ហម ឈរ៉ា មោទនភាព​ព្រោះ​លទ្ធផល​សិក្សា​របស់​កូន​ស្រី

ហម ឈរ៉ា មាន​មោទនភាព​យ៉ាង​ខ្លាំង ដោយ​សារ​តែ​កូន​ស្រី​របស់​លោក​បាន​​ទទួលចំណាត់​ថ្នាក់​លេខ​១​សម្រាប់​ឆ្នាំ​សិក្សា ២០១៥-២០១៦​នេះ ពី​សាលា​វេស្ទើន​អន្តរជាតិ។

 

ឪពុក​រូប​នេះ​បាន​បន្ថែម​ថា កូន​ស្រី​របស់​ខ្លួន​ឈ្មោះ ហម រ៉ាណែអាលីសា មាន​អាយុ​៩​ឆ្នាំ​ទើប​បញ្ចប់​ថ្នាក់​ទី​៤​​C នៃ​សាលា​ខាង​លើ។

 

ហម ឈរ៉ា មោទនភាព​ព្រោះ​លទ្ធផល​សិក្សា​របស់​កូន​ស្រី

 

“ នេះ​មិន​មែន​ជា​ភាព​អំនួត តែ​វា​ជា​មោទនភាព​សម្រាប់​យើង​ដែល​ជា​ឪពុក​ម្ដាយ​ គ្រប់​រូប​ដែល​ចង់​បាន​និង​ចង់​ឃើញ​លទ្ធផល​បែបនេះ​ ស្ដែង​ចេញ​ពី​ការ​ខិត​ខំ​របស់​កូន​កន្លង​មក នេះ​ក្ដី​រំភើប ក្ដី​សប្បាយ​ព្រោះ​ចង់​ឃើញ​ណាស់”។ ហម ឈរ៉ា ថ្លែង​មក​កាន់ Sabayមុន​នេះ។

 

លោក ហម ឈរ៉ា អះអាង​ថា ការ​ពិត​ទៅ​កន្លង​មក​លោក​ធ្លាប់​ត្រូវ​បាន​ភាគី​ខាង​សាលា​អញ្ជើញ​ចូលរួម​ទទួល​ប័ណ្ណ​សរសើរ​ជាមួយ​កូន​ស្រី​ចំនួន​២​លើក​ហើយ​នៅ​ពេល​​នាង​រៀន​ថ្នាក់​ទី​១​បាន​ចំណាត់​ថ្នាក់​លេខ​២។ បន្ទាប់​មក​ខាង​សាលា​បាន​អនុញ្ញាត​ឱ្យ​រៀន​ផ្លោះ​ដល់​ថ្នាក់​ទី​៣​តែ​ម្ដង បើយ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៣។

 

ទោះ​បី​ជា​យ៉ាង​ណា ឪពុក​ខាង​លើ​បន្ថែម​ថា លោក​នឹង​ចូលរួម​ទទួល​ប័ណ្ណ​សរសើរ​ចំណាត់​ថ្នាក់​លេខ​១​របស់​កូន​ស្រី​នៅ​ថ្ងៃ​ទី​២៣​កក្កដា​ខាង​មុខ​នេះ ក្នុង​នាម​ជា​អាណាព្យាបាល។ លោក ហម ឈរ៉ា ចាត់​ទុក​ថា នេះ​បុណ្យ​កុសល​របស់​លោក និង​ភរិយា​ដែល​មាន​កូន​ប្រកប​ដោយ​គន្លង​ធម៌ ហើយ​លោក​នឹង​ព្យាយាម​ណែនាំ​អប់រំ​កូន​បន្ថែម​ទៀត ព្រោះ​ចង់​ឃើញ​គេ​មាន​អនាគត​ល្អ៕

 

អត្ថបទ៖ សំ ជំនាញ