប​ផលិតផល​របស់​ក្រុមហ៊ុន​មួយ​នេះ ត្រូវ​បាន​ប្រមូល​យក​មក​វិញ នៅ​ទូទាំង​ពិភពលោក​តែម្ដង៕

 

ទទួលទាន​មី​​ស្រុះ​ច្រើន​ពេក អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន

 

ចុចអាន៖អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ស៊ុត​ពណ៌ស​ ដែល​អ្នក​មិន​ធ្លាប់​​ដឹង​ពីមុន​មក

ចុចអាន៖អាហារ​​​ក្លែង​ក្លាយ​​​៧​ប្រភេទ ដែល​អ្នក​​គួរ​ឈប់​ញ៉ាំ​​​​​ចាប់​ពី​ពេល​​​នេះ​

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dramafever , nextshark