សរ រាជសីហ៍ និង​ពេជ្រ សីហា មាន​ជំនឿ​ចិត្ត​ខ្ពស់​ពេល​ជួប​កីឡាករ​ថៃ​ក្នុង​សមរភូមិ​អ្នក​ប្រយុទ្ធ​ជើងឯក

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN ថ្ងៃអាទិត្យ ទី​១០ កក្កដា ស​ប្តា​ហ៍​នេះ កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ និង​ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ សុទ្ធតែ​មាន​ជំនឿ​ចិត្ត​រៀង​ៗ​ខ្លួន​ក្នុង​ការ​ស្វែងរក​៣​ពិន្ទុ​ពី​គូប្រកួត​របស់​ខ្លួន​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ​លើ​សមរភូមិ​អ្នក​ប្រយុទ្ធ​ជើងឯក​គោ​ជល់ ។

គេ​នៅ​ចាំ​បាន​ថា កាលពី​ស​ប្តា​ហ៍​មុន កីឡាករ ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន និង​ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា រកបាន​៣​ពិន្ទុ​រៀង​ៗ​ខ្លួន ចំណែក​ស​ប្តា​ហ៍​នេះ សរ រាជសីហ៍ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Thilek Eminen Air និង​ពេជ្រ សីហា ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Inseedang Bangfarm Gym សុទ្ធតែ​មាន​សង្ឃឹមថា នឹង​រកបាន​៣​ពិន្ទុ​ពី​កីឡាករ​ថៃ​ដូច​គ្នា ។

ចាំ​មើល ថា​តើ​សរ រាជសីហ៍ និង​ពេជ្រ សីហា ពិតជា​មានសំណាង​រកបាន​៣​ពិន្ទុ​ដូច​អ្នក​មុន​ដែរ​ឬ​អត់ ។ សូម​បញ្ជាក់​ថា គូប្រកួត​របស់ សរ រាជសីហ៍ មិន​ធ្លាប់​ឡើង​សង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក​ឡើយ ទើប​គេ​មិនដឹង​ថា កីឡាករ​ថៃ​រូប​នេះ​ខ្លាំង​ប៉ុនណា ។ ចំណែក​គូប្រកួត​របស់​ពេជ្រ សីហា ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​និង​ត្រូវ​គេ​កត់​សម្គាល់​​ពី​ថ្វីដៃ​ប្រកួត​ថា​ល្អ​គួរសម ដូច្នេះ​ពេជ្រ សីហា មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។

ជាមួយ​គ្នា​នេះ​ដែរ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​ម៉ា​រ៉ា​តុង​ដណ្ដើម​ជើងឯក​ប្រចាំ​ស​ប្ដា​ហ៍​ចំនួន​២​គូ​ទៀត គឺ​កីឡាករ​លី​ន វី​រៈ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ផា សុ​ផាត​និល មក​ពី​មជ្ឈមណ្ឌល​កីឡា ខ ភ ម និង​កីឡាករ​ជឹ​ម សា​រ៉ាត់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​សេង កំសត់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ៕