សេក ចាន់​រាជ និង ហ៊ឹ​ម សេរី ជួប​កីឡាករ​ថៃ​ថ្ងៃ​សៅរ៍​នេះ មួយ​ណា​សម្រេច​គោលដៅ ?

រាជធានី​ភ្នំពេញ ៖  នៅ​ថ្ងៃ​សៅរ៍​ទី​៩ កក្កដា ស​ប្ដា​ហ៍​នេះ កីឡាករ សេក ចាន់​រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប និង​កីឡាករ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ជា​ច្រើន​នាក់​កំពុង​រង់ចាំ​អ៊ុត​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ អាច​សម្រេច​គោលដៅ​យកឈ្នះ​កីឡាករ​បរទេស ឬ​យ៉ាងណា ខណៈ​ដែល​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ ហាក់ដូចជា​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ ។

ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នោះ​កីឡាករ សេក ចាន់​រាជ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ វី​ហ្គោ ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ និង​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ជា​ច្រើន​នាក់​ចាញ់​យ៉ាង​អាម៉ាស់​ក្រោម​កណ្ដាប់ដៃ​របស់​គេ​ថែម​ទៀត​ផង ។ បើ​មើល​លើ​ប្រវត្តិ​ធ្លាប់​ប្រកួត​បាន​៥០​ដង ឈ្នះ​៤២​ដង ចាញ់​៨​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៦​ដង អ្នកគាំទ្រ​កីឡាករ​កម្ពុជា​ពិតជា​មាន​មន្ទិល​ទៅ​លើ​សមត្ថភាព​កីឡាករ សេក ចាន់​រាជ មិនដឹង​ថា អាច​ទៅ​រួច​អត់​ជាមួយ​កីឡាករ​ថៃ​រូប​នេះ ។ សេក ចាន់​រាជ ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៣២​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​២៤​ដង ចាញ់​៦​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣​ដង​គឺ​តិច​ជាង​គូប្រកួត​ដែល​ជា​កីឡាករ​ថៃ  ។

ចំណែក ហ៊ឹ​ម សេរី ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ដែន​សុរិន្ទ ប៉​ភី​ត​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​នោះ មិន​ទាន់​ដឹង​ថា អាច​ស៊ី​ផុយ​ឬ​ពិបាក​ទំពា​នោះ​ទេ​។ ដោយសារ​កីឡាករ​ថៃ​រូប​នេះ មិន​ដែល​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ ទើប​គេ​មិនដឹង​ពី​សមត្ថភាព​របស់​គេ​ថា ខ្លាំង​ប៉ុនណា ។ រីឯ ហ៊ឹ​ម សេរី អ្នក​ណា​ក៏​ដឹង​ថា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ល្បិច​ប្រយុទ្ធ​មិន​អន់​ឡើយ ទាំង​ផ្លែ​កែង និង​ជង្គង់​អាច​ប្រើ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​គ្រប់​ស្ថានការណ៍​ថែម​ទាំង​មានចិត្ត​សឿង​ថែម​ទៀត​ផង ។ ចាំ​មើល ហ៊ឹ​ម សេរី អាច​ផ្ដួល​កីឡាករ​ថៃ​បាន​ឬ​អត់ ?

នៅ​លើ​សង្វៀន​ដដែល ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​ផង​ដែរ ដូច​ជា​កីឡាករ ថៃ រិ​ទ្ធ មក​ពី​ក្លិប​កុសល​កីឡា ប្រកួត​ជា​មួ​ួ​យ​កីឡាករ ហាក់ ប៉ាន់​ធី មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ កីឡាករ ឈិ​ន ធា​រ៉ា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ ព្រឿ​ង សុ​ជាតិ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការ​ពារ​ជាតិ និង​គូ​ចុង​ក្រោយ​កីឡាករ សេក វណ្ណៈ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ យ៉ុ​ន ដា​រ័​ត្ន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ៕